មេ​ឈ្មួញ​ធំៗ​នៅតែ​មិន​ញញើត​ក្នុងការ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​មណ្ឌលគិរី

នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភះ ឆ្នាំ​២០១៩​តាម​ប្រភព​ពី​ប្រជា​ពលរដ្ធ​នឹង​មន្ត្រីរដ្ធបាល​ព្រៃឈើ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី បាន​បង្ហើប​ឲ្យដឹងថា រយៈពេល​ប៉ុន្មាន​យប់​កន្លងទៅ​នេះ​គឺ​ក្នុង​មួយ​យប់ៗ​ឈ្មួញ​ធំៗ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​មណ្ឌលគិរី តាម​រថយន្ត​តូច​ធំ​រាប់រយ​គ្រឿង​យ៉ាង​រលូន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា លោក អ៊ុំ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ដែល​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ សូម្បីតែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុង​ខណៈ​ដែល​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​មណ្ឌលគិរី យ៉ាង​រាលដាល​។​

​តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ដូចជា ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា តុ​ប វី​ដា ជា​ដើម​នៅ​តែ​បន្ត​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក បានឲ្យដឹង​ទៀតថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​កោះ​ញែក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញែក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

​មានន័យ​ថា បទបញ្ជា​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្នុង​ការទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​មេ​ឈ្មួញ​ធំៗ​ដូច​ជា​មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ តុ​ប វី​ដា មេ​ឈ្មួញ ប៉ោ សំអឿន បន្ត​ឃុបឃិត​គ្នា​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​បើតាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា រហូតមកដល់​ពេល​នេះ​មេ​ឈ្មួញ គួ​យ សុ​ឃុន ដែល​ជា​មន្ត្រី​នគរបាល​ខេត្ត និង​ជា​ប្អូនប្រុស​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

​ទន្ទឹម​នឹង​នេះ​ប្រភព​ខ្លះ​បានឲ្យដឹងថា លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​នោះទេ ហើយ​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី ម្នាក់​ឈ្មោះ កែវ ចិន្ដា ហៅ​ធូ ក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដែរ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសល់​ក្នុង​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាបសូន្យ​ឡើយ​ព្រោះ​ក្រុម​ឈ្មួញ​ធំៗ​នៅ​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​មណ្ឌលគិរី យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​..? ៕

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!