មេ​សាខាគយ លោក ទុំ ណូ និង មេ​គយ ណុប សំអាន​ឃុបឃិត​គ្នា​បង្កើត​ឲ្យមាន​ការិយាធិ​បតេ​យ្យ

ខេត្ត​ព្រះសីហនុ ៖ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​សព្វថ្ងៃ​ទាំង​តាម​ទូក តាម​រថយន្ត ពួកគាត់​បាន​ក្លាយទៅជា​ផ្ទាំង​ស៊ី​បលោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ទំនប់រលក អាចនិយាយបាន​ថា ករណី​នេះ​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ​ផ្តល់ឱកាស បើកភ្លើង​ខៀវ ទើប​អំពើពុករលួយ គាប​ជម្រិត បង្ខំ​ឲ្យ​ឈ្មួញ​បង់លុយ​ក្រៅពី​វិក័យ​ប​ត្រកើត​ឡើង​បែប​អនាធិបតេយ្យ សុទ្ធតែ​ជា​ចំណូល លក្ខ​ណះ​ប្រយោជន៍​បុគ្គល ក្នុង​ចេតនា​ទុច្ចរិត​បំបាត់​ចំណូល​ពន្ធ​របស់​រដ្ឋ តាមរយៈ​អំណាច ខ្លួន​មាន តួនាទី ទប់ស្កាត់​ទំនិញគេចពន្ធ បង្ក្រាប សហការ​ជាមួយ​ស្ថាប័ន​ប្រមូល​ពន្ធ​ជូន​រដ្ឋ តែ ក្លាយ​ជា​តួអង្គ​ទាញយក ប្រភព​សេដ្ឋកិច្ច​លុយ​ក្រោម​តុ និង​បង្កើត​ការិយាល័យ​អនាធិបតេយ្យឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងគំហុ​កតាម​ច្រក កំពង់​ផែ​ទំនប់រលក រហូត​ដល់​គេ​រិះគន់ថា​៖ ក្រុម​គយ​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ និង​ក្រុម​គយ​លោក ណុប សំអាន ប្រធាន​ការិយាគយ និង​រដ្ឋាករ ទំ​បនប់​រលក ធ្វើការ​របៀប​កន្ទេល​ធំ​បន្លំ​ដេក ឬ​ជា​មន្ត្រី​គ្រាប់​ល្ពៅ ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មិន​ចូល​ចិត្ត មិន​ទទួលយក​បាន​..​។​

​មន្ត្រី​គយ​តូចតាច​បានឲ្យដឹងថា លោក ណុប សំអាន បាន​ឲ្យ​មន្ត្រី​របស់​គាត់​យក​លុយ​ពី​ឈ្មួញ​ជាច្រើន​ដំណាក់កាល ស្រប​ពេល​រាល់​ទំនិញ​ដឹក​តាម​ទូក​ចូល​មក​កំពង់ផែ​ទំនប់រលក ភាគច្រើន​គេចពន្ធ ។ ដូច្នេះ​លោក ណុប សំអាន បាន​ឲ្យ​កូនចៅ​ប្រើ​វិធី​រក​លុយ​ដោយ​ការ​គាប​ឈ្មួញ ទី​១-​យក​លុយ​ពី​ម្ចាស់​ទំនិញ​នៅលើ​ទូក​ដែល​ដឹក​ពី​ប្រទេស​ថៃ ២-​យក​លុយ​ពី​ម្ចាស់​ទទួល​ចាំ​ទិញ​ទំនិញ​លើក​ពី​ទូក ៣-​យក​លុយ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ​ឲ្យ​បង់​ជា​ក្បាល​រថយន្ត ក្នុង មួយ​រថយន្ត​ពី​៣០០​ដល់​៥០០​ដុល្លារ និង​ដល់​១​ឡាន​៦០០​ដុល្លារ​ក៏​មាន ។ លើកលែងតែ​ខាង​រថយន្ត​ដឹក​ស្ករស​ដែល​យក​តម្លៃ​ទាប ខណៈ​ឈ្មួញ​បង់ ពន្ធ​គ្រប់​ចំនួន គឺ​យក​១​ឡាន​៣០​ដុល្លារ ។​

​មន្ត្រី​បាន​រំឭកថា ប្រសិនបើ​ថ្នាក់លើ​មិនបាន ចាប់អារម្មណ៍ ឬ​មាន​វិធានការ​កំណែទម្រង់រដ្ឋបាល​ទេនោះ វប្បធម៌​នៃ​អំពើពុករលួយ​របស់​លោក ណុប សំអាន ពិតណាស់ថា គាត់​មាន​ចេតនា​ទុច្ចរិត​គៃបំបាត់​ពន្ធ​នាំ​ចូល​របស់​រដ្ឋ ដើម្បី​ប្រយោជន៍​បុគ្គល បក្ខពួក ហើយក៏​ជា ប្រភព​សេដ្ឋកិច្ច ដែល​ថ្នាក់លើ​មួយចំនួន​ប្រឹង​ទទួលយក​សំណូក​ប្រចាំ​ខែ​ផង​ក៏​អាច​ថា​បាន​។​

​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​កំពង់ផែ​ទំនប់រលក បាន​លួច​បង្ហើប​អោយ​ធូ​ពោះ​ខ្លះ​ថា​៖ កន្លងមក​ក៏​ដូច​បច្ចុប្បន្ន កំពង់​ផែ​ទំនប់រលក ទំនិញ​ជា​ច្រើន​ប្រភេទ​ត្រូវបាន​គេ​ដឹងថា ភាគច្រើន​គេចពន្ធ បន្ទាប់​ពី សមត្ថកិច្ច និង​ខាង​ស្ថាប័នគយ​របស់លោក ណុប សំអាន ជា​អ្នក​បើក​ភ្លើង​ខៀវ ក្នុងនោះ​មាន​ប្រភេទ​ទំនិញ​ស្ករស ចាប់ហួយ ស្រា​បៀ កង់​រថយន្ត ដែក ស៊ីម៉ងត៍ ។​ល​។ ការនាំ​ចូល​បង់ពន្ធ​មិន​គ្រប់​ដោយសារ​អំពើ​ឃុបឃិត​គ្នា​រវាង ឈ្មួញ​និង​សមត្ថកិច្ច​គយ​កើតឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ។ ក្នុងនោះ​គេ​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែល​មាន​ឱកាស ប្រើប្រាស់​រថយន្ត​ប្រភេទ​យី​ឌុប​ជា​លក្ខណៈ​រថយន្ត​ខ្សែ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ឬ​បង់ពន្ធ​ក្លែង ភេទ​ទំនិញ​ជាដើម​…​ដឹក​ចេញពី​កំពង់ផែ​ទំនប់​រលក​បាន​មាន​ដូចជា​ក្រុមហ៊ុន ១-​គា​ធី ២-​ចៃ​រ៉ា ៣-​ចែ​វី ៤-​ណុប ៥-​កូ ៦-​សុខុម ៧-​ហួត និង​មាន​ឈ្មួញ​ជាច្រើន​ទៀត​ដែល​ជា​សែ​ទុយោ​ក្រាស់ៗ និង​មាន​ខ្នងបង្អែក​ជា​មេ​កម្លាំង ប្រដាប់​អាវុធ​ជាដើម ។​

​តំបន់​កំពង់ផែ​ទំនប់រលក ប្រសិន​បើ​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មាន​វិធានការ​ត្រួតពិនិត្យ​តាមដាន​រាល់​សកម្មភាព​នៃ​ទំនិញគេចពន្ធ​ហូរ​ចូល ហើយ​តម្រូវឲ្យ​បង់ព​ន្ធ​នាំចូ​ល​ស្របច្បាប់​គ្រប់​ចំនួន តាម​ប្រភេទ​ទំនិញ ច្រក​មួយ​នេះ​អាច​នឹង​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ មាន​ចំនួន​ច្រើន​លើសលុប ។ ប៉ុន្តែ​បច្ចុប្បន្ន​ការបង់ពន្ធ​ពិតប្រាកដ​មាន​កម្រិត​។ ដោយឡែក​អំពើ​ពុករលួយ​ក្រោម​តុ គឺ​មាន​ចំនួន​ច្រើន​លើសលុប​បំផុត​ទៅ​លើ​មេគ​យ និង​មន្ត្រី​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទទួល​សំណូក និង​គាបសង្កត់ ជំរិត​ឈ្មួញ​បាន​កើតឡើង​ជា​ទម្លាប់ ដែល​ពួកគេ​កំពុង​យក​ទៅ​ធ្វើ​មានបាន ក្នុង​សំណូម​ដែល​សង្គម​ស្អប់ខ្ពើម និង ជា​ក្រុម​មន្ត្រី​កន្ទេល​ធំ​បន្លំ​ដេក ឬ​មន្ត្រី​គ្រាប់​ល្ពៅ​នោះ ។​

​មន្ត្រី​បាន​ទម្លាយ​ថា បើទោះជា​មាន​ករណី ទំនិញ​ខ្លះ​បង់ពន្ធ​តាម​ឯកសារ​ប្រតិវេទន៍​គយ ក៏​លោក​ណុប សំអាន បង្កើត​ឲ្យមាន​ការិយាធិ​បតេ​យ្យ​បង់លុយ​ក្រោម​តុ ក្នុង​មួយ​ឯកសារ​យ៉ាង​តិច​ចាប់ពី​៧០​ដុល្លារ ឬ​ជាង​១០០​ដុល្លារ ចាត់ចែង​ទៅ​មន្ត្រី​គយ ។​

​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ចេញពី​កំពង់ផែ​ទំនប់រលក អះអាងថា​៖ ទោះជា​រត់ការ​ឯកសារ​ប្រតិវេទន៍​គយ​បង់ពន្ធ​នាំ​ចូល​ក៏​ដោយ ក៏​នៅតែ​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ពេល​ដឹក​ចេញ ហើយ​ក្នុង​១​ថ្ងៃ ឬ​១​យប់​មាន​ឡាន​ដឹក​ទំនិញ​ប្រភេទ​យី​ឌុប ចាប់ពី​៥០​គ្រឿង ទៅ​៦០​គ្រឿង​។ ក្នុង​នោះ​ខាង​ឈ្មួញ​និង​ក្រុមហ៊ុន​អះអាង​ថា​៖ បង់​អោយ​១​ឡាន​៣០០$ ខ្លះទៀត​៥០០$​នេះ​ជាដើម​។ ដោយឡែក​ខាង​ឡាន​ដឹក​ស្កសរ មួយ​ឡាន​បង់​៣០$​។ បើ​ការនាំ​ចូល​បង់ពន្ធ​តាម​ឯកសារ​ប្រតិវេទន៍​គយ​ហើយ ហេតុ​អី​ត្រូវ​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ទៀត ឬ​មួយ​ការ​នាំចូល​មាន​ភាពមិនប្រក្រតី​ណាមួយ​…??? គឺ​លោក​បណ្ឌិត មិន​ធ្វើ​ការអធិប្បាយ​បកស្រាយ​តាម​នីតិវិធី​គយ​។​

​ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ អង្គភាព​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក បានឡើយ ។ ដោយឡែក លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ មិនអាច​សុំ​ការបំភ្លឺ​បាន​ផងដែរ ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 9672 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!