ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​អធិបតី​សម្ភោ​ធនូ​វ​សមិទ្ធផល​នានា ក្នុង​វត្ត​ភ្នំ​ស ស្ថិតក្នុង​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​នានា ក្នុង​វត្ត​ភ្នំ​ស ស្ថិតក្នុង​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ផងដែរ ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រម​ទាំង​អស់ លោក​-​លោកស្រី ជា​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមយុវជន​បម្រើ​ដល់​សកម្មភាព​កិច្ចការ​សង្គម​មកពី​បណ្តា​អង្គភាព​មូលដ្ឋាល​ក្នុង​ខេត្ត​និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៣០០០​នាក់​។

​យោង​តាម​សន្ទរកថា​ស្វាគមន៍​របស់ លោក ជាវ តា​យ អភិបាល​នៃ គណៈ​អភិបាលខេត្ត បានឲ្យដឹងថា​៖ សមិទ្ធផល ដែល​ត្រូវ​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​នៅពេល​នេះ​រួម​មាន​ប្រាសាទចំនួន​០១​មាន​កម្ពស់​៥​ជាន់​មាន​ទំហំ​៨​ជ្រុង និង​ក្លោងទ្វារវត្ត​ចំនួន​០១​ព្រមទាំង​មាន​សមិទ្ធផល​មួយចំនួនទៀត ដែល​មាន​ការចូលរួម​កសាង​ពី​ថ្នាក់ដឹកនាំ​នានា និង​សប្បុរសជន​ពុទ្ធបរិស័ទ​ក្នុង​និង​ក្រៅ​ប្រទេស​សរុប​ថវិកា អស់​ចំនួន ៥៤៦.៣៥០​ដុល្លារ​។

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​កំពត ប្រជាពលរដ្ឋ រួម​និង​សប្បុរសជន ពុទ្ធបរិស័ទ​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​ទាំងអស់នេះ​ដើម្បី​រួមចំណែក​បម្រើ​ដល់​ប្រយោជន៍​វិស័យ​ព្រះពុទ្ធសាសនា​នៅក្នុង​ទី​អារាម​វត្ត​នេះ និង​បាន​ចាត់ទុក​សមិទ្ធផល​ទាំងឡាយ​នៅ​ពេល​នេះ គឺ​ផ្ដើម​កើតចេញ​ពី​នយោបាយ​ឈ្នះ ឈ្នះ​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន សុខ​សន្តិភាព​ពេញលេញ មាន​ការបង្រួបបង្រួម​ជាតិ​ឯកភាព​ជាតិ​ទឹកដី​និង​មាន​សុខដុម​ប​នីយកម្ម​សាសនា​ក្រោម​ការដឹកនាំ​របស់​សម្ដេច តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អំពាវនាវ​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ថែរក្សា​ការពារ​នូវ​សមិទ្ធផល​ដែល​មាន​ដូច​សព្វថ្ងៃ​នេះ​ឲ្យបាន​ដាច់ខាត ពិសេស​សមិទ្ធផល​សន្តិ​ភាពឲ្យបាន​គង់វង្ស​យូរអង្វែង ដែល​យើងទាំងអស់គ្នា​លះបង់​គ្រប់យ៉ាង រក​បាន​មក​ដោយ​លំបាក និង​ប្រឆាំង​ដាច់ខាត​រាល់​ឧបាយកល់​ពិសពុល​ដែល​មាន​បំណង​បំផ្លាញ​សុខ​សន្តិភាព​នេះ ហើយ​បន្ត​ចូលរួម​គាំទ្រ សម្ដេច​តេជោ ហ៊ុន​សែន ដឹកនាំ​ប្រទេសជាតិ ដើម្បី​ឲ្យមាន​ការអភិវឌ្ឍ កាន់តែ​រីកចម្រើន​ត​ទៅ​អនាគត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!