​តាមពិត​អី​ញ្ចឹង​សោះ​៖ ចង់បាន​ផ្លូវចេញចូល​ធំ​ទូលាយ រុះរើរ​បង​គេ​ចេញ​ថែមទាំង​បង្កជម្លោះ​ផ្អើល​ស្រុក​ទៀត​

(​ខេត្ត​កែប​)៖ ករណី​ទំនាស់​ដី​ផ្លូវ​ភ្លឺស្រែ​មួយកន្លែង ត្រង់​ចំណុច​ព្រែក​តា​នេន ស្ថិតក្នុង​ភូមិ​អំពេ​ង ឃំ​ុ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺ​ជា​ជម្លោះ​មួយ​ផ្តើមឡើង​ដោយសារតែ​ភាគី​បង្ក​ទំនាស់​មាន​គោលបំណង​ទាមទារ​ឲ្យ​ម្ចាស់​ដី​បើកផ្លូវ​ឲ្យ​ពួកគាត់​សម្រាប់​បើកបរ​រថយន្ត​ចេញចូល​បាន​ស្រួល​សោះ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ លោកពូ លឹម សាយ ដែល​ជា​ម្ចាស់​ដី ស្ថិតក្នុង​ភូមិ ឃុំ ខាងលើ បាន​រៀបរាប់​ថា ដើមឡើយ​ផ្លូវ​ចូល​ផ្ទះ​របស់​គាត់​ជា​ផ្លូវ​ភ្លឺស្រែ ដែល​មាន​ទំហំ​ប្រមាណ​១​ម៉ែត្រ​ប៉ុណ្ណោះ​។​

​លុះ​ដល់​ឆ្នាំ​២០១៤ ទើប​ក្រុមគ្រួសារ​របស់​គាត់​បាន​ពង្រីក​ផ្លូវ​ភ្លឺស្រែ​ផ្ទាល់ខ្លួន ធ្វើ​ជា​ផ្លូវ​រាង​ធំ​បន្តិច​សម្រាប់​ងាយស្រួល​ដល់​រថយន្ត​ចេញ​ចូល​ជា​លក្ខណៈ​គ្រួសារ ដោយ​ការពង្រីក​ផ្លូវ​នេះ​គឺ​គាត់​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន នៅលើ​ដី​របស់​គាត់​ផ្ទាល់​តែម្តង មិន​ប៉ះពាល់​ដល់​ដី​របស់​បងប្អូន​ណា​ម្នាក់​ឡើយ ប៉ុន្តែ​កាលនោះ​គាត់​ពុំ​ទាន់​មានលទ្ធភាព​ធ្វើ​ជា​របង​ជុំវិញ​ដី​បែបនេះ​ទេ ។ រហូតដល់​ឆ្នាំ​២០១៨ គ្រួសារ​របស់​គាត់​ក៏​ចាប់ផ្តើម​ធ្វើ​របង​ព័ទ្ធជុំវិញ​ភូមិឋាន ស្រាប់តែ​មាន​អ្នកបង្ក​ទំនាស់​ចង់​បាន​ដី​ភូមិ​របស់​គាត់ ធ្វើ​ជា​ផ្លូវ​ឡាន​ចូល​ទៅ​ដី​របស់​គេ និង​ដើម្បី​ពួកគេ​លក់​ដី​បាន​ថ្លៃ​ទៅវិញ​..​។​

​លោកពូ​ម្ចាស់​ដី​បាន​បន្តថា ក្រោយពី​ធ្វើ​របង​ក្រុមគ្រួសារ​របស់​គាត់​បាន​ទុក​ផ្លូវ​ចំណុច​ភ្លឺស្រែ​ផ្ទាល់ខ្លួន​របស់​គាត់​ប្រមាណ​១​ម៉ែត្រ​សម្រាប់ឲ្យ​គេ​ធ្ចើដំណើរ ប៉ុន្តែ​ពួកគេ​មិន​សុខចិត្ត ដោយ​ទាមទារ​ឲ្យ​គាត់​ពង្រីក​ផ្លូវ​ប្រមាណ​៣​ម៉ែត្រ​ឯណោះ ។​ដោយសារតែ​គាត់​មិន​ព្រមឲ្យ​តាម​ការទាមទារ​នោះ​ហើយ ទើប​ក្រុម​ទំនាស់​បានមក​លួច​វាយ​កម្ទេច​មាត់ទ្វារ​របង​យក​ទៅ​បាត់​តែ​ម្តង​។​

​ជុំវិញ​ករណី​ទំនាស់​ខាងលើ លោកស្រី គឺ​ម ច​ន្នី អភិបាល នៃ​គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ឲ្យដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​ថា រឿង​ទំនាស់​ដី​ភ្លឺស្រែ​រវាង​ម្ចាស់​ដី​ជាមួយ​ពលរដ្ឋ​ក្នុងភូមិ​នោះ កន្លងមក​លោក​ស្រី​បាន​ចាត់ឲ្យ​ខាង​គណៈកម្មការ​ដោះស្រាយ​ដីធ្លី​ថ្នាក់ស្រុក ចុះទៅ​ពិនិត្យ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ដោយ​ក្រុមការងារ​ក៏​បាន​ចាត់ទុក​ករណី​ទំនាស់​នេះ​ផ្តើម​ពី​ភាគី​ពលរដ្ឋ​ម្ខាង​ចង់​ទាមទារ​ឲ្យ​ម្ចាស់​ដី​ឈ្មោះ លឹម សាយ ដែល​រស់នៅ​ក្នុងភូមិ​អំពេ​ង​(​ចំណុច​ព្រែក​តា​នេន​) ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជួយ​បរិច្ចាគ​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ចេញចូល​ឲ្យបាន​ធំ​ទូលាយ ព្រោះ​ផ្លូវ​ដែល​មាន​សព្វថ្ងៃនេះ មាន​ទំហំ​តូច​ពេក​មិនអាច​បើកបរ​រថយន្ត​ចេញចូល​បាន​ឡើយ​។​

​លោកស្រី​អភិបាលស្រុក បាន​បញ្ជាក់ទៀតថា លោកស្រី​មិន​កាន់ជើង​ខាង​ណា​ទេ តាមពិត​ម្ចាស់​ដី​ឈ្មោះ លឹម សាយ គាត់​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី​ភូមិ​របស់​គាត់ គឺ​មិន​ខុស​ទេ ព្រោះ​ទីតាំង​នេះ​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​គាត់​យ៉ាង​ពិតប្រាកដ​។ ដោយឡែក​ពលរដ្ឋ​ដែល​ជា​ភាគី​ទំនាស់​ពួកគាត់​បែរជា​ទាមទារ​ខុស​ទំនង បើ​ទោះ​ជា​ភ្លឺស្រែ​ដែល​គាត់​ដើរ​ឆ្លងកាត់​នេះ​មិនមែន​ជា​ដី​របស់​ពួកគាត់​ក៏​ដោយ​។​

​លោកស្រី​បាន​បន្ថែមថា ក្រោយពី​មាន​ការសម្របសម្រួលរ​វាង​ភាគី​ទាំងសងខាង ឥឡូវ​នេះ​ម្ចាស់​ដី ឈ្មោះ លឹម សាយ គាត់​សុខចិត្ត​បរិច្ចាគ​ដី​ផ្ទាល់ខ្លួន​របស់​គាត់​ចំនួន ១​ម៉ែត្រ ៨​តឹក​(១,៨០)​ឲ្យទៅ​ភាគី​ទំនាស់ ថែមទាំង​បាន​ផ្តិច​មេដៃ​ក្នុង​កិច្ចព្រមព្រៀង​បញ្ចប់ទំនាស់​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!