ឯកឧត្តម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​បាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រាង​រវាង​រដ្ឋ​បាល​ព្រៃឈើ នឹង​សហគមន៌​ព្រៃឈើ​ពីង​ប្រង់​ក្ភ​ង​ពេស​ថូ ស្ថិតនៅ​ភូមិ​ឡេះ​ឃំ​ុ​ដាក់​ដាំ​ស្រុក​អូររាំង​

នា​ព្រឹក​ថ្ងៃអាទិត្យ ៦​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កុម្ភ​: ឆ្នាំ ២០១៩ ជា​ថ្ងៃ​ទី​៣ នៃ​ដំណើរ​ចុះ​មក​បំពេញ​ការងា​ររ​បស់ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី មកកាន់​ទឹកដី​ខេត្ត​មណ្ឌលគិរី​។ នា​ព្រឹក​ថ្ងៃនេះ ឯកឧត្ដម​រដ្ឋមន្ត្រី និង ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រាង​រវាង​រដ្ឋ​បាល​ព្រៃឈើ និង​សហគមន៍​ព្រៃឈើ​ពីង​ប្រង់​ក្លង​ពេស​ថូ ស្ថិតនៅ​ភូមិ​ពូ​ឡេះ ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង​។

​តាមផ្លូវ​មក​កាន់​កន្លែង​ប្រារព្វ​ពិធី ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ការដាំ​កូនឈើ​ក្រញូង​ចំនួន ១៥ ហ​ត របស់​រដ្ឋបាល​ព្រៃឈើ​នៅ​ព្រំប្រទល់​របៀង ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) តាមរយ​:​គម្រោង​របៀង​អភិរក្ស​ជីវ​:​ចំរុះ​មហា​អនុ​តំបន់​ទន្លេមេគង្គ​។ នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យកចិត្ដទុកដាក់​មើល​ថែរក្សា​កូន​ឈើ​ឱ្យ​បាន​លូតលាស់​ល្អ ជា​ពិសេស​ការពារ​ភ្លើង​ឆេះ​ព្រៃ​។

​ដោយឡែក ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រាង​នា​ព្រឹក​នេះ បាន​ប្រារព្វ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ដាក់​ដាំ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ជនជាតិភាគតិច​ព្នង​ប្រមាណ ២៥០​នាក់​។ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​បាន​អាន​របាយ ការណ៍ ជូន​អង្គពិធី​ជ្រាប​ពី​ស្ថានភាព​ជា​រួម​នៃ​សហគមន៍​ព្រៃឈើ​ទូទាំង​ខេត្ត​ថា​បច្ចុប្បន្ន​ខេត្ត​មាន​សហគមន៍​ព្រៃឈើ​ចំនួន​៨ មាន​ផ្ទៃដី​សរុប ១០ ៤៦៥​ហ​ត មាន​សមាជិក ៧២៤​គ្រួសារ ក្នុងនោះ ៥​សហគម​ន៍​បាន​ទទួល ស្គាល់​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយឡែក​សហគមន៍​ព្រៃឈើ​ពីង​ប្រង់​ក្លង​ពេស​ថូ នឹង​ធ្វើ​ការចុះ​កិច្ចព្រមព្រាង​នា​បន្តិចទៀតនេះ​។ ចំពោះ​សហគមន៍​នេះ​មាន​ផ្ទៃដី ១១០៤​ហ​ត មាន​សមាជិក ១១៤ គ្រួសារ ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​ព្នង​។

​ការអភិវឌ្ឍ​សហគមន៍​ព្រៃឈើ​បាន​ទទួល​ការគាំទ្រ​ដោយ​គម្រោង​របៀង​អភិរក្ស​ជីវ​:​ចំរុះ​មហា​អនុ​តំបន់​ទន្លេមេគង្គ ដោយ​ធ្វើ​ការបណ្តុះបណ្តាល ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​តាម​បណ្តា​ខេត្ត​នានា ចូលរួម​ប្រជុំ និង​សិក្ខាសាលា ក្រុម​សន្សំ​ប្រាក់ ចិញ្ចឹម​មាន់ ឃ្មុំ និង​ដាំ​បន្លែ បោះបង្គោល​ព្រំប្រទល់ វេន​យាម​ល្បាយ​ព្រៃ និង​សង់​ទីស្នាក់ការ​សហគមន៍ អណ្តូងទឹក បង្គន់​អនាម័យ និង​ថាមពល​ពន្លឺព្រះអាទិត្យ​។​ល​។​

​ស្ថិត​ក្នុង​ទឹកដី​ដាក់​ដាំ​ដ៏​សែន​មនោ​រម្យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន​ជនជាតិដើម​ភាគតិច ជាបឋម ឯកឧត្តម​រដ្ឋមន្ត្រី និង​អភិបាលខេត្ត​បាន​នាំយក​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ដែល​លោក​ទាំង​ពីរ​តែងតែ​គិតគូ​ពី​សុខទុក្ខ និង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ទូទាំង​ខេត្ត ជា​ពិសេស​បងប្អូន​ស្រុក​អូររាំង ឃុំ​ដា​ក់ដាំ ហើយ​លោក​សូម​ជូនពរ​ឱ្យ​បងប្អូន​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ​។

​ចំពោះ​ពិធី​នា​ថ្ងៃនេះ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​កសិកម្ម ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន សហការ​គ្នា​រៀបចំ​បង្កើត​សហគមន៍​ព្រៃឈើ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការអភិវឌ្ឍ និង​អភិរក្ស​ព្រៃ សត្វព្រៃ ជីវ​:​ចំរុះ ធានាបាន​នូវ​និរន្តរភាព​នៃ​ការ​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ​ដែល​ជា វប្បធម៌ និង​ប្រពៃណី​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ជាពិសេស​ចូលរួម​ថែរក្សា ការពារ​ធនធាន​ធម្មជាតិ (​ព្រៃ និង​សត្វព្រៃ​) សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យបាន​គង់វង្ស​តរៀង​ទៅ​។

​ដើម្បី​រក្សាបាន​នូវ​និរន្តរភាព​នៃ​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សហការ​អនុវត្ត​ការងារ ផែនការ​សកម្មភាព​ទាំង​របស់​រដ្ឋបាល​ព្រៃឈើ និង​របស់​គម្រោង​នានា​ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ខិតខំ​ស្វះស្វែង​រក​ដៃគូ ឬ​គម្រោង​នានា​ដើម្បី​បន្ត​អភិវឌ្ឍ​សហគមន៍​ឱ្យ​កាន់តែ​រីកចម្រើន ឈានទៅ​ប្រែក្លាយ​ជា​សហគមន៍​គំរូ និង​សហគមន៍​អេកូ​ទេសចរណ៍ ដើម្បី​ទាញយក​ប្រយោជន៍​បន្ថែម​ពី​ធនធាន​ព្រៃឈើ បង្កើត​និង​បង្កើន​ប្រភព​ចំណូល កែលម្អ​ជីវភាព តាមរយ​:​បង្កើត​របរ​បន្ថែម ដូចជា​ចិញ្ចិម​ឃ្មុំ ដាំ​ឬ​ស្សី ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​។​ល​។ និង​ជា​ពិសេស​ចូលរួម​ថែរក្សា និង​អភិរក្ស​វប្បធម៌ ប្រពៃណី ទំនាម​ទំលាប់ និង​ជំនឿ​សាសនា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ឱ្យបាន​គង់វង្ស ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!