​សម្ដេច​ចក្រី ហេង សំរិន ថ្លែងថា ចលនា​២​ធ្នូ មិន​ត្រឹមតែ​បង្ហាញ​ពី​ការលះបង់ ពលី​កម្ម តស៊ូ ស្នេហា​ជាតិ​ទេ តែ​ជា​កញ្ចក់​ជា​មេរៀន​សម្រាប់​កម្ពុជា​កុំឲ្យ​ធ្លាក់​ក្នុង​សង្គ្រាមទៀត​

​ស្រុក​ស្នួល​, ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​៤០ ថ្ងៃ​បង្កើត​រណសិរ្ស​យ៉ាង​មហោឡារិក ក្រោម​អធិបតីភាព សម្ដេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ស្ថាបនិក​រណសិរ្ស ដោយ​មាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​ប្រមាណ​៣​ម៉ឺន​នាក់​។​

​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា បានកកើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ដែលមាន​សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​វីរៈ​ស្នេហា​ជាតិ​ផ្សេងទៀត ជា​ថ្នាក់ដឹកនាំ​។ រណសិរ្ស​២​ធ្នូ​បាន​ជួយ​រំដោះប្រជាជន​និង​ប្រទេស​កម្ពុជា ចេញពី​រណ្តៅ​មរណៈ​នៃ​របប​ប៉ុលពត នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។ ពិធី​ប្រារព្ធ​ខួប​៤០​ឆ្នាំ ថ្ងៃ​បង្កើត​រណសិរ្ស បាន​រៀបចំ​ធ្វើឡើង​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កន្លែង​ដែល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បានកកើតឡើង​កាលពី​៤០​ឆ្នាំមុន​។​

​សម្ដេច​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នេះ គឺ​ក្នុង​ស្មារតី​រំលឹក​ការ​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យ ពូជសាសន៍​ប៉ុលពត​។​

​សម្ដេច​ចក្រី ហេង សំរិន បាន​រំលឹកថា អ្នកសេ្នហាជាតិ​ដ៏​បរិសុ​ទ្ធ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត បាន​ក្រោកឈរ​តស៊ូ​ប្រកប​ដោយ​វីរភាព​អង់អាច​ក្លាហាន ប្រឆាំង​នឹង​របប​ខ្មែរក្រហម ហើយ​បាន​រួម​គ្នា​បង្កើត «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» នៅ​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨​។ ដោយ​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ទាន់ពេលវេលា ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ផង ចលនា​តស៊ូ​២​ធ្នូ បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។​

​សម្ដេច ហេង សំរិន បាន​មានប្រសាសន៍​បន្ត​ថា «​ប្រវត្តិសាស្ត្រ មិនមែន​ជា​ការនិពន្ធ​ទេ ប៉ុន្តែ​គឺជា​អ្វីៗ ដែល​មាន​ពិត និង​មិន​អាច​ប្រកែក​បាន​ឡើយ​។​

​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ចំពោះ ការរស់រានមានជីវិត​ឡើងវិញ ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ ផល​លំបាក​រាប់ម៉ឺន​ជំពូក​។ យើង​បាន​កសាង​អភិវឌ្ឍន៍​កម្ពុជា​ពី​បាតដៃ​ទទេ​។ ដៃ​ម្ខាង​កសាង​ជាតិ ដៃ​ម្ខាង​ការពារ​កុំ​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិលត្រឡប់​មក​វិញ​។ កម្ពុជា​ដ៏​ក្រីក្រ​បំផុត ថែមទាំង​ត្រូវ​ទទួលរង​នូវ​ការហ៊ុមព័ទ្ធ ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​អយុត្តិធម៌​ថែម​ទៀត ពី​សំណាក់​ប្រទេស​មួយចំនួន ដែល​បាន​រួមគ្នា ប៉ុនប៉ង​កម្ចាត់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទៀត​»​។​

​សម្ដេច​ចក្រី សង្កត់ធ្ងន់​ថា «​ទំ​រាំ​មាន​ថ្ងៃនេះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​ជាតិ​និង​ប្រជាជន​។ យើង​បាន​យក​អាយុជីវិត​ប្តូរ​នឹង​សេចក្តីសុខ​របស់​ប្រជាជន​និង​ការរីកចម្រើន​ប្រទេសជាតិ​»​។​

​ទោះជា​យ៉ាងណា សម្ដេច​ចក្រី ហេង សំរិន បានលើកឡើង​បន្ថែមថា ឆ្លងកាត់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការដឹកនាំ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ កម្ពុជា​បាន​ស្មើ​មុខមាត់​ស្មើ​មាត់​ជាមួយ​ពិភពលោក​។ អន្តរជាតិ​បាន​បង្កើន​ចំណង​សាមគ្គីភាព​មិត្តភាព សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ប្រធាន​ស្ថាបនិក​រណសិរ្ស​២​ធ្នូ បាន​លើកឡើង​ថា កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែល​ជា​បុរេ​លក្ខខណ្ឌដ៏​ចាំបាច់ ក្នុង​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ការលើកកម្ពស់​ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរឡើង​។ កម្ពុជា​កំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច គឺ​ពី​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តាមបែប​យថាផល ទៅ​ជា​កសិឧស្សាហកម្ម ឧស្សាហកម្ម និង​សេវាកម្ម​។ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម កម្រិត​ទាប ហើយ​កំពុង​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

​សម្ដេច​ចក្រី ហេង សំរិន បាន​បន្ថែមថា ស្មារតី​២​ធ្នូ ក៏ដូចជា ស្មារតី​៧​មករា​ដែរ តែង​បាន​ចារិក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាជន​គ្រប់រូប និង​បាន​ប្រែ​ក្លាយទៅជា​កម្លាំង​យ៉ាង​ធំធេង​ក្នុង​ការបង្កើតឡើង​នូវ​សមទ្ធិ​ផល ធំៗ​នៃ​សង្គមជាតិ​។ ក្រោម​ពន្លឺ​សុខសន្តិភាព សេរីភាព និង​ក្នុង​ជំហរ​ក្តាប់ជាប់​នូវ​ជោគវាសនា​របស់​ខ្លួន កម្ពុជា​ជឿជាក់ថា នឹង​គ្មាន​ការកើតឡើង​ជាថ្មី ទៀត​នូវ​សោ​កនា​កម្ម​ដូច​ក្នុង​អតីតកាល​ឡើយ​។​លោក ហេង សំរិន បាន​លើកឡើង​ថា «​យើងទាំងអស់គ្នា​ចងចាំ​ជានិច្ច​ថា ថ្ងៃទី​២ ធ្នូ ១៩៧៨ មិន​ត្រឹមតែ​ជា​ថ្ងៃ​ដែល​កម្ពុជា​បោះជំហាន​ចេញ​ពី​ភាព​ហិនហោចខ្លោចផ្សា​នោះទេ និង​មិន​ត្រឹមតែ​បាន​បង្ហាញ​ពី​ស្មារតី​លះបង់ និង​ការរួបរួម​កម្លាំង​អ្នកតស៊ូ​ស្នេហា ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ២ ធ្នូ ១៩៧៨ ក៏​បាន​ក្លាយ​ទៅ ជា​កញ្ចក់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ផងដែរ សម្រាប់​កម្ពុជា យក​ធ្វើជា​មេរៀន ក្នុង​ការដឹកនាំ​ប្រទេសជាតិ កុំឲ្យ​ភ្លាំងភ្លាត់​ធ្លាក់​ក្នុង​អន្លង់​ប្រវត្តិសាស្ត្រ​នៃ​នរក​អ​វចី​ជាថ្មីទៀត​»​។​

​ក្នុង​ឱកាស​ខួប​លើក​ទី​៤០​ឆ្នាំនេះ លោក​ប្រធាន​ស្ថានិករណ​សិរ្ស​២​ធ្នូ ក្រៅ​ពី​បាន​លើកឡើង​ពី​ប្រវត្តិ​អតីតកាល ការលះបង់​របស់​វីរៈជន​ស្នេហា​ជាតិ លោក​ក៏​មិន​ភ្លេច​លើកឡើង ពី​ការជួយ​គាំទ្រ​ដល់​កម្ពុជា​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​នោះ​ដែរ​។​

​សម្ដេច​ចក្រី បាន​គូសបញ្ជាក់ថា «​ក្នុងនាម​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខ្ញុំ​សូម​សម្តែង​ការគោរព និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍​អ្នកផ្តល់​ជំនួយ​ទាំងឡាយ​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ស្មោះសរ​ចំពោះ​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​ប្រជាជន​កម្ពុជា តាំងពី​ក្នុង​ដំណាក់កាល​រំដោះ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ យើងខ្ញុំ​សង្ឃឹម​ជឿជាក់ថា សហគមន៍​អន្តរជាតិ នឹង​បន្ត​ផ្តល់​វិភាគទាន​ដ៏​ថ្លៃថ្លា​ថ្មីៗ​ថែម​ទៀត ដើម្បី​រួមចំណែក​ពង្រឹង​បុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​នៅ​កម្ពុជា​»​។​

​ជា​អ្នក​ដែល​បាន​បូជា​ជីវិត​និង​ពេលវេលា​ដើម្បី​ជាតិ សម្តេច​ប្រធានរដ្ឋសភា មិន​ចង់​ឃើញ​ប្រទេសជាតិ​មាន​សង្គ្រាម​ទៀត​ទេ ដូច្នេះ​សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​កម្ពុជា​ទាំងអស់ ចង​ចាំ​ថា សន្តិភាព គឺជា​កត្តា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ដល់​ដំណើរ​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សមធម៌ និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត ប្រកបដោយ​កិត្តិយស​របស់​ប្រជាជន​យើង​។ បើ​យើង​បាត់បង់​សន្តិភាព នោះ​យើង​នឹង​ត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។​

​ម្យ៉ាងទៀត​ទម្រាំ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​កើតមាន​ដូច​ពេល​នេះ គឺ​យើង​បាន​ឆ្លងកាត់​អស់​រាប់​សតវត្ស​នូវ​រឿងរ៉ាវ​មហា​ទុក្ខសោក​វេទនា​ជាទីបំផុត​។ «​ក្នុងន័យនេះ បើ​ទោះ​បី​ត្រូវ​លះបង់​ក្នុងតម្លៃ ណាក៏ដោយ គឺ​យើង​មិន​អាច​ទុក​ឱកាស​ឱ្យ​ក្រុម​ប្រតិកិរិយា បំផ្លិចបំផ្លាញ​សមិទ្ធផល​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​នា​ពេល​កន្លងមក​បាន​ឡើយ​។
​ហេតុនេះ ចូរ​យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ជាតិ​យើង​»​។ នេះ​ជា​ការអំពាវនាវ​របស់​សម្ដេច ហេង សំរិន នៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ពី​ទឹកដី​ប្រវត្តិសាស្ត្រ ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​៕

 

​សម្ដេច​ចក្រី ហេង សំរិន ថ្លែងថា ចលនា​២​ធ្នូ មិន​ត្រឹមតែ​បង្ហាញ​ពី​ការលះបង់ ពលី​កម្ម តស៊ូ ស្នេហា​ជាតិ​ទេ តែ​ជា​កញ្ចក់​ជា​មេរៀន​សម្រាប់​កម្ពុជា​កុំឲ្យ​ធ្លាក់​ក្នុង​សង្គ្រាមទៀត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 7443 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!