បណ្តាញ​ខ្សែកាប​ដែល​ត​ប្រទាក់​គ្នា​គ្មាន​សណ្តាប់ធ្នាប់ ស្ថិត​ក្នុង​ក្រុង​កំពត ត្រូវបាន​អាជ្ញាធរ​ខេត្ត​ជំរុញ​ឲ្យ​រៀបចំ​ឡើង​វិញ​

(​ខេត្ត​កំពត​)៖ ជាទូទៅ​បណ្តាញ​ខ្សែកាប​ដែល​គេ​ត​ព្រោងព្រាត​នៅតាម​ភូមិសាស្ត្រ​ក្រុង​កំពត ពិតជា​មាន​ភាព​រញ៉េរញ៉ៃ ថែមទាំង​គ្មាន​របៀបរៀបរយ បង្ក​ជា​ការរិះគន់​ឥត​សំចៃ​ពី​សំណាក់​មហាជន ក៏ដូចជា​អ្នកដំណើរ​ទេសចរណ៍​ផងដែរ​។​

​យ៉ាងណាមិញ បណ្តាញ​ខ្សែកាប​ដែល​កំពុង​បង្អួត​ក្រសែភ្នែក​មហាជន​ក្នុង​ក្រុង​កំពត​នេះ មិន​ត្រឹមតែ​ធ្វើឲ្យ​ខូច​សោភ័ណភាព​ក្នុងក្រុង​កំពត​នោះទេ ថែមទាំង​បាន​បង្ក​ការភ័យខ្លាច​ដល់​មហាជន​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​បណ្តាញ​ខ្សែកាប តម្រៀប​ស្អេកស្កះ​តាម​បង្គោល​បូកឡូក​ជាមួយនឹង​ខ្សែ​ចរន្តអគ្គិសនី​ក្នុង​ក្រុង​កំពត កន្លងមក លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត តែងតែ​លើកឡើង​ក្នុង​កិច្ចប្រជុំ​នានា ដោយ​លោក​អភិបាល​បាន​ជំរុញ​ដល់​ផ្នែក​ជំនាញ ពិសេស​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​អង្គភាព​អគ្គិសនី​ក្នុង​ខេត្ត​ត្រូវ​យកចិត្តទុកដាក់ ដូចជា​ការរៀបចំ​បណ្តា​ញ​ខ្សែកាប និង​ខ្សែភ្លើង​ឲ្យមាន​សណ្តាប់ធ្នាប់​របៀបរៀប​រយ ដោយ​ធ្វើ​ទៅ​តាម​បច្ចេកទេស ជៀសវាង​បង្ក​ភាព​រញ៉េរញ៉ៃ​បែបនេះ​។​

​លោក​អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មាន​តួនាទី​សំខាន់​ក្នុង​ការអនុវត្ត​ផ្ទាល់ និង​ទទួលខុសត្រូវ​ទាំងស្រុង​លើ​បញ្ហា​ខ្សែកាប​ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សោភ័ណភាព​របស់​ខេត្តយើង ប៉ុន្តែ​ប្រសិនបើ​មិន​គោរព​ទៅតាម​គោលការណ៍​ផ្អែក​តាម​សេចក្តីជូនដំណឹង​នោះទេ រដ្ឋបាល​ខេត្ត​នឹង​ចាប់ផ្តើម​រៀបចំ​អនុវត្ត គឺ​កាត់​ទម្លាក់ចោល​នូវ​បណ្តាញ​ខ្សែកាប​នៅតាម​ទីប្រជុំ​ក្នុង​ក្រុង​កំពត និង​នៅតាម​ដងផ្លូវ​នានា​ជា​បន្តបន្ទាប់ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៩​នេះ​តែម្តង​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6548 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!