​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​កម្ទេចចោល​នូវ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​ជាង ៧០ តោន​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ៧​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​និង​០០​នាទី​ព្រឹក គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​រៀបចំ​ពិធី​កម្ទេចចោល​នូវ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​ជាង ៧០ តោន ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៅ​ទីលាន​ដី​តាម​បណ្ដោយ​មហាវិថី​តេជោ ៦០ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​មាន​ការអញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ តំណាង​អង្គទូត ស្ថាប័ន​តុលាការ​អង្គភាព​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន​ជាតិ​អន្តរជាតិ​មួយ​ចំនួន​ទៀត​។​

​ក្នុង​ពិធី​នេះ​សម្ដេច​ក្រឡាហោម ស ខេង បានស្នើរ​សុំ​អោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បន្ត​អនុវត្ត​កិច្ចប្រតិបត្តិការ​អោយបាន​ល្អ និង​ចាប់​អោយបាន​មេក្លោង​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុងករណី​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​លើក​ក្រោយៗ ជា​បន្ត​ទៀត​។ ហើយ​សម្ដេច​ក៏​បាន​អំពាវនាវ​អោយ ក្រុមហ៊ុន​ដែល​នាំចូល​ផលិតផល​ទាំងឡាយ ម្ចាស់​អាជីវកម្ម ប្រជា​ពលរដ្ឋ​គ្រប់រូប សហការ​ជាមួយ​សមត្ថកិច្ច ចុះហត្ថលេខា​ទទួល​ខុស​ត្រូវ​លើ​ផលិតផល​ដែល​ខ្លួន​នាំចូល និង​ចូលរួម​សហការ​ទប់ស្កាត់ បង្ក្រាប និង​រាយការណ៍​ជូន​មន្ត្រី​ពាក់ព័ន្ធ​អំពី​ករណី​ផលិតផល​ក្លែងក្លាយ​ផងដែរ​។​

​ជាក់ស្ដែង​ថ្ងៃនេះ ផលិតផល​ក្លែងក្លាយ​ខូច​គុណភាព​មួយចំនួន​រួមមាន ៖ ថ្នាំពេទ្យ​ក្លែងក្លាយ​ចំនួន ១០៦​មុខ​ស្មើនឹង ៤០០ គីឡូក្រាម​, ទឹក​សុទ្ធ​ម៉ាក Evian,Saint amand,Montcalm ចំនួន ៥,៥២០ កេស​ស្មើនឹង ៦២,៦៤០ គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម​ចំនួន ៧,៨៥០ គីឡូក្រាម សរុប​ទាំងអស់​ចំនួន​ជាង ៧០ តោន ដែល​គណៈកម្មាធិការ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​នា​ពេលកន្លងមក ត្រូវបាន​តុលាការ​អនុញ្ញាត ឲ្យ​គណៈកម្មាធិការ​ធ្វើ​ការកម្ទេច​ចោល​នៅ​ពេល​នេះ​។​

​ពិធី​កម្ទេច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់​នា​ពេលកន្លងមក ក៏ដូចជា​ពេល​នេះ​ដែរ វា​ក៏​ជា​សារ​មួយ​រំលឹក​ទៅ​ដល់​ជនល្មើស​ទាំងឡាយ​ដែល​បាន​នឹង​កំពុង​ផលិត ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ថា ដរាបណា​សកម្មភាព​ខុស​ច្បាប់​បំផ្លាញ​សុខភាព សុខមាលភាព និង​សុវត្ថិភាព​សង្គម​នៅតែ​បន្ត ដរាប​នោះ គណៈកម្មាធិការ ក៏​នៅតែ​ព្យាយាម​ធ្វើ​ការទប់ស្កាត់ និង​រឹបអូស​យក​មក​កម្ទេច​ចោល​ដោយ​មិនមាន​ការលើកលែង ឬក៏​បន្ធូរបន្ថយ​ជាដាច់ខាត​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​តួនាទី និង​ភារកិច្ច​ដែល​ប្រគល់​ជូន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ សុខភាព​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ជា​ធំ​។​

​ដើម្បី​សម្រេច​នូវ​វត្ថុបំណង​នេះ គណៈកម្មាធិការ​សូម​អំពាវនាវ​ដល់​សាធារណជន មេត្តា​ចូលរួម និង​សហការ​ផ្ដល់​ព័ត៌មាន​អំពី​ទីតាំង ឬ​ជន​ដែល​ផលិត ចែកចាយ​ផលិតផល​ក្លែងក្លាយ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ដោយ​ទំនាក់ទំនង និង​ផ្ដល់​ព័ត៌មាន​មក​សមត្ថ​កិច្ច​តាម​រយៈ​លេខ​ទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬ​តាមរយៈ​អ៊ី​ម៉ែ​ល Info@ccc.gov.kh ឬ​បណ្ដាញ​សង្គម Facebook “​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ _counter counterfeit committee”៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!