​ឯកឧត្តម​វេង​សាខុ​ន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩​របស់​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី​

​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​រួម​ជាមួយ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ដែល​បាន​រៀបចំ​នៅ​សាលប្រជុំ​រដ្ឋបាលខេត្ត ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ក្រសួង តុលាការ ព្រះរាជអាជ្ញា អភិបាលក្រុង ស្រុក តំណាង​ក្រុមហ៊ុន លោក លោកស្រី​តំណាង​មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រីរាជការ​ប្រមាណ​ជាង ១៥០​នាក់​។ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ធ្វើ​មតិ​ស្វាគមន៍​និង​រាយការណ៍​ដោយ​សង្ខេប​ជូន​អង្គពិធី​ជ្រាប​អំពី​លទ្ធផល​ការងារ​ដែល​មន្ទីរ​សម្រេច​បាន​ទៅ​តាម​អនុវិស័យ​នីមួយៗ​ដូចជា​ការងារ​បង្កបង្កើន​ផល​ស្រូវ ដំណាំ (​ប​ន្ថែ ឈើ​ហូប​ផ្លែ និង​ដំណាំ​កសិឧស្សាហកម្ម​) ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ព្រៃឈើ ជលផល សហគមន៍ ស្ថានភាព​ទូទៅ​របស់​មន្ត្រីរាជការ​។ ខ្លឹមសារ​នៃ​សេចក្តីរាយការណ៍​នេះ​គឺ​បាន​បញ្ជាក់ និង​បង្ហាញ​ឱ្យឃើញ​ពី​សមិទ្ធផល​ដែល​មន្ទីរ​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​ក្នុង​អំឡុង​ពេល​អនុវត្ត​ការងារ​ទាំង​កិច្ចការ​សង្គម ច្បាប់ និង​បច្ចេកទេស ដែល​ក្រសួង ក៏ដូចជា​អាជ្ញាធរ​ដែនដី​បាន​ដាក់ជូន​។ ដើម្បី​បន្ត​អនុវត្ត​ផែនការ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល ក្រសួង និង​អាជ្ញាធរ​ខេត្ត ឱ្យ​ទទួលបាន​ជោគជ័យ​នា​ឆ្នាំ​២០១៩ លោក​ប្រធាន​មន្ទីរ​បាន​សំណូមពរ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​កងកំលាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ផ្តល់​កិច្ច​សហការ​ឱ្យបាន​ល្អ​ប្រសើ​រ​ដើម្បីឱ្យ​ផែនការ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ទទួលបាន​ជោគជ័យ​ដូចដែល​បាន​គ្រោងទុក​។ បន្ទាប់​ពី​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​ធ្វើ​បដិសណ្ឋារកិច្ច និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​មន្ទីរ​សម្រេច​បាន​នា​ឆ្នាំកន្លងមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ពីរ​បាន​ផ្ញើ​នូវ​ក្តី​នឹករលឹក និង​គិតគូ​ពី​សុខទុក្ខ​របស់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត និង​បាន​ជូនពរ​ឱ្យ​បងប្អូន​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ដែល​តែងតែ​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នា​ពេលកន្លងមក រហូត​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​។ ពិតណាស់ សមិទ្ធផល​នេះ​បាន​ជួយ​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ភាពប្រសើរឡើង ពិសេស​ការចូលរួម​ផលិត​ស្បៀង​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា “​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​” ។​

​ជាមួយនឹង​សមិទ្ធផល​ដែល​សម្រេច​បាន​ជា​វិជ្ជមាន​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា ការអនុវត្ត​ការងារ​កន្លងមក នៅ​មាន​បញ្ហា​ដែល​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា​រួម​គ្នា​ដោះស្រាយ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព រួច​កែលម្អ​តម្រង់​ទិស​សម្រាប់​អនុវត្តន៍ និង​ទទួលបាន​ផល​វិជ្ជមាន​នា​ឆ្នាំ​២០១៩​។

​ដើម្បី​បន្ត​អនុវត្ត​ផែនការ និង​ទិសដៅ​អនុវត្ត​បន្ត​ទទួលបាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី ជូន​អនុសាសន៍​មួយចំនួន​ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ជំនាញ​យកទៅអនុវត្ត​បន្ត ដែល​អនុសាសន៍​ទាំងនោះ​ទាំងនោះ​មាន​ខ្លឹមសារ​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
​ទី​១.​ដោយសារ​ទឹកដី និង​អាកាសធាតុ​មាន​ការខុស​ផ្លែ​ក​ពី​ខេត្ត​ដ៏​ទៃ មន្ទីរ​ត្រូវ​គិតគូ និង​ជំរុញ​បន្ថែមទៀត​អំពី​ការផ្លាស់ប្តូរ​ពូជ​ដំណាំ ឬ​ប្តូរ​មុខ​ដំណាំ​ដែល​មាន​តម្លៃ​ខ្ពស់ ឱ្យបាន​សមស្រប​និង​លក​ខណៈ​ភូមិសាស្ត្រ និង​អាកា​ធាតុ​ឲ្យបាន ទាន់ពេលវេលា ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ដែល​ខេត្ត​ដ៏​ទៃ​មិន​អាច​ធ្វើបាន​។​
​ទី​២.​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម សិក្សា​ស្តារ និង​កសាង​ប្រភពទឹក​សំខាន់ៗ ដើម្បី​ធានា​នូវ​បរិមាណ​ទឹក​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​ដល់​ផែនការ​ពង្រីង​ផលិតកម្ម​បន្លែ និង​ដំណាំ​ឧស្សាហកម្ម នាពេលខាងមុខ​។​
​ទី​៣.​កៀងគរ​វិនិយោគិន​មក​វិនិយោគ​លើ​ដំណាំ​ដែល​មាន​សក្តានុពល​លើ​ទីផ្សារ ដោយ​អនុវត្ត​តាម​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានា​ការជឿ​ទុកចិត្ត បរិមាណ​ផ្គត់ផ្គង់ គុណភាព តម្លៃ និង​ទទួលយក​បច្ចេកទេស​ស​ម​ស្រប​បន្ថែម​។​
​ទី​៤.​ត្រូវខិតខំ​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​ទាំង​ការគ្រប់គ្រង ការផ្សព្វផ្សាយ​បច្ចេកទេស ការបង្កើត​អាជីព​ថ្មី​ដូចជា​ការ​ចិញ្ចឹមសត្វ ត្រី ដាំ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ដូចជា​ឬ​ស្សី ដែល​ជា​ប្រភព​ចំណូល​គ្រួសារ ដើម្បី​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ ឬ​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត​។​
​ទី​៥, បង្កើន​ការយកចិត្តទុដាក់កា​រ​ពង្រី​កការចិញ្ចឹម​គោយក​សាច់ ដែល​មាន​តម្លៃ​ន​នៅលើ​ទីផ្សារ និង​ពេញ​និយម​នាពេល​បច្ចុប្បន្ន តាមរយៈ​ការ​បង្កាត់​សិប្បនិមិត ជាមួយ​ពូជ​គោ​មេ​ក្នុងស្រុក ។​
​ទី​៦, ស្នើ​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ជំរុញ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ត្រូវ​ពន្លឿ​ន ការចុះបញ្ជី​ប័ណ្ណកម្មសិទ្ធិ ការធ្វើ​អនុប្រយោគ​ពី​ដី​សាធារណ​របស់​រដ្ឋ​ទៅជា​ដីឯកជន​របស់​រដ្ឋ និង​រៀបចំ​ផែនការមេ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ឈាន​ទៅ​ធ្វើការ​ឈូសឆាយ​។​
​ទី​៧. ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ឱ្យបាន​សមស្រប​ទៅតាម​ច្បាប់​អនុញ្ញាត និង​មាន​ប្រភព​ច្បាស់​លាស់ ជាពិសេស​ចេញពី​ការ​បោសសំអាត​ដី​សម្បទាន​សេដ្ឋកិច្ច​។​
​ទី​៨. ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ក្នុង​ស្មារតី​ទទួលខុសត្រូវ ធានា​បាន​ប្រសិទ្ធភាព​ខ្ពស់​សមស្រប​តាម​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ដោយ​អនុវត្ត​តាម​អភិក្រម សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ និង​ត្រូវ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល វះកាត់ និង​ព្យាបាល​។​
​ទី​៩. ត្រូវ​រក្សា​ទំនាក់ទំនង និង​សហការ​ជាមួយ​គណបញ្ជាការ​ឯកភាព​ខេត្ត មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ឲ្យទាន់​ពេលវេលា​នូវ​បទល្មើស​ទាក់ទង​នឹង​វិស័យ​កសិកម្ម ជាពិសេស​បទល្មើស​ព្រៃឈើ​។​
​ទី​១០.​បន្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន នាយកដ្ឋាន​ក្រោម​ឱវាទ​ក្រសួង ដើម្បី​សហការ​អនុវត្ត​បច្ចេកទេស គោលនយោបាយ​និង​កៀរគរ​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍ​និង​វិស័យ​ឯកជន​ក្នុង​ការបោះ​ទុក​វិនិយោគ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​របស់​ខ្លួន​។​

​នា​ឱកាស​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ជូន​ដល់​មន្ត្រីរាជការ​ដើម្បី​ជា​ការលើកទឹកចិត្ត និង​ថ្លែងអំណរគុណ ជាពិសេស​ដើម្បី​បង្ហាញ​ពី​វប្បធម៌​គោរព ស្រលាញ់ និង​យកចិត្តទុកដាក់​ចំពោះ​គុណូបការរ​បស់​មន្ត្រីរាជការ​ដែល​បាន​ខិតខំ​លះបង់​គ្រប់បែបយ៉ាង​ដែល​បាន​បម្រើ​ការងារ​ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​៕

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!