ឈ្មួញ​មាន​អំណាច​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ឧកញ៉ា ជ័យ យ៉ាង​មហន្តរាយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះឡើយ​..?

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា គ្រាន់តែ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៩ នេះ​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ បាន​ដឹក​ឈើ​ចេញពី​ឃ្លាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ចំនួន​៩០​រថយន្ត​យី​ឌុប​និង​រថយន្ត​ប្រភេទ​វ៉េ​អ​ង ដែល​ផ្ទុក​បាន​ចំណុះ​រាប់សិប​ម៉ែត្រគូប​ឬ​រាប់សិប​តោន​ក្នុង​មួយ​គ្រឿងៗ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅ​ខាង​ក្រៅទី​តាំងបាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​យ៉ាង​ឆាប់រហ័ស ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា ជ័យ ឡើយ​។ ផ្ទុយ​ទៅ​វិញ​មាន​តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​ឲ្យ​ឧកញ៉ា ជ័យ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ថ្មីៗ​នេះ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា លោក​ផ្កាយ​៣ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​សំអាត​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះទេ​ព្រោះ​ដឹង​ថា​ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ សូម្បី​តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះ​ទៅ​បំពេញបេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះ​ដែរ​ព្រោះ​ខ្លាច​របូត​ស័ក្ដិ​ពី​លើ​ស្មា​។ អាចនិយាយបាន​ថា ករណី​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៦ ខែ​មករា កន្លង​ទៅ​ថ្មីៗ​នេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ឈើ​ចេញពី​ឃ្លាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចំនួន​១៤​រថយន្ត​យី​ឌុប​ធំៗ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។
​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ទទួលស្គាល់​ថា​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ពាក់​ផ្កាយ​៣​ម្នាក់​នោះ​ទេ ព្រោះ​អាច​នាំឲ្យ​មាន​ទុក្ខ​លំបាក​ដល់​ខ្លួន ដូច្នេះ​មាន​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​។ ដោយសារ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សំអាត​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​យ៉ាងណាក៏ដោយ ក៏​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​មាន​ឈើ​រាប់រយ​រាប់ពាន់​ម៉ែត្រគូប​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បានបញ្ជាក់​ថា ឈើ​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​សព្វថ្ងៃនេះ គឺជា​ឈើ​កាប់​ចេញពី​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍ ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។
​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​ក្នុង​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​ដោយសារ​ស្ដារ​ដៃ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!