ខេត្ត​កែប នឹង​មាន​រូប​ព្រះ​ពុទ្ធរូប​ដែល​មាន​ទំហំ​ធំ​ជាង​គេ​លើ​ពិភពលោក និង​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​ជាងគេ ពី​ខេត្ត​ព្រះសីហនុ មក​ខេត្ត​កែប នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​

ខេត្ត​កែប ៖ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ខេត្ត​កែប​នឹង​មាន​រូប​ព្រះ​ពុទ្ធរូប​ធំ​ជាង​គេ​លើ​ពិភពលោក និង​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ពី​ខេត្ត​ព្រះសីហនុ មក​កាន់​ខេត្ត​កែប​។​

​នេះ​ជា​ការលើកឡើង​ពី​សំណាក់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​ជំនួប​ពិភាក្សា​រវាង​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ព្រះរាជាណាចក្រ​ថៃ ដែល​ក្រុមហ៊ុន​មួយ​នេះ​ជួបពិភាក្សា​គម្រោង​វិនិយោគ​នៅក្នុង​ទឹកដី​ខេត្ត​កែប​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​រៀបរាប់​ពី​ភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល​របស់​ខេត្ត​កែប ដើម្បី​ជូន​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​វិនិយោគ​ថៃ​។

​បន្ថែម​ពី​នេះ លោក​អភិបាលខេត្ត​ក៏​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​មាន​សម្រាប់​ខេត្ត​ទាំងមូល និង​ចំពោះ​អាជីវករ​ដែល​កំពុង​បម្រើរ​សេវា​ទេសចរណ៍​នៅ​ខេត្ត​កែប ថា​ភ្ញៀវ​ដែល​មក​លេង​ខេត្ត​កែប គឺ​តាម​រដូវ​កាល មិនមែន​មកលេង​កែប​គ្រប់​រដូវ​កាល​នោះ​ទេ នេះ​ហើយ​ជា​បញ្ហា​ប្រឈម​របស់​ខេត្ត ជា​ហេតុ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ខិតខំ​បន្ថែមទៀត ដើម្បី​បំពេញ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជា​បន្តបន្ទាប់​។​

​ក្រោយពី​បាន​ស្តាប់ និង​ទស្សនា​វីដេអូ ពី​សក្តានុពល​ទេសចរ​របស់​ខេត្ត​កែប រួចមក​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ថៃ នឹង​មាន​គម្រោង​បង្កើត​តំបន់​ទេសចរណ៍​ឲ្យបាន​ទូលាយ  និង​ច្រើន​ជាង​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ឲ្យបាន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត​។ ហើយ​ក្រុមហ៊ុន​វិនិយោគ​នេះ នឹង​សន្យាថា សាងសង់​រូប​ព្រះពុទ្ធ​រូប​ដែល​មាន​កម្ពស់ និង​ទំហំ​ធំ​ជាង​គេ​លើ​ពិភពលោក និង​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ពី​ខេត្ត​ព្រះសីហនុ មក​កាន់​ខេត្ត​កែប​។

​ជាទី​បញ្ចប់ លោក​អភិបាលខេត្ត បាន​ទទួល​ការសម្ភាសន៍​ជាមួយ​កម្មវិធី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ អំពី​សក្តានុពល​របស់​ខេត្ត​កែប ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កាន់​ទូលំទូលាយ ជូន​ទូទាំង​ពិភពលោក​ឲ្យបាន​ស្គាល់​នូវ​ទេសភាព​យ៉ាង​ត្រកាល​របស់​ខេត្ត​កែប​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 3057 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!