មេ​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ និង ឆុង កំពង់​សម្រុក​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី​ណាំ​លៀ យ៉ាង​គគ្រឹក​គ្រង​

មណ្ឌលគិរី​៖ ការណ៍​ពី​ប្រជាពលរដ្ឋ​និង​មន្ដ្រី​មួយចំនួន​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​យប់​មក​នេះ​ឈ្មួញ​ច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ រាប់សិប​រថយន្ត​ឡង់​គ្រឺស័​រ​កែច្នៃ​និង​គោយន្ត​ច្នៃ​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ក្រុម​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ និង​ឈ្មោះ ឆុង បាន​ដឹក​ជញ្ជូន​ឈើ​៥​គោយន្ត​ច្នៃ​បម្រុង​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ដោយ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ លោក សំរិត ណ​យ មេ​នគរបាល​ច្រក​ប៉ុស្ដិ៍​៧​ឬ​ច្រក​ទ្វេភាគី​ណាំ​លៀ ដែល​មាន​ខ្នងបង្អែក​រឹងមាំ​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ត្រី​ជំនាញ​បើក​បា​រ៉ា​ស់​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​មីនា ក្រុម​ឈ្មួញ​ដែល​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧ ប្រមាណ​ជាង​២០​រថយន្ត​ឡង់​គ្រឺស័​រ​កែច្នៃ​។ ប្រភព​បានឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ និង​ឈ្មួញ​ឈ្មោះ ឆុង បាន​ដឹក​ជញ្ជូន​ឈើ​៥​គោយន្ត​ច្នៃ​បម្រុក​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧ ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​បន្ត​ដឹក​ជញ្ជូន​ឈើ​ពី​ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ បាន​ឡើយ​ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ និង​ឈ្មោះ ឆុង​បានឲ្យដឹងថា ឈ្មួញ​២​នាក់​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ក៏​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ព្រមទាំង​មន្ត្រី​នគរបាល​ជាន់ខ្ពស់​និង​មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់​ក្នុង​ខេត្ត​មណ្ឌលគិរី ផងដែរ​។​

​បច្ចុប្បន្ន​ឈ្មួញ​ទាំង​២​នាក់​នេះ​នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អភិរក្ស​ក្នុងស្រុក​ពេជ្រា​ដា ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ ទង្វើ​របស់​ឈ្មួញ​ឈ្មោះ សារឿ​ន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង កំពុង​ធ្វើឲ្យ​បទបញ្ជា​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​នៅ​តែ​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​ដដែល​។​

​ជាក់ស្ដែង​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០១៩​នោះ ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ទ្វេភាគី​ឡា​បា​ខេ រាប់ពាន់​រថយន្ត​ទាំង​ធុន​ធំ​និង​ធុន​តូច ព្រោះ​អភិបាលខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!