លោក កែវ ចិន្តា ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​

(​មណ្ឌលគិរី​)៖ សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ធ​នឹង​មន្ត្រីនគរបាល​មួយចំនួននៅ​ក្នុង​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​មណ្ឌលគិរី បាន​លួចខ្សឹប​ដឹងថា មកដល់​ពេលនេះ​លោក​ឧត្តមសេនីយ៍ត្រី កែវ ចិន្ដា ហៅ​ធូ នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ទេនោះ គឺ​មិន​ហ៊ាន​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ ជាងនេះទៅទៀត​កន្លងមក​លោក​ផ្កាយ​១ កែវ ចិន្ដា ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ជាច្រើន​នាក់​ក្នុង​ការកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។ ជាពិសេស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក កែវ ចិន្ដា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក កែវ ចិន្ដា បាន​ដឹក​ជញ្ជូន​ឈើ​២​គោយន្ត​កែច្នៃ​ពី​ចំណុច​ឡង់​ណេះ យកទៅ​ផ្ទេរ​ដាក់​រថយន្ត​សាំ​យ៉ុង​៣​គ្រឿង​នៅ​ពូ​ត្រុំ ភូមិ​ថ្មី ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​រលូន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​បានឲ្យ​ដឹង​ដែរ​ថា​លោក កែវ ចិន្ដា ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ស្ទើរ​រាល់​យប់ ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ពូ​ត្រុំ ភូមិ​ថ្មី បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក កែវ ចិន្ដា បង្កើប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​ដោយសារ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡោ សុខា ទេ​នោះ​គឺ​លោក កែវ ចិន្ដា មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។​

​ប្រភព​បានឲ្យដឹងថា ការដែល​លោក កែវ ចិន្ដា ហ៊ាន​ប្រើប្រាស់​តួនាទី​ជា​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​អាង​មាន​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ជា​បង្អែក​រឹងមាំ ហើយក៏​មាន​ការយោគយល់​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ទៀត​ផង​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កែវ ចិន្ដា ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ ក្នុង​ខណៈ​ដែល​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!