រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩

(​ខេត្ត​កែប​) ៖ ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​កែប ត្រូវបាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កែប អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​។​

​ពិធី​បិទ​សន្និបាត​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​គ្រប់​អង្គភាព កងកម្លាំងប្រដាប់អាវុធ​ទាំងបី ព្រមទាំង​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​កែប​ទាំងមូល​។​

​តាម​របាយការណ៍​របស់លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានឲ្យដឹងថា រយៈពេល​កន្លងមក​ការងារ​អភិវឌ្ឍ ខេត្ត​បាន​កំណត់​នូវ​ចក្ខុវិស័យ​ក្នុង​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ប្រកប​ដោយ​ភាព​ប្រណិត ដោយ​មាន​ឆ្នេរសមុទ្រ កោះ និង​ឧទ្យាន​ជាតិ បរិស្ថាន​ល្អ ធនធានធម្មជាតិ​ស្រស់បំព្រង​។​លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ដែល​បានកំណត់​ក្នុង​ផែនការ​អភិវឌ្ឍន៍​នេះ រដ្ឋបាលខេត្ត​បាន​ដាក់ចេញ​នូវ​គោលការណ៍​គតិ​យុ​តិ្ត និង​បាន​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ដោយ​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ ពិសេស​ការជំរុញឲ្យ​ភ្នាក់ងារ​អនុវត្ត​ពាក់ព័ន្ធ យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​គម្រោង​របស់​ខ្លួន ដោយ​ធានាបាន​នូវ​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ការដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​ជាមួយនេះ បើ​ផ្អែកលើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ភូមិសាស្ត្រ​ខេត្ត​កែប​ពិតជា​មាន​ភាពល្អប្រសើរ និង​លទ្ធផល​ការងារ​ដែល​សម្រេចបាន​លើ​គ្រប់​វិស័យ ក្នុងនោះ​ការងារ​អភិវឌ្ឍន៍ ខេត្ត​បាន​បាន​បន្ត​ខិតខំ​កសាង ស្តារ និង​ជួសជុល​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​៖ ផ្លូវ​អ៊ុត​ក្រាល​កៅស៊ូ AC,DBST ផ្លូវ​ប្រប​មាត់សមុទ្រ​ការពង្រីក​ផ្លូវជាតិ​លេខ​33A ផ្លូវលំ​ដីស ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ចាក់​ខ្សាច់​បន្ថែម​ថ្មី​នៅ​មាត់​ឆ្នេរ​លេង​ទឹក ការរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ការធ្វើ​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​ក្រ​ខ្វក់​នៅ​ឆ្នេរ​លេង​ទឹក និង​នៅ​ផ្សារ​ក្តាម ព្រម​ជាមួយ​ទីលាន​ចាក់​សំរាម​(​គម្រោង​ADB) ការរៀបចំ​សួនច្បារ​សាធារណៈ ដាក់​បង្គោល​បំភ្លឺ​តាម​ដង​ផ្លូវជាតិ​លេខ​33A ដឹកនាំ​បំផុស​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ក៏ដូចជា​ការលើកកម្ពស់​សោភ័ណភាព​សាធារណៈ​ជាដើម​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាត លោក​ទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន បាន​លើកឡើង​ដោយ​ជំរុញ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ត្រូវ​ដឹកនាំ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​បង្កើន​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខ័ណ្ឌ​ខេត្ត​ទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់​លើ​វិធានការ​សំខាន់ៗ និង​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឲ្យចូល​រួមអ​នុវត្ត​គោលនយោបាយ “​ភូមិ ឃុំ​មាន​សុវត្ថិភាព​” ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ពិសេស​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់ និង​ល្បែង​សីុស​ង​ខុស​ច្បាប់​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​។​

​ទម្ទឹម​នឹងនេះ លោក​បាន​ស្នើ​ដល់​មហាជន ពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវតែ​ផ្តល់​ព័ត៌មាន​នៅ​ទីតាំង​ណា​ដែល​មាន​បញ្ហា ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​ស្នើ​ឲ្យ​មន្ត្រី និង​កងកម្លាំង​មាន​សមត្ថកិច្ច​កុំ​ប៉ះពាល់ ឬ​មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងអស់​នោះ​ឲ្យសោះ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!