​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ដោយ​ចំណាយ​ថវិកា​២​ពាន់​លាន​ដុល្លារ​

(​ភ្នំពេញ​)៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​ក្នុង​យុគ្គសម័យ​ដឹកនាំ​របស់​សម្តេច​តេជោ​សែន ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ​នៅ​ថ្ងៃ​សុក្រ ២​រោច ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោក ខុង សៀន​យ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​។​

​មុន​ឈានដល់​ដំណាក់​ការ​នៃ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​ចំណាយពេល​សិក្សា​អស់​ជាច្រើន​ឆ្នាំ ពោល​ចាប់តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។ ដំបូង​ឡើយ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ខ្ចី​ថវិកា​របស់​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ផ្លូវ​នេះ តែ​ដោយសារ​គម្រោង​ត្រូវការ​ថវិកា​រហូតដល់ ២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ធំ​ជាង​ពិ​ដាន​នៃ​ការខ្ចី​ប្រចាំឆ្នាំ អនុញ្ញាត​ដោយ​ច្បាប់ និង​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៥-២០១៨ ក៏​សម្រេច​ឲ្យមាន​ការវិនិយោគតា​មរូប​ភាព​សាងសង់ ធ្វើ​អាជីវកម្ម និង​ផ្ទេរ​ជំនួស​វិញ​។​

​ខាងក្រោម​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃនេះ​គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។ សម្តេច​តេជោ បាន​ហៅ​ការចាប់ផ្តើម​សាងសង់​ផ្លូវ​នេះ គឺជា​វឌ្ឍនភាព​កើតចេញពី​សុខ​សន្តិភាព​របស់​កម្ពុ​ជា​។​

* សម្តេច​តេជោ បាន​ថ្លែងថា ផ្លូវ​ល្បឿន​លឿន​នេះ​បើ​គ្មាន​ការគាំទ្រ​ពី​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ចិន​ទេ មិន​អាច​លេចចេញ​ជា​វត្តមាន​នោះឡើយ ព្រោះ​ទុន​វិនិយោគ​រហូតដល់​ទៅ​២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ផ្ទាល់​បាន​ធ្វើការ​ជាមួយ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ចិន ដើម្បី​ដំណើរការ​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជា​ចាប់ផ្តើម​គម្រោង​ដ៏​ធំ​មួយ​រវាង​រដ្ឋ និង​វិស័យ​ឯកជន​របស់​ចិន​។​

* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ផ្លូវ​ល្បឿន​លឿន​នេះ គឺជា​ការតភ្ជាប់​ដ៏​សំខាន់​រវាង​ប៉ូល​សេដ្ឋកិច្ច​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

* សម្តេច​តេជោ បានបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៣​រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ ហើយ​សម្តេច​ក៏​កំពុង​ពិចារណា​បង្កើត ប៉ូល​សេដ្ឋកិច្ច​មួយ​ទៀត​នៅ​ភូមិភាគ​ឥសាន​ប្រទេស​។​

* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សម្តេច​មាន​មោទនភាព​ចំពោះ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ព្រោះ​បាន​កើតឡើង​ក្នុងដំណាក់កាល​ដឹកនាំ​របស់​សម្តេច​។​

* សម្តេច​តេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម នៅ​ខែ​ឧសភា ឆ្នាំ​២០២៣​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គឺជា​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ទាំងមូល​តែម្តង​។ ជា​ពិសេស​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ការ​ញុះញង់​ថា កម្ពុជា​កំពុង​លក់​ដី​ឲ្យ​ចិន​។ សម្តេច​តេជោ បានបញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​នេះ​គឺ​សាងសង់​ក្នុង​រូបភាព សាងសង់ ធ្វើ​អាជីវកម្ម និង​ផ្ទេរ ពោល​ក្រោយ​ផុត​ដំណាក់កាល​ធ្វើ​អាជីវកម្ម​ក្រុមហ៊ុន​នឹង​ប្រគល់​ផ្លូវ​មួយ​នេះ​ឲ្យមក​កម្ពុជា​វិញ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ចិន​មក​គ្រប់គ្រង​ខ្មែរ​នោះឡើយ ហើយ​ចិន​ក៏​មិន​មាន​ចេតនា​មក​គ្រប់គ្រង​កម្ពុជា​នោះដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងថា ការតភ្ជាប់​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​សម្តេច​។ ក្នុងនោះ​សម្តេច​ក៏​ធ្លាប់​ប្រាប់​សមាជិក​រាជរដ្ឋាភិបាល នៅក្នុង​ឆ្នាំ​១៩៩៨​ផងដែរ​ថា បើ​ត​ភ្ជាប់​ត្រឹម​នយោបាយ​មិន​អាច​ទទួល​ជោគជ័យ​នោះ​ឡើយ ពោល​គឺ​ត្រូវតែ​មាន​ការតភ្ជាប់​ផ្លូវ​ផងដែរ​។​

* សម្តេច​តេ​ជោបាន​រំលឹកថា រដ្ឋមន្ត្រី​ក្នុង​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​មិន​មាន​របប​សម្រាប់​ទិញ​រថយន្ត​ជិះ​នោះទេ ពោល​មុន​ធ្វើ​រដ្ឋមន្ត្រី​ជិះ​អ្វី ពេល​ឡើង​រដ្ឋមន្ត្រី​ជិះ​រថយន្ត​នោះ​ដដែល​។ រាជរដ្ឋាភិបាល​ត្រូវការ​យកលុយ​ទៅ​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ និង​សាលារៀន​ជាដើម​។​

* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា កម្ចី​ប្រមាណ ៧០​ភាគរយ​ពី​ចិន គឺ​យកមកប្រើ​ដើម្បី​ធ្វើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន​ផ្លូវ និង​ស្ពាន​ជាដើម​។​

* សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល បាន​ថ្លែងថា ការ​រក​លុយ​មក​ធ្វើ​ផ្លូវ ធ្វើ​ប្រឡាយទឹក និង​ធ្វើ​វា​រី​អគ្គិសនី​ជា​ដើម ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​នៅ​មាន​តម្រូវការ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​បន្ថែមទៀត ដូច​ជា​ការ​ត​ភ្ជាប់​ទៅ​វៀតណាម ពី​ភ្នំពេញ​ទៅ​បាវិត ខេត្ត​ស្វាយរៀង និង​ត្រូវ​ត​ភ្ជាប់​ទៅ​ប្រទេស​ថៃ​ផងដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​អាស៊ាន ដោយ​ត​ភ្ជាប់​រវាង​ភ្នំពេញ​ជាមួយ​ហូ​ជីវ​មី​ញ ប្រទេស​វៀតណាម និង​ពី​ភ្នំពេញ​ទៅ​ក្រុង​បាងកក ប្រទេស​ថៃ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នឹង​ពង្រឹងសមត្ថភាព​ផ្លូវដែក​បន្ថែមទៀត ដើម្បី​ប្រើប្រាស់​ឲ្យអស់​សមត្ថភាព​របស់ផ្លូវ​ក្នុង​ការដឹកជញ្ជូន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ត្រូវការ​ដៃគូ​ទាំងអស់ មិនមែន​ត្រូវការ​តែ​ចិន​នោះទេ​។​

* ឆ្លើយតប​ការលើកឡើង​ថា កម្ពុជា​លំអៀង​ទៅ​ចិន​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​ដែល​ទាត់​ចោល​ការវិនិយោគរ​បស់​បរទេស​ណាមួយ​នោះទេ ផ្ទុយ​ទៅ​ប្រទេស​ដែល​លើកឡើង​ថា​កម្ពុជា​លំអៀង​ទៅ​ចិន​នោះ មិន​ដែល​បាន​ដាក់​គម្រោង​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ស្វាគមន៍​គ្រប់ការ​វិនិយោគ​ទាំងអស់ ដោយ​មិន​មាន​បិទទ្វារ​ប្រទេស​ណាមួយ​នោះទេ​។ សម្តេច​តេជោ បន្តថា កម្ពុជា​ត្រូវការ​មិត្តភក្តិ​ដែល​ស្មើភាព ស្មើ​សិទ្ធិ​តែប៉ុណ្ណោះ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ដល់​ដៃគូ​ទាំងអស់​រាល់​ការធ្វើសកម្មភាព និង​ភាព​ជា​ដៃគូ​ទំនាក់ទំនង គឺ​ត្រូវ​គោរព​អធិបតេយ្យ និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាល់​គម្រោង​វិនិយោគ​លើ​វា​រី​អគ្គិសនី​ចិន មិន​ដែល​បោះបង់ចោល​គម្រោង​របស់​ពួកគេ​នោះ​ទេ​។​

* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា យោង​តាម​ការព្យាករណ៍​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​យប់​ថ្ងៃនេះ និង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត​។ បើ​មាន​ភ្លៀង​នោះ​វា​រី​អគ្គិសនី​អាច​ដំណើរការ ផលិត​ថាមពល​អគ្គិសនី​។​

* សម្តេច​តេជោ បាន​ចោទសួរ​ទៅ​បុគ្គល​ម្នាក់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ថា សម្តេច​ដឹកនាំ​ប្រទេស​ឲ្យ​ខ្វះ​អគ្គិសនី​នោះ បើ​សម្តេច​ចុះ​ហើយ​គេ​ឡើង​មក​តើ​ធ្វើឲ្យ​មាន​ភ្លើង​វិញឬ​យ៉ាងណា​?

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​ហើយ ហើយ​រំពឹង​ថា​មិត្តភក្តិ​ទាំងអស់​នឹង​យល់​ពី​បំណង​របស់​កម្ពុជា គឺ​ត្រូវការ​សុខសន្តិភាព ដើម្បី​បន្ត​ការអភិវឌ្ឍ​។​

* សម្តេច​តេជោ​បន្តថា ការបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មានតម្លៃ​ស្មើ​បោះឆ្នោត​គាំទ្រ​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ព្រមទាំង​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​រសៀល​នេះ​សម្តេច​នឹង​អញ្ជើញ​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​។​

* សម្តេច​តេជោ បាន​ថ្លែងថា ព្រឹក​នេះ​ជួប​មហា​អំ​ណា​ចិន ល្ងាច​ជួប​មហាអំណាច​អាមេរិក​។ សម្តេច​តេជោ បាន​លើកឡើង​ថា សម្តេច​ធ្វើ​ទំនាក់ទំនង​គ្រប់​ប្រទេស​ទាំងអស់​គ្រាន់តែ​ត្រូវការ​ការគោរព​គ្នា​។​

* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា នៅក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ​សម្តេច​នឹង​បំពេញ​បេសកកម្ម​ការងា​រ​នៅ​ប្រទេស​ចិន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នឹង​សាងសង់​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​រៀបចំ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្វីៗ​ដែល​សម្តេច​ធ្វើ​នាពេល​បច្ចុប្បន្ន គឺ​ទុក​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ព្រម​សហការ​ក្នុង​ការសាងសង់​សមិទ្ធផល​នានា គឺ​ត្រូវតែ​យក​ច្បាប់​មក​ប្រើ​។ សម្តេច​តេជោ បញ្ជាក់ថា នៅពេល​ជាតិ​ត្រូវកា​រហើយ ប្រជាពលរដ្ឋ​ត្រូវតែ​លះបង់​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ដើមឆ្នាំ​២០១៩​នេះ សម្តេច​បាន​បញ្ចេញ​ថវិកា​ជិត ១០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្តល់​សំណង​លើ​ផលប៉ះពាល់​នានា​នៅក្នុង​គម្រោង​សាងសង់​ផ្សេងៗ​។​

* សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ជាតិ និង​ប្រជាជន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កាលពី​មន្ត្រីរាជការ​ប្រាក់ខែ មាន​រហូត​ដល់​៦០​ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មន្ត្រីរាជការ​បើក​ប្រាក់ខែ ២​ក្នុង​មួយ​ខែ និង​ទទួល​បាន​ការ​តម្លើង​ទៀតផង​។​

* សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា បច្ចុប្បន្ន​ខេត្ត​នី​មួយៗ​របស់​កម្ពុជា មាន​វិទ្យាល័យ​យ៉ាងច្រើន ខុស​ពី​មុន​ក្នុង​មួយ​ខេត្ត​មានតែ​មួយ​ប៉ុណ្ណោះ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា នៅ​ពេល​ចូលឆ្នាំថ្មី​នេះ សូម​បងប្អូន​នាំគ្នា​ច្រៀង​បទ «​ទទារ​យំ​ឆ្លង​» ទាំង​ពីរ​បទ​ទាំងអស់គ្នា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សូម​ជូនពរ​ចំណង​មិត្តភាព​កម្ពុជា​-​ចិន យូរអង្វែង​និង​រឹងមាំ​។​

* សម្តេច​បាន​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា នៅវេលា​ម៉ោង​៩៖៤៣​នាទី​នា​ព្រឹក​ថ្ងៃ​ដដែល​,

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!