​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ដឹកនាំ​កម្លាំង​ជំនាញ​ទប់ស្កាត់​ករណី​គ្រឿងចក្រ​ជីក​កាយ​ដី​ភ្នំ​ប្រាសាទ​

(​ខេត្ត​កំពត​)៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីភ្នំ​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​។​

​ការចុះ​បង្អាក​សកម្មភាព​នេះ​ស្ថិតនៅ​ចំណុច​ភ្នំ​ប្រាសាទ ក្នុងភូមិ​ឃ្លាំង​ខាងជើង ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ បានឲ្យដឹងថា ករណី​គ្រឿងចក្រ​មក​ជីក​កាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​បាន​ប្រព្រឹត្តទៅ​ពីរ បី​ថ្ងៃ​មកហើយ ដោយ​មាន​រថយន្ត​បែន​ដឹក​ដី​ជា​ច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ដី​ចេញពី​ចំណុច​ភ្នំ​ប្រាសាទ​ទៅ​ចាក់​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ក្បែរៗ​នោះ​។​

​ប្រភព​ដដែល​បាន​បន្តថា ទីតាំង​ភ្នំ​ប្រាសាទ​កន្លង​មក​ត្រូវ​ម្ចាស់​គ្រឿងចក្រ​ជាច្រើន​បាន​លួច​ជីក​កកាយ​យក​អាចម៍ដី​លក់​ដោយ​គ្មាន​ច្បាប់ទម្លាប់​ឡើយ​។​ម្យ៉ាងទៀត​ចំណុច​ភ្នំ​ប្រាសាទ​គឺជា​ទីតាំង​មួយ​នៅ​ឆ្ងាយ​ពី​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ ទើប​ជា​ឱកាស​មួយ​សម្រាប់​ជន​ឆ្លៀតឱកាស​លួច​យក​គ្រឿងចក្រ​មក​កាយ​យក​អាចម៍ដី​តាមតែ​អំពើ​ចិត្ត​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ អភិបាល​ស្រុក​កំពង់ត្រាច លោក អូន បាន​ប្រាប់​ឱ្យដឹងថា ភ្នំ​ទាំងឡាយណា​ដែល​ជា​ស​ម្ប​តិ្ត​របស់​រដ្ឋ លោក​ដាច់ខាត​ការពារ​ឱ្យបាន គឺ​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឬ​បុគ្គល​ណា​រំលោភ​បំពាន​តាមតែ​អំពើ​ចិត្ត​នោះឡើយ​។​យ៉ាងណាមិញ​ចំពោះ គ្រឿងចក្រ​ដែល​មក​ជីក​កាយ​យក​អាចម៍ដី​នៅ​ចំណុច​ភ្នំ​ប្រាសាទ​នេះ ថ្វី​ត្បិត​ជា​របស់​កង​វិស្វកម្ម ហើយ​ដឹកជញ្ជូន​អាចម៍ដី​មកចាក់​ផ្លូវ​បែប​ណា​ក៏​ដោយ ក៏​មិន​អាច​ងាយស្រួល​នោះដែរ ព្រោះ​ថា​ម្ចាស់​គ្រឿងចក្រ​មិនបាន​ទៅ​សុំច្បាប់​ពី​អាជ្ញាធរ​និង​ជំនាញ​នៅ​ឡើយ​ទើប​លោក​ចាត់​កម្លាំង​ទៅ​ផ្អាក​សកម្មភាព​តែម្តង​។​

​ម្យ៉ាងទៀត​គ្រឿងចក្រ​ដែល​មក​ជីក​កកាយ​ដី​នៅ​ចំណុច​ភ្នំ​ប្រាសាទ​គឺ​ធ្វើ​សកម្ម​ប្រហែល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដោយ​ខណៈ​នោះ​មន្ត្រី​សាលា​ស្រុក​ក៏​បាន​ចុះ​ទៅ​ហាមប្រាម​ផងដែរ ប៉ុន្តែ​លុះ​ពេល​អាជ្ញាធរ​ត្រឡប់មកវិញ គ្រឿងចក្រ​ខាងលើ​នៅតែ​បន្ត​សកម្ម​ដដែល ប្រៀប​ដូចជា​ចុះទៅ​វែក​ចក​អីចឹង​ដែរ​។​ដូច្នេះ​ក្នុង​នាម​ជា​អាជ្ញាធរ លោក​មិន​អនុញ្ញាត​ឲ្យមាន​ការទ​ន្ទ្រាន​លើ​ដី​ភ្នំ​ប្រាសាទ​បេះ​ទៀតឡើយ លើកលែង​តែ​ក្រុមហ៊ុន​នេះ​សុំ​ច្បាប់​អនុញ្ញាត​ជាមុនសិន ៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!