​ឯកឧត្តម​រដ្ឋមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​លោក​ស្រី ឯកអគ្គ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​សហការី​ដើម្បី​ពិភាក្សា​ការងារ​អំពី​ការពង្រឹង នឹង​ពង្រឹក​កិច្ចសហប្រតិបត្តិការ​វា​ង​ប្រទេស រួម​ទាំង​ប្រធានបទ​ផ្សេងៗ​ទៀត​

ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ច័ន្ទ ១៥​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​កុម្ភ​: ឆ្នាំ​២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក​ស្រី អេ​វ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ដើម្បី​ពិភាក្សា​ការងារ​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស រួម​ទាំង​ប្រធានបទ​ផ្សេងៗ​ទៀត​។​

​មានមតិ​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​អំណរ​អរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​កន្លងមក​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ជា​រួម និង​ដោយឡែក​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ ជំនួយ​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​របស់​រដ្ឋាភិបាល​បារាំង​បាន​ចូល​រួមចំណែក​ធ្វើឱ្យ​វិស័យ​កសិកម្ម​មាន​ការរីក​ចម្រើន គួរឱ្យ​មោទនភាព ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​ថា​រដ្ឋាភិបាល​បារាំង​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែមទៀត ជាពិសេស​ដល់​វិស័យ​កៅស៊ូ​គ្រួសារ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​សមស្រប​តាម​និន្នាការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច កំណើន​ប្រជាជន និង​ការប្រកួតប្រជែង​ទីផ្សារ​។

​នា​ឱកាស​នេះ លោកស្រី ឯកអគ្គរដ្ឋទូត បានលើកឡើង​ពី​ចំណាប់អារម្មណ៍​របស់​លោក​ជំទាវ​ទាក់ទង​នឹង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​ការរីកចម្រើន​លើ​វិស័យ​កសិកម្ម ដែល​បាន​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ កែលម្អ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​។

​លោកជំទាវ​បាន​បន្តថា ជំនួប​នាពេលនេះ គឺជា​ឱកាស​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍​ល្អៗ និង​ធ្វើ​ការសិក្សា លើក​ទិសដៅ​បន្ត​អនុវត្ត​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។ ទោះជា​យ៉ាងណា លោកជំទាវ​ថា​នឹង​ខិតខំ​ផ្តល់​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្វើយ៉ាងណា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ស​ម​ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​នា​ឱកាស​នេះ​ដែរ​ភាគី​ទាំងពីរ​ក៏​បាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​ផង​ដែរ​ជា​អាទិ៍​÷ ទី​១. ការអភិវឌ្ឍ​វិស័យ​កៅស៊ូ​គ្រួសារ ទី​២. ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋរចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​ស្រូវ អង្ក​កម្ពុជា ទី​៣.​ការលើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម ការកែច្នៃ ការ​វេច​ខ្ចប់ ការធានា​គុណភាព សុវត្ថិភាព អនាម័យ និង​ភូតគាម​អនាម័យ (SPS) ឆ្លើយតប​តាម​និយាម​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក ទី​៤.​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ដី​កសិកម្ម​ឱ្យ​មាន​និរន្តរភាព និង​ទី​៥. វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ជ្រូក​អា​ហ្វិ​ច (African Swine Fever) ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 6550 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!