​សមត្ថកិច្ច​ជំនាញ​ខេត្តកំពង់ធំ​បង្កើត​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ខណៈ​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បង្ក្រាប

ខេត្ត​កំពង់ធំ ៖ បច្ចុប្បន្ន​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ស្រុក​ស្ទោង ក្នុង​ឃុំ​ពាម​បាង​និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​កក្រើក​ផ្ទៃ​ទឹក​ខណៈ​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​។

​ប្រជាពលរដ្ឋ​នេសាទ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ឆ្នុក​ភ្លើង​ពណ៌ និង​យ៉ាំង​កាវ យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​និង​លោក​យ៉ាន់ វិសាក់ ហៅ​សែ ក្នុងនាម នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹង​ថា​មួយរយៈ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយ​សារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ  មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ឲ្យបាន​ទាន់​ពេលវេលា​នោះ​ឡើយ​។ បញ្ហា​នេះ​ហើយ​ដែល​មន្ត្រី​រដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​ហើយ​ពួកគេ​បែរជា​គាបសង្កត់​យ៉ាងខ្លាំង​មកលើ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​មូលដ្ឋាន​ទៅ​វិញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​ប្រើ​ឆ្នុក​ភ្លើងពណ៌​បៃតង​និង​បទល្មើស​ប្រើរ​បាំងសាច់​អួន​ក្រឡា​ញឹក​ដែលមាន​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​កំពុង​កើតឡើង​ព្រោងព្រាត​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បា​ង  ទេ​នោះ​គឺ​គ្មាន​ជនល្មើស​ណា​អាច​ប្រព្រឹត្ត​បទល្មើស​ដូច​សព្វថ្ងៃនេះ​ទេ​។ អាចនិយាយបាន​ថា លោក ហួន ផល លោក​យ៉ាន់ វិសាក់ ហៅ​សែ ក្នុងនាម នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទើប​បទល្មើស​កើតឡើង​យ៉ាងគំហុក​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល គួរ​ពិនិត្យ​ឡើងវិញ​ចំពោះ​បញ្ហា​ខាងលើ​នេះ​ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​

​តាម​ការកត់សម្គាល់រ​បស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា លោក ហួន ផល និង​លោក​យ៉ាន់ វិសាក់ ហៅ​សែ ក្នុងនាម នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តា​យ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល ហើយ​ឃុបឃិត​ឲ្យមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​កាន់តែ​ច្រើន​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​ប្រើ​ឆ្នុក​ភ្លើងពណ៌​និងរ​បាំងសាច់​អួន​ក្រឡា​ញឹក កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ចំណុច​សាន​ក្រង បាក់​ដាវ ពេជ្រ​ក្រី ដូន​ស្ដើង ពៅ​វើយ និង​តំបន់​បាឡ​ត ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ហើយ​សូម្បី​តែ​ក្នុង​តំបន់​អភិរក្ស​ក៏​មាន​បទល្មើស​កើតឡើង​យ៉ាងគំហុក​ផងដែរ​។ មជ្ឈដ្ឋាន​ខ្លះ​មាន​ការសង្ស័យ​ថា​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ផង​ដែរ​ទើប​បណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​យ៉ាង​រាលដាល​។​

​ពាក់ព័ន្ធ​នឹង​ពត៌មាន​ខាងលើ​នេះ​សារពត៌មាន​យើ​បាន​ទំនាក់ទំនង​ទៅ​អ្នកពាក់ព័ន្ធ​ដែរ​តែ​មិន​លើក​ទូរស័ព្ទ​៕

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 6636 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!