លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​គណៈ​អភិបាលខេត្ត​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​និង​គណៈ​អភិបាលខេត្ត ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត អភិបាលក្រុង​-​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី​។​

​ក្នុង​របៀបវារៈ​សំខាន់ៗ​ជាច្រើន​នៃ​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា ក្រោយពី​បាន​បញ្ចប់​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​សង្កេតឃើញថា​សំណូមពរ​ភាគច្រើន​បំផុត​របស់​ប្រជាពលរដ្ឋ​គឺ​ទា​ក់ទង់​ទៅនឹង​បញ្ហា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក និង​បណ្តាញអគ្គីសនី​ប្រើប្រាស់ នៅ​តាម​ភូមិ និង​ឃុំ​ជាច្រើន​។ ដោយ​ឃើញ​ស្ថានភាព​ដូច្នេះ ទើប​ការពង្រីក ប្រព័ន្ធ​ផ្លូវថ្នល់ ទឹក និង​ភ្លើង​អគ្គីសនី​ប្រើប្រាស់ បាន​ក្លាយជា​ប្រធានបទ​មួយ​យ៉ាង​ស្រួចស្រាល់​ដែល​តម្រូវឲ្យ​រដ្ឋបាល​ខេត្ត​កំពត​ត្រូវ រិះរក​លទ្ធភាព​ធ្វើ​យ៉ាងណា​ដើម្បី​អាច​ឆ្លើយតប ក៏ដូចជា​ពង្រីក​ប្រព័ន្ធ​ទាំងបី​នេះ​ឲ្យបាន​ច្រើនជាអតិ​បរិមា​។​

​លោក ជាវ តា​យ បាន​បន្ត​លើកឡើង​ទៀតថា យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ខេត្ត ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​តម្រូវការ​ខ្ពស់ ជា​ពិសេស​ទាក់ទង​នឹង​សេវា​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុង​នោះ​ទាក់ទង​នឹង ផ្លូវ ទឹក ភ្លើង​តែ​ម្តង ។

​ឆ្លង​តាម​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ដែល​ទើបតែនឹង​បានបញ្ចប់​នៅ​សប្តាហ៍​មុន យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា នៅ​តាម​ភូមិ​ខ្លះ​គ្មាន​សូម្បី​ផ្លូវលំ​ប្រើប្រាស់ ខណៈ​ដែល​ប្រជាពលរដ្ឋ មាន​ម៉ូតូ​ថ្មី គោយន្ត ម៉ាស៊ីន​ច្រូច​ស្រូវ អ្នកខ្លះ​មាន​ដល់​រថយន្ត​ទៀត​។ ដូចគ្នានេះដែរ ប្រជាពលរដ្ឋ​មានលទ្ធភាព ក្នុងការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់ ប៉ុន្តែ​រដ្ឋបាល ស្រុក ក្រុង​គ្មាន​លទ្ធភាព​ក្នុង​ការឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។​

​លោក បានបញ្ជាក់​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត មន្ត្រី​ជំនាញ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​ប្រឹងប្រែង នឹង​បង្កើន​ការយកចិត្តទុកដាក់​រិះ​រក​គ្រប់​លទ្ធភាព ដើម្បី​អាច​ពង្រីក​ប្រព័ន្ធ​ផ្លូវ ទឹក ភ្លើង​នេះ​ឲ្យបាន​ច្រើនជាអតិ​បរិមា​។ សម្រាប់​ផ្លូវ​ថ្នល់ រដ្ឋបាល​ខេត្ត​ដាក់ចេញ​ផែនការ​ជួសជុល កែលម្អ និង​សាងសង់​ថ្មី​ឲ្យបាន​៥០​គីឡូម៉ែត្រ ក្នុង​មួយ​ខែ ខណៈ​ដែល​ឆ្នាំ​កន្លងទៅ អាច​ជួសជុល​កែលម្អ ផ្លូវ​ឡើង​វិញ​បាន​តែ​ប្រវែង​១៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​នោះ​។​

​ទាក់ទង​នឹង​ការ​យក​ដី​មក​ធ្វើ​ផ្លូវ តាម​ភូមិ​ឃុំ លោក​អភិបាល​ក៏​បាន​ស្នើ​ឲ្យ​មន្ទី​ររ៉ែ​និង​ថាមពល​ខេត្ត​ស្វែងរក​ឯកសារ អាជ្ញាប័ណ្ណ​កាន់កាប់​គ្រប់គ្រង​ភ្នំ​ឡើងវិញ ព្រោះ​ភ្នំ​នៅក្នុង​ខេត្ត​សុទ្ធតែ​មាន​ម្ចាស់ ហើយ​រដ្ឋបាល​ខេត្ត មិន​អាច​ទៅ​ទិញ​ភ្នំ​ខ្លួនឯង​មក​ធ្វើ​ផ្លូវ​នោះទេ ។

​ដោយឡែក​ទាក់ទង​នឹង ការ​ត​បណ្តាញ​ទឹក និង​ភ្លើង​វិញ លោក​អភិបាលខេត្ត បាន​ជំរុញ​ឲ្យ អង្គភាព មន្ទីរ​ជំនាញ​និង​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍ បង្កើន​លទ្ធភាព​ពង្រីក​ឲ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ព្រោះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​រដ្ឋករទឹក ពលរដ្ឋ​បាន​ដាក់​ពាក្យសុំ​ជិត​ពីរពាន់​គ្រួសារ ប៉ុន្តែ​មួយខែ​ត​បណ្តាញ​ទឹក​បាន​ត្រឹមតែ​៣០០​គ្រួសារ​ប៉ុណ្ណោះ ចំណែក​ភ្លើង​អគ្គីសនី​ប្រើប្រាស់​វិញ ត​ភ្ជាប់​យឺត​ណាស់ ជាពិសេស​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍ នៅ​តាម​ភូមិ ឃុំ ជាច្រើន ដាក់សំណើរ​រាប់​ឆ្នាំ​ទើបបាន​ប្រើ បើ​បាន​ប្រើ​ហើយ មានការ​ដាច់​ភ្លើង​ជា​ញឹកញាប់ ដែល​ទាំងនេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ត្អូញត្អែរ​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1781 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!