អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​មន្ដ្រីរាជការ​នារី ខិតខំ​បង្កើន​សមត្ថភាព ដើម្បី​ទទួលបាន​ទំនុកចិត្ត​ក្នុង​ការងារ​

(​ភ្នំពេញ​)៖ មន្ដ្រីរាជការ​នារី​ប្រមាណ​២៦០​នាក់ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​ក្នុង​ពិធី​សំណេះសំណាល​អបអរសាទ​រ ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី​៨ មីនា ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ដោយ​មាន​ការចូលរួម​ពី​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ថ្លែងថា ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» មាន​គោលបំណង​បន្ត​អនុវត្ត​គោលនយោបាយ សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដែល​ជា​ចក្ខុវិស័យ​សម្រាប់​កសាង​ប្រទេស ត្រូវ​បាន​ច្របាច់​បញ្ចូល ជា​អាទិភាព​រួម ក្នុង​ការសម្រេចបាន​កិច្ចអភិវឌ្ឍន៍​ធនធានមនុស្ស ហើយ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ការលើកកម្ពស់​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេង​ស្រី និង​ការ​គាំពារ​សង្គម គឺ​ពិតជា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និត​។​

​ទាំងអស់នេះ បង្ហាញ​កាន់តែច្បាស់​ពី​ការយកចិត្តទុកដាក់​គាំពារ ថែរក្សា​លើកទឹកចិត្ត និង​ផ្តល់​តំលៃ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​នារី ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ អភិវឌ្ឍ​ជាតិ​មាតុភូមិ​គ្រប់​សម័យកាល​។​

​លោក ឃួ​ង ស្រេង បាន​លើកទឹកចិត្ត​បងប្អូន​នារី ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​ចំណេះដឹង និង​សមត្ថភាព​ដើម្បី​ចូលរួម​ការងារ​ជាមួយ​បុរស​ដោយ​ស្មើភាព ខណៈ​បច្ចុប្បន្ននេះ ស្ត្រី​នៅ​តែ​ជា​ដៃគូ​មិនអាច ខ្វះ​បាន​ជាមួយ​បុរស ក្នុង​ការចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍ​ជាតិ មាតុភូមិ ដែល​បាន​ស្តែងឡើង តាមរយៈ​សមត្ថភាព​ដឹកនាំ នៅតាម​បណ្តា​ស្ថាប័ន ក្រសួង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គភាព​រដ្ឋ និង​ឯកជន ជាពិសេស​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ស្ត្រី និង​កាកបាទក្រហមកម្ពុជា​។​

​នារី​ជា​មេផ្ទះ គឺ​បងប្អូន​អាច​ដឹង​កិច្ចការ​ផ្ទះ​ច្រើន​ជាង​នរណា​ទាំងអស់ ទាំង​រៀបចំផ្ទះ​, រៀបចំ​ម្ហូបអាហារ​សម្រាប់​គ្រួសារ​កូន និង​ប្តី​ជា​ដើមសូម្បី​រឿង​សំរាម ក៏​បងប្អូន​នារី​ចេះ​វិច​ខ្ចប់ និង​ទុកដាក់​បានល្អ​ដែរ ហើយ​នារី​ក៏​ជា​អ្នក​ម្តាយ​អប់រំ​កូនចៅ​តាម​បែប​អហិង្សា​បានល្អ​ជាង​ប្តី​ផងដែរ​។​

​ជាមួយនឹង​ការជូន​បាច់​ផ្កា ដល់​ថ្នាក់ដឹកនាំ​ជា​នារី ដើម្បី​សម្ដែង​ការគោរព​ស្រឡាញ់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ផ្តល់​ការដូ​ជា​ប្រាក់ ដល់​បងប្អូន​នារី​ទាំង​២៦០​នាក់ ក្នុង​ម្នាក់​ចំនួន​៣០​ម៉ឺន​រៀល​ផងដែរ​៕
​ដោយ លោក រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 5278 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!