រដ្ឋបាល​ខណ្ឌមានជ័យ ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​៥១​គ្រួសារ រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២

(​ភ្នំពេញ​)៖ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ចុះ​សួរសុខទុក្ខ ប្រពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ ដែល​ស្ថិតនៅក្នុង​ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មា​ប​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​មាន​ការ​អមដំណើរ​ដោយ លោក ទូច សំអុល ចៅ​សង្តាត់​រងទី​២ សង្កាត់​ស្ទឹងមានជ័យ​២ និង​លោកស្រី ទាវ ធិតា អនុប្រធាន​សមាគមនារី​ខណ្ឌមានជ័យ និង​ជា​អនុប្រធាន​ទី​១​ចុះជួយ​សង្កាត់​ស្ទឹងមានជ័យ​២​។​

​ក្នុងឱកាស​នោះ លោក ពេជ្រ កែវ​មុនី បាន​នាំយក​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដើម្បី​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ប្រកបដោយ​ក្តី​អាណិតអាសូ​រ និង​សម្តែង​ការសោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ ដែល​បាន​បំផ្លាញ​ទីជម្រក​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​។​

​ជាមួយគ្នានេះ លោក ពេជ្រ កែវ​មុនី បាន​ពាំនាំ​នូវ​ការអំពាវនាវ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ចរន្តអគ្គិសនី ធុង​ហ្គាស់ ឬ​ភ្លើង​ចង្ក្រាន្ត ដែល​អាច​បង្ក​គ្រោះ​អគ្គិភ័យ​ដូច​ករណី​ខាងលើ ក៏ដូចជា​គ្រោះមហន្តរាយ​ធម្មជាតិ​នានា​ដែល​បង្កឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​។​

​ទន្ទឹមនឹងនេះ លោក ពេជ្រ កែវ​មុនី សូម​ផ្តាំផ្ញើ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ត្រូវ​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត ពង្រឹង​ស្មារតី និង​កម្លាំង​ដើម្បី​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ ហើយ​ត្រូវ​រក្សា​អនាម័យ​ក្នុង​ការរស់នៅ​ជៀសវាង​កើតមាន​ជំងឺ​ផ្សេងៗ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ពេជ្រ កែវ​មុនី និង​ក្រុមការងារ បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មាន​ជ័យជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​៥១​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​៣០​គីឡូក្រាម អំពូល​ភ្លើង​១ ចង្ក្រានហ្គាស​១ មី​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត (​មុង ភួយ សារុង ក្រមា​) ២​កញ្ចប់ តង់​១​ផ្ទាំង និង​ថវិកា​មួយចំនួន​។​

​ក្រោយពី​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​លោក​អភិបាលខណ្ឌ​មានជ័យ​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ អគ្គីភ័យ​បាន​ឆាបឆេះ និង​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤៨​ខ្នង​ផ្ទះ ដែល​មាន​ចំនួន​៥១​គ្រួសារ​ស្ថិតនៅ​ក្រុម​៩ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!