​លោក កែ​ន សត្ថា​៖ ការប្រណាំង​ទូកផ្កាចារ​សមុទ្រ គឺ​សំដៅ​ដល់​ការចូលរួម​ថែរក្សា​នូវ​តម្លៃ​ប្រពៃណី​វប្បធម៌ ទំនៀមទម្លាប់ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​របស់​យើង

(​ខេត្ត​កែប​)៖ ការប្រណាំង​ទូកផ្កាចារ​សមុទ្រ គឺ​សំដៅ​ដល់​ការចូលរួម​ថែរក្សា​នូវ​ប្រពៃណី​វប្បធម៌ ទំនៀមទម្លាប់​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​ទៀត​។​

​នេះ​បើ​យោងតាម​ប្រសាសន៍ របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ថ្លែង​ក្នុង​ពិធី​ប្រណាំង​ទូកផ្កាចារ​សមុទ្រ នៅ​មាត់​ឆ្នេរ​កែប កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​មាន​ទូក​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​ចំនួន​៥២​ទូក​។​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​លោក គឹម ទូច រដ្ឋលេខាធិការ តំណាង លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ព្រមទាំង​អស់លោក​ជា​ថ្នាក់​ដឹកនាំ​សំខាន់ៗ​មកពី​បណ្តា​មន្ទីរ អង្គភាព​ទូទាំង​ខេត្ត​ផងដែរ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ការ​ប្រណាំងទូក​នេះ​ពិតជា​បាន​បង្ក​លក្ខណៈ​សប្បាយរីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​បាន​មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​លើ​ទឹកដី​ខេត្ត​កែប​របស់​យើង​។​ម្យ៉ាង​ទៀត​ក៏​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ​៧​មករា​(៧​មករា ១៩៧៩-៧​មករា ២០១៩)​និង​ខួប​២០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​សី​ុ​វិល​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ហើយ​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០១៨-២០១៩ គឺ​ស្របពេល​ដែល​ប្រទេសជាតិ​មាន​សុខ សន្តិភាព​ពេញលេញ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​កិត្យានុភាព​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​លោក កែ​ន សត្ថា បាន​ថ្លែង​គូសបញ្ជាក់​ទៀត​ថា នេះ​ជា​លើក​ទី​១០​នៃ​ការ​ប្រណាំងទូក​ប្រភេទ​ផ្កាចារ​សមុទ្រ ដោយ​ឆ្នាំនេះ​មាន​ទូក​ចូលរួម​ប្រកួតប្រជែង​ចំនួន​៥២​ទូក​។​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ក្រៅពី​ការប្រណាំង​ទូកផ្កាចារ​សមុទ្រ ខេត្ត​កែប​នឹង​មាន​ព្រឹតិ្តការណ៍​សំខាន់ៗ​ជាច្រើន​ទៀត ដូច​ជា​ការ​បង្ហោះគោម និង​ការអុជ​កាំជ្រួច​លម្អ​ពេល​រាត្រី ដើម្បី​អបអរ​ឆ្នាំ​សកល​ឆ្នាំ​២០១៩​ដែល​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​បន្តិចទៀតនេះ​។​

​សូមជម្រាបថា​៖ យោងតាម​របាយការណ៍​របស់លោក សោម ពិសិដ្ន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អនុ​កម្ម​ការរៀបចំ​ការ​ប្រណាំង​ទូកផ្កាចារ​សមុទ្រ បានឲ្យដឹងថា ទូក​ដែល​មក​ប្រកួតប្រជែង​ដណ្តើម​យក​ជ័យលាភី មាន​សរុប​ចំនួន​៥២​ទូក ក្នុងចំណោម​នោះ​មាន​ក្រុមកីឡា​ទូក​ស្ត្រី​ចំនួន​៣​ទូក ហើយ​ទូក​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ មាន​ចំនួន​២៦​ទូក ទូក​មាន​ចំណាត់ថ្នាក់​លេខ​២​មាន​ចំនួន​១៣​ទូក និង​ទូក​ជាប់​ចំណាត់ថ្នាក់​លេខ​៣(​ក្រោយ​គេ​)​មាន​ចំនួន​១៣​ទូក​។​លោក សោម ពិសិដ្ឋ បាន​បញ្ជាក់ទៀតថា ក្នុង​ការដណ្តើម​ជ័យលាភី ចំពោះ​ទូក​ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​ក្នុង​មួយ​ទូកៗ ទទួលបាន​ថវិកា​ចំនួន ៤០០.០០០​រៀល ស្រា​បៀរ​១​កេះ​និង​ទឹកក្រូច​១​កេះ​។ ចំណែក​ទូក​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​មួយ​ទូកៗ គឺ​ទទួលបាន​ការឧបត្ថម្ភ​ជា​ថវិកា​ចំនួន​៣០០.០០០​រៀល ស្រា​បៀរ​១​កេះ និង​ទឹកក្រូច​១​កេះ​។​ចំពោះ​ទូក​ជាប់​ចំណាត់​ថ្នាក់​ក្រោយ​គេ លេខ​៣​ក្នុង​មួយ​ទូកៗ ទទួលបាន​ថវិកា​ចំនួន​២៥០.០០០​រៀល ស្រា​បៀរ​១​កេះ និង​ទឹកក្រូច​១​កេះ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!