​ផ្លូវ​ឆ្ពោះទៅកាន់​សាលារៀន​ចិន គាក ឃួន ក្នុង​ទីប្រជុំជន​ស្រុក​កំពង់ត្រាច នឹង​ត្រូវបាន​អាជ្ញាធរ​ស្ថាបនា​ជា​ផ្លូវ​បេតុង​នៅពេល​ខាងមុខ​នេះ​

(​ខេត្ត​កំពត​)៖ ផ្លូវ​ឆ្ពោះទៅកាន់​សាលារៀន​ចិន គាក ឃួន ដែល​ធ្លាប់​តែ​រលួយ​វ៉ល់ ពិបាក​ធ្វើ​ដំណើរ​ចេញចូល​នោះ ឥឡូវ​ត្រូវ​បាន​គិតគូរ​រៀបចំ​ស្ថាបនា​ផ្លូវ​បេតុង ថែមទាំង​បាន​រៀបចំ​ប្រព័ន្ធ​លូ ទៅតាម​បទដ្ឋាន​បច្ចេកទេស​។​

​នេះ​បើ​តាម​ការបញ្ជាក់ ពី​លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ការរៀបចំ​ប្រព័ន្ធ​លូ ដែល​ក្រុម​ជំនាញ​កំពុង​អនុវត្ត​យ៉ាង​មមាញឹក នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៧​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​លោក​អភិបាលស្រុក បានឲ្យ​ដឹង​ផងដែរ​ថា ការស្ថាបនា​ផ្លូវ​បេតុង និង​ការងារ​រៀបចំ​ដាក់​នូវ​ប្រព័ន្ធ​លូ​អម​សងខាង​ផ្លូវ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ ៣៣(​ទីរួមស្រុក​កំពង់ត្រាច​) ចូល​មក​សាលារៀន​ចិន គាក ឃួន​នេះ គឺ​មាន​ប្រវែង​៥២៦​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក​អភិបាលស្រុក​កំពង់ត្រាច បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​រៀបចំ​នូវ​ប្រព័ន្ធ​លូ​រួចរាល់​ហើយ ស្រុក​នឹង​ចាប់ផ្តើម​អនុវត្ត​នូវ គម្រោង​ផ្លូវ​ក្រាល​បេតុង នាពេល​ខាងមុខ​នេះ​តែម្តង ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នកដំណើរ ដែល​បាន​ស្នើឡើង​ក្នុង​អង្គ​វេទិកាសាធារណៈ​ថ្នាក់​ជាតិ​កន្លងមក​។​

​សូមជម្រាបថា​៖ បន្ទាប់​ពី​រដ្ឋបាល​ស្រុក​កំពង់ត្រាច បាន​ជំរុញ​ដល់​ជំនាញ​រៀបចំ​ជា​ប្រព័ន្ធ​លូ​ធំៗ និង​រៀបចំ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង ឆ្ពោះទៅ​កាន់​សាលារៀន​ចិន​គាក​ឃួន​នោះមក មហាជន ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិតជា​មាន​មោទនភាព និង​មាន​ក្តី​រីករាយ​ឥតឧបមា ព្រោះ​កន្លងមក​កំណាត់​ផ្លូវ​មួយ​ចំណិត​នេះ​ធ្លាប់មាន​ជង្ហុគ​ធំៗ ពិបាក​ធ្វើ​ដំណើ​រទាំង​រដូវប្រាំង​និង​វស្សា តែ​ពេល​នេះ​បើ​បាន​ស្ថាបនា​យ៉ាង​ល្អ​វិចិត្រ​បែបនេះ ពួកគាត់​ពិតជា​អស់​មាន​ក្តីកង្វល់​ដូច​មុន​ទៀត​ហើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!