​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​ចូលឆ្នាំ​ចិន​-​វៀតណាម ភ្ញៀវទេសចរ​សម្រុក​ម​ក​សម្រាក លម្ហែ​នៅ​រមណីយដ្ឋាន​ឆ្នេរកែប​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​

(​ខេត្ត​កែប​)៖ ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិចិន​-​វៀតណាម ក្រុម​អ្នកទេសចរ​បាន​សម្រុក​មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរកែប​ដូច​ទឹកបាក់​ទំនប់​។​

​យោងតាម​តួលេខ​របស់​រដ្ឋបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​ចូល​ឆ្នាំ​ចិន​-​វៀតណាម រមណីយដ្ឋាន​ខេត្ត​កែប​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង​១០​មឺ​ុ​ន​នាក់​។​នេះ​គ្រាន់តែ​ជា​តួលេខ​បញ្ជាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​

​ចំពោះ​ការធ្វើដំណើរ​មក​កាន់​គោលដៅ​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ភ្ញៀវទេសចរ​ពិតជា​សំដែង​ក្តីរីករាយ​យ៉ាង​ខ្លាំង ខណៈ​ដងផ្លូវ​សំខាន់ៗ​ជាច្រើន​របស់​ខេត្ត​កែប​ត្រូវបាន​ស្ថាបនា ពង្រីក​ដ៏​ធំ​ទូលាយ​អម​ដោយ​សួន​នៅ​ចំ​កណ្តាល ងាយស្រួល​ធ្វើ​ដំណើរ បញ្ចៀស​ការកកស្ទះ​។​លើសពី​នេះ​ក្នុង​តំបន់​ទេសចរណ៍​ខេត្ត​កែប ក៏​ត្រូវ​បាន​តាក់តែង​កែលម្អ​ប្រកប​ដោយ​សោភ័ណភាព​យ៉ាង​ស្រស់ត្រកាល​គ្មាន​ពីរ​ផងដែរ​។​

​ជាមួយនឹង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ ក្រៅពី​ការដើរ​កម្សាន្ត​នៅក្នុង​ទីប្រជុំជន​មាត់​ឆ្នេរកែប គេ​បាន​សង្កេតឃើញ​ក្រុម​អ្នកទេសចរ​បាន​នាំគ្នា​ទៅ​សម្រាក លម្ហែ​នៅតាម​តំបន់​ទេសចរ​ជាច្រើន​ទៀត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ដូចជា​ឆ្នេរ​អង្កោល តំបន់​ទេសចរណ៍​ភ្នំ​វ​ល្លិ៍ សួន​មេអំបៅ និង​នៅតាម​បណ្តា​កោះ​មួយចំនួនទៀត ពិសេស​ឆ្នេរ​កោះទន្សាយ​ជាដើម​។​

​មហាជន​ភាគច្រើន​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​មួយចំនួន​តែង​ផ្តោត​ការចាប់អារម្មណ៍​ពី​ទេសភាព​ដ៏​ស្រស់បំព្រង​គ្មាន​ពីរ​របស់​ខេត្ត​កែប ដូច​ជា​ការ​គយ​គន់មើល​ព្រៃ​ភ្នំ​ដែល​គ្របដណ្តប់​ទៅដោយ​ដើមឈើ​គ្រប់​ប្រភេទ ប្រកប​ដោយ​សម្រស់​យ៉ាង​ទាក់ទាញ​។​ការ​មក​លម្ហែ កម្សាន្ត​នាឱកាស​នេះ ភ្ញៀវទេសចរ​តែងតែ​ប្រដូច​តំបន់​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ប្រៀប​បាន​នឹង​ឋាន​តុសិត ដែល​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ស្ទើតែ​ប្រៀប​មិនបាន​។​

​ជា​ការពិត​ណាស់ ការ​មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប យើង​ពិតជា​បាន​ស្រូប​យក​នូវ​ខ្យល់អាកាស​យ៉ាង​ត្រជាក់​បរិសុទ្ធ ថែមទាំង​បាន​ភ្លក្ស​នូវ​រសជាតិ​អាហារ​គ្រឿង​សមុទ្រ​ស្រស់ៗ​គ្រប់​ប្រភេទ ប្រកប​ដោយ​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសារ​។​

​ទន្ទឹម​នឹង​កំណើន​ភ្ញៀវទេសចរ​ក្នុង​ពិធីបុណ្យ​ជាតិ​សំខាន់ៗ មហាជន​ក៏​បាន​កោតសរសើរ​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ដែល​បាននិងកំពុង​ពុះពារ ធ្វើ​ការកែលម្អ កែប្រែ​សោភ័ណភាព​ឲ្យ​កាន់តែ​ស្រស់បំព្រង ដើម្បី​ឲ្យ​សក្តិសម​ជា​ខេត្ត​ទេសចរណ៍​ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្រស់ស្អាត​ជាង​គេ​លើ​ពិភពលោក គឺ​”​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​”​គ្រប់​រដូវ​កាល​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!