មន្ត្រីនគរបាល​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​

​ខេត្ត​កំពត ៖ សាលាដំបូង​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​បាន​បង្គាប់​ឱ្យ​ប្រធាន​មន្ទីរ​ឃុំឃាំង​ខេត្ត​កំពត​ឃុំខ្លួន​បណ្តោះអាសន្ន​ដល់​មន្ត្រី​នគរបាល​ស្រុក​ទឹកឈូ​ម្នាក់ ក្នុង​បទ​ប៉ុនប៉ង​ឃាតកម្ម​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

​យោង​ដីកា​លេខ​៨១/១៩​ចុះ​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​របស់​លោក​អាំង សុភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពត មាន​ខ្លឹមសារ​ថា ត្រូវ​បង្គាប់​មក​លោក​ប្រធាន​មន្ទីរ​ឃុំឃាំង​ខេត្ត​កំពត ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ចំពោះ​បុគ្គល ឈ្មោះ ហុក​ចេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខងារ​ជា​មន្ត្រី​នគរបាល​ស្រុក​ទឹកឈូ មាន​ទីលំនៅ​ភូមិ​មាត់ពាម​ឃុំ​មាក់ប្រាង​ស្រុក​ទឹកឈូ ខេត្ត​កំពត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយ​បទល្មើស​នេះ​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​មាត់ពាម​ឃុំ​មាក់ប្រាង​ស្រុក​ទឹកឈូ ខេត្ត​កំពត​។​តាម​ប្រភព​ក្រៅផ្លូវការ​បាន​រៀបរាប់​ថា​កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ជន​ត្រូវ​ចោទ​ដែល​ជា​មន្ត្រី​នគរបាល​ស្រុក​ទឹកឈូ​រូបនោះ​បាន​បាញ់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​កំភួនជើង​ផ្នែក​ខាងស្តាំ​។​

​ប្រភព​ដដែល​បាន​សម្តែង​ក្តីសង្ស័យថា ករណី​នេះ​អាច​ជន​ត្រូវ​ចោទ​មានបំណង​បាញ់សម្លាប់​ប្តី​របស់​ស្ត្រី​រងគ្រោះ​ក្នុងករណី​ផ្សេង តែ​ចៃដន្យ​គ្រាប់កាំភ្លើង​ហើរ​ខុស​គន្លង​គោលដៅ ទើប​ត្រូវ​កំភួនជើង​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​រងរបួស​តែម្តង​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!