​ខេត្ត​កែប​ប្រារព្វ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤០​ទិវា​ជ័យជម្នះ​៧​មករា​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក​កិត្តិ​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កែប បាន​អញ្ជើញ​ចួលរួម​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧​មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅឯ​សួនច្បារ​វិមានឯករាជ្យ​ខេត្ត​កែប​។​

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​កែប និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រូប ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត ភ្ញៀវ​ជាតិ អន្តរជាតិ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

​សម្រាប់​ឆ្នាំ ២០១៩​ដែល​ជា​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ត្រូវបាន​ធ្វើ​យ៉ាង​មហោឡារិក​នៅ​ទូទាំង​ប្រទេស ដោយ​មាន​រំ​លេចចេញ​ជា​ផ្ទាំងទស្សនីយភាព​សិល្បៈ​យ៉ាង​ល្អ​វិចិត្រ​។​ដោយឡែក​សម្រាប់​ខេត្ត​កែប ការ​ប្រារព្វ​ខួប​លើក​ទី​៤០ ទិវា​ជ័យជម្នះ​៧​មករា ឆ្នាំនេះ ពិតជា​មាន​ភាព​អធិកអធម​ជាង​បណ្តា​ឆ្នាំ​មុនៗ​ផងដែរ​។​

​លោក សំ សារី​ន ប្រធានស្តីទី​គណៈកម្មាធិកា​រ​បក្ស តំណាង លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​អាន​សន្ទរកថា​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា​ដែល​បាន​កាប់សម្លាប់ និង​ធ្វើ​ទារុណកម្ម​ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ជិត ៣​លាន​នាក់​។ ការរស់នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដ៏​អាក្រក់​បំផុត​ដែល​មាន​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃនោះ គឺ​ពលរដ្ឋ​គ្មាន​សិទ្ធិ​សេរីភាព​ទេ មានតែ​ការ​បំបិទ​សិទ្ធិ​ក្នុង​ការរស់នៅ  និង​ការបង្ខិតបង្ខំ​ឲ្យធ្វើ​ការ​ហួសកម្លាំង និង​ការធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​អាយុជីវិត​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​

​ថ្ងៃ ៧ មករា ១៩៧៩ គឺជា​ការ​បើក​ឡើង​វិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ យើង​ពិតជា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ធ្វើ​ការលះបង់​យ៉ាង​ធំធេង​ក្នុង​ការប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការពារ​នៃ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​។​

​ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង បន្ទាប់​ពី​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិ​បាន​ផ្តល់ឱកាស​ពេញលេញ​ដល់​កម្ពុជា​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន​លូតលាស់​ជា​បន្តបន្ទាប់​។ នៅ​ក្រោម​ម្លប់​សន្តិភាព សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីក​លូតលាស់ ដែល​ក្នុងនោះ​គឺ​ទំហំ​ពាណិជ្ជកម្ម និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែ​កើន​ច្រើនឡើង ដែល​ធ្វើឲ្យ​កម្ពុជា​អាច​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង​៧%​។ ស្របពេល​ជាមួយគ្នានេះ​ដែរ គឺ​កម្ពុជា​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជា​បន្តបន្ទាប់​ផង​ដែរ​។

​កម្ពុជា​បាន​ខិតខំ​រើខ្លួន​ចេញ​រួច​ផុត​ពី​ប្រទេស​ក្រីក្រ គឺ​ប្រទេស​ដែល​គ្មាន​អ្វី​សោះ មក​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុងអភិវឌ្ឍន៍​ឲ្យក្លាយ​ជាប្រទេស​ដែល​មាន​ចំណូ​ល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កម្ពុជា​សព្វថ្ងៃ ក៏​កំពុង​កសាង​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ តាម​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ឲ្យ​ល្បី​រន្ទឺរ​ផងដែរ​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទាំង​ស្រុង ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​ទៅលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​កំពុង​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​គោល​នយោបាយ​ថ្មីៗ​បន្ថែមទៀត​ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខជា​លំដាប់​។​

​ក្នុងឱកាស​នោះ លោក​កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា កម្ពុជា​ត្រូវតែ​រួមគ្នា​ការពារ និង​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​ជាដាច់ខាត ពីព្រោះ​សន្តិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ និង​រីកចម្រើន​ជានិច្ច​។ នៅក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ឲ្យសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ជាពិសេស​កិច្ចការពារ និង​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស និង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវការ​នៃ​ការរស់នៅ​របស់​ប្រជាជន​, ការយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​, និង​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភា​ព​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​មុន​នឹង​បញ្ចប់ គណៈអធិបតី​និង​សមាជិក សមាជិកា​ទាំងអស់ ក៏​បាន​ចូលរួម​បង្ហោះ ប៉ោង ប៉ោង ទុក​ជា​និមិត្តរូប នៃ​ទិវាប្រ​វតិ្ត​សាស្ត្រ ថ្ងៃ​៧​មករា ដែល​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស និង​នៅលើ​សកលលោក ចងចាំ​មិន​ភ្លេច​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!