ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ថ្មី ប្តេជ្ញា​បំពេញ​ភារកិច្ច​ឲ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ឲ្យបាន​នូវ​អភិក្រម​បួនប្រការ​

(​ត្បូងឃ្មុំ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច ប្រធាន​សាខាគយ និង​រដ្ឋាករ​ថ្មី​ខេត្ត​ត្បូងឃ្មុំ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​លោក ផា អេង​វ៉េង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​លោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាល​ក្រុង​ស្រុក​ជាច្រើនរូប​ទៀត​។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​ចាស់ បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​ស្តីពី សកម្មភាព​ការងារ​របស់​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ រយៈពេល​កន្លងមក ដែល​ជា​ដែន​សមត្ថកិច្ច​លោក​គ្រប់គ្រង​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។​

​លោក ទន់ ចាន់​ធី ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ទើប​ឡើង​កាន់តំណែង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា បំពេញ​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ឱ្យបាន​នូវ​អភិក្រម​បួន​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គោរព​ក្រមសីលធម៌ ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ចូលរួម​សហការ​ឱ្យបាន​ល្អ​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​។ ជាពិសេស គោរព​អនុវត្ត នូវ​ភារកិច្ច​សំខាន់ៗ​ទាំង​៣ របស់​គយ រួមមាន​៖ ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ​ជូន​រដ្ឋ​ឱ្យ​បាន​គ្រប់ និង​លើស​ផែនការ បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ឱ្យ​បាន​លទ្ធផល​ខ្ពស់ សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ល្អប្រសើរ​។​

​លោក ផា អេង​វ៉េង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា បាន​លើកឡើង​ថា ការផ្លាស់ប្តូរ គឺជា​ភារកិច្ច​ចាំបាច់ និង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​ស្របតា​ម​គោលនយោបាយ​ជាតិ​។ ជាមួយគ្នា​នោះ អ្នក​ចាស់​ផ្លាស់​ទៅ​ដោយ​ភាព​រីករាយ ដោយឡែក អ្នក​ដែល​មក​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ការងារ​ឱ្យបាន​ល្អ​ប្រសើរ មាន​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ប្រទេស​ជិតខាង ពិសេស​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ឱ្យបាន​ត្រឹមត្រូវ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ​។ នា​ឱកាស​នោះ លោក​អគ្គនាយករង បាន​ផ្តាំផ្ញើ​ដល់​លោក ទន់ ចាន់​ធី ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ទើប​ឡើង​កាន់តំណែង​ថ្មី ត្រូវ​បំពេញ​ភារកិច្ចរ​បស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ការងារ​ឲ្យបាន​តាម​ការណែនាំ និង​អនុវត្ត​តាម អភិក្រម​៤​ប្រកា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អោយបាន​ខ្ជាប់ខ្ជួន​។​

​ជាមួយគ្នា​នោះ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ស្នើ​ដល់ ថ្នាក់ដឹកនាំ និង​មន្ត្រី​សាខាគយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ ត្រូវ​គោរព​ក្រមសីលធម៌​ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ការចូលរួម​សហការ​ឱ្យបាន​ល្អ​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឲ្យបាន​ល្អ ពិសេស​តាម​បន្ទាត់​ព្រំដែន ប្រទេសជិតខាង ទាំង​ការផ្លាស់ប្តូរ​ទំនិញ​ចេញ​ចូល និង​កិច្ចសហប្រតិបត្តិកា​រនា​នា​ធ្វើយ៉ាងណា​អោយ​កម្រិតជីវភាព ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ នេះ​ជា​ចំនុច​សំខាន់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចង់បាន​បំផុត​នោះ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​សូមបញ្ជាក់​ថា លោក ទន់ ចាន់​ធី ត្រូវបាន​តែងតាំង​ពី​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង មក​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុ​ថ្មី ជំនួស​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​ចាស់ ត្រូវបាន​ផ្លាស់​ទៅជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​វិញ​៕

Filed in: ខេត្តត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!