​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩​របស់​រដ្ឋបាល​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩​របស់​រដ្ឋបាល​ខេត្ត​កំពត បន្ទាប់ពី​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​០៥​ដល់​ថ្ងៃ​ទី​០៦​ខែ​មីនា ឆ្នាំ​២០១៩ ត្រូវបាន​ធ្វើ​ពិធី​បិទ​នា​រសៀល ថ្ងៃទី ០៦​ខែ​មីនា​ឆ្នាំ ២០១៩ ក្រោម​អិ​ប​តី​ភាព ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​គាំទ្រ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​ចូលរួម​ជា​មាជិក​-​សមាជិកា ពី​សំណាក់ លោក​-​លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​និង​ប្រតិភូ​អមដំណើរ ថ្នាក់ដឹកនាំ​និង​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ ក្នុង​ទូទាំង​ខេត្ត​សរុប​ប្រមាណ​ជាង​៦០០​នាក់​។

​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ធ្វើ​របាយការណ៍​ឲ្យដឹង​អំពី​លទ្ធផល​រីកចម្រើ​ន​លើ​គ្រប់​វិស័យ​របស់​រដ្ឋបាល​ខេត្ត​ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​មួយឆ្នាំ​២០១៨​កន្លងមក​និង​អំពី​លទ្ធផល​នៃ​អង្គ​សន្និបាត​។ ក្នុងនោះ​អង្គសន្និបាត​បាន​ឯកភាព​លើ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​ដាក់​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩​តាមរយៈ​កិច្ចពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​១០ ដែល​ពាក់ព័ន្ធ​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ ប្រមូល​ធាតុ​ចូល កំណត់​បាន​អំពី​បញ្ហា​ប្រឈម​នានា និង​វិធានការ​ដោះស្រាយ ជា​មូលដ្ឋាន​ដើម្បី​ចូលរួម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងនោះ​រួមមាន​៖១-​ការគ្រប់គ្រង​ដឹកនាំ​និង​អនុវត្ត​តួនាទី​ភារកិច្ច​និង​មុខងារ​របស់​រដ្ឋបាល​ក្រុង ស្រុក​២-​ការគ្រប់គ្រង​ចាត់ចែង​និង​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ ៣-​ការផ្ដល់​សេវា​តាម​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត និង​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ថ្នាក់​ក្រុង​ស្រុក ៤-​ការជំរុញ​ផ្ដល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ ៥-​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ៦-​ការគ្រប់គ្រង​ជន​ជាប់​ឃុំ​ឲ្យ​ធានា​បាន​សន្តិសុខ សុវត្ថិភាព សុខភាព និង​មនុស្សធម៌ ៧-​ប្រសិទ្ធភាព​នៃ​យន្តការ​និង​ការចាត់តាំង​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់ក្រោម​ជាតិ ៨-​ការគ្រប់គ្រង​វត្តមាន​ស្នាក់​នៅ​ជនបរទេស ៩-​ដោះស្រាយ​សំណើរ​សំណូមពរ បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​និង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ និង​១០-​ការសាងសង់​សំណង់​ខុសច្បាប់ កា​រំលោភបំពាន​ដី​សាធារណៈ​របស់​រដ្ឋ​រួម​នឹង​ការទន្ទ្រាន​ដីភ្នំ ការកាយ​ដី​ភ្នំ​ការចាក់​ដី​ចូល​ព្រែក​។​

​មានប្រសាសន៍​បិត​អង្គសន្និបាត​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត​និង​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​បំពេញ​ការងារ​តាម​តួនាទី ភារកិច្ច​ខ្លួន​រយៈពេល​ពេញ​០១​ឆ្នាំ​២០១៨​កន្លងមក​នេះ​ក្ដាប់បាន​នូវ​សភាពការណ៍ និង​ស្វែងរក​បញ្ហា​ប្រឈម​សំណូមពរ និង​កង្វល់​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​រួមគ្នា​ដោះស្រាយ​បាន​ល្អ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ក៏​បាន​ក្រើនរំលឹក​ជំរុញ​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់​ឲ្យ​យកចិត្តទុកដាក់​លើ​ការងា​រលើ​ការថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​និង​ផ្តល់​សេវា​សាធារណៈ ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​ឲ្យ​ការផ្តល់​សេវា​នេះ​បានកា​ន់តែ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ព្រមទាំង​បាន អំពាវនាវ​ដល់​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀម​ខ្លួន​ចុះ​ជួយ​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅក្នុង​រដូវ​ប្រាំង​ឆ្នាំនេះ​ក្នុងករណី​តំបន់​ណា​ក្នុង​ខេត្ត​កំពត​ជួបប្រទះ​ខ្វ​ខាត​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​

​ជាមួយ​ឱកាស​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​ជូន​ដល់​សមាជិក​អង្គសន្និបាត​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 5830 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!