សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​ខួប​លើក​ទី ៤០ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ មករា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង   សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចួលរួម​អបអរសាទ​រ​ថ្ងៃ​ជ័យជម្នះ ៧​មករា លើក​ទី​៤០​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាង​មហោឡារិក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ ទិវា​ជ័យជម្នះ ៧​មករា ថ្ងៃនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកជំទាវ​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​, សម្តេច​ក្រឡាហោម ស ខេង ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រូប ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​សម្រាប់​ឆ្នាំ ២០១៩​ដែល​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា គឺ​បាន​ធ្វើ​យ៉ាង​មហោឡារិក​នៅ​ស្តា​អូឡាំពិក​ដោយមាន​រំ​លេចចេញ​ជា​ផ្ទាំងទស្សនីយភាព​សិល្បៈ ការរៀបចំ​ឈរ​តម្រៀប​គ្នា​ចេញ​ទង់ជាតិ​កម្ពុជា ជា​រូបភាព​ព្រាប​សន្តិភាព និង​ជា​អក្សរ​ពាក្យស្លោក​នៃ​ខ្លឹមសារ​សមិទ្ធិផល​នានា​ដែល​បាន​កើតចេញ​ពី​សុខសន្តិភាព​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មើល​ទៅ​គឺ​រស់​រវើក​និង​ទាក់ទាញ​ពិធី​ទាំងមូល​អោយ​កាន់តែ​អធិកអធម​ក្រៃលែង​។

​មុន​នឹង​អញ្ជើញ​ថ្លែង​នូវ​សុន្ទ​កថា សម្តេច​តេជោ​នាករដ្ឋមន្ត្រីក៏​បានថ្វា​យ​ព្រះ​ពរ​ចំពោះ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ សូម​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​បំផុត​សំរាប់​កូនចៅ​គ្រប់ៗ​ជំនាន់​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា​ដែល​បាន​កាប់សម្លាប់ និង​ធ្វើ​ទារុណកម្ម​ដែល​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ៣​លាន​នាក់​។ ការរស់នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ដ៏​អាក្រក់​បំផុត​ដែល​មាន​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃនោះ គឺ​ពលរដ្ឋ​គ្មាន​សិទ្ធិ​សេរីភាព​ទេ មានតែ​ការ​បំបិទ​សិទ្ធិ​ក្នុង​ការរស់នៅ  និង​ការបង្ខិតបង្ខំ​អោយ​ធ្វើការ​ហួសកម្លាំង និង​ការធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​អាយុជីវិត​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​

​ថ្ងៃ ៧ មករា ១៩៧៩ គឺជា​ការ​បើក​ឡើង​វិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ យើង​ពិតជា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ធ្វើ​ការលះបង់​យ៉ាង​ធំធេង​ក្នុង​ការប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការពារ​នៃ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​។​

​ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង បន្ទាប់​ពី​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិ​បាន​ផ្តល់ឱកាស​ពេញលេញ​ដល់​កម្ពុជា​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​អោយ​រីកចម្រើន​លូតលាស់​ជា​បន្តបន្ទាប់​។ នៅ​ក្រោម​ម្លប់​សន្តិភាព សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីក​លូតលាស់ ដែល​ក្នុងនោះ​គឺ​ទំហំ​ពាណិជ្ជកម្ម និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែ​កើន​ច្រើនឡើង ដែល​ធ្វើអោយ​កម្ពុជា​អាច​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង​៧%​។ ស្របពេល​ជាមួយគ្នានេះ​ដែរ គឺ​កម្ពុជា​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជា​បន្តបន្ទាប់​។

​កម្ពុជា​បាន​ខិតខំ​រើខ្លួន​ចេញ​រួច​ផុត​ពី​ប្រទេស​ក្រីក្រ គឺ​ប្រទេស​ដែល​គ្មាន​អ្វី​សោះ មក​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុងអភិវឌ្ឍន៍​ឲ្យក្លាយ​ជាប្រទេស​ដែល​មាន​ចំណូ​ល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កម្ពុជា​សព្វថ្ងៃ ក៏​កំពុង​កសាង​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ តាម​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ឲ្យ​ល្បី​រន្ទឺរ​ផងដែរ​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទាំង​ស្រុង ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​ទៅលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​កំពុង​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​គោល​នយោបាយ​ថ្មីៗ​បន្ថែមទៀត​ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តទៀតថា កម្ពុជា​ត្រូវតែ​រួមគ្នា​ការពារ និង​ថែរក្សា​សន្តិភាព​អោយបាន​គង់វង្ស​ជាដាច់ខាត ពីព្រោះ​សន្តិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ និង​រីកចម្រើន​។ នៅក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​អោយ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ជាពិសេស​កិច្ចការពារ និង​ថែរក្សា​សន្តិភាព​អោយបាន​គង់វង្ស និង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវការ​នៃ​ការរស់នៅ​របស់​ប្រជាជន​, ការយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​, និង​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ និង​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​កន្លងមក​តែងតែ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ និង​បាន​ផ្តល់​នូវ​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា​ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រួបរួម​គ្នា​ថែរក្សា​សន្តិភាព ពង្រឹង​ឯកភាព​ជាតិ​ខ្មែរ និង​រួម​គ្នា​ថែរក្សា​សមិទ្ធផល​ជាតិ​ទាំងឡាយ​អោយបាន​នៅ​គង់វង្ស​ស្ថិត​ស្ថិរ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​។​

​មុន​នឹង​បញ្ចាប់ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រិ បានព្រគេន​ពរ​ដល់​ព្រះសង្ឈ និង​ជូនពរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជួបតែ​សេចក្តីសុខ​ចម្រើន​។​

​ក្នុងឱកាស​នៃ​ថ្ងៃ​ដ៏​មហោឡារិក​នៃ​ខួប ៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​៧​មករា ថ្ងៃនេះ គឺ​មាន​ការ​ដង្ហែរ​ក្បួន​ព្យុះ​ហ​យាត្រា​មក​ពី​រាជធានី ខេត្ត ក្រុង​ទាំង​២៥ ដែល​បង្ហាញ​ពី​ភាព​រុងរឿង​និង​ការរីកចម្រើន​របស់​កម្ពុជា​ក្នុងរយៈពេល ៤០​ឆ្នាំ មកនេះ​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី គឺ​មាន​ពិធី​ព្រលែង​ព្រាប​សន្តិភាព និង​បង្ហោះ​ប៉ោង​ប៉ោង​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា លើក​ទី​៤០​ជា​ប្រវត្កិសាស្ត្រ​នេះ ក្នុង​បរិយាកាស​សប្បាយរីករាយ​ប្រកប​ដោយ​មោទនៈភាព​ក្រៃលែង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!