ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ដ្រ​»៖ ក្រុមយុវជន​ប្រមាណ​៧០០​នាក់ បាន​ធ្វើដំណើរ​ទៅដល់​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ ដោយ​សុវត្ថិភាព​ទាំងអស់គ្នា​

(​ក្រចេះ​)៖ ក្រុមយុវជន​ប្រមាណ​៧០០​នាក់ ដែល​ចូលរួម​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ដ្រ​» ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ធ្វើដំណើរ​ទៅដល់​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ ស្ថិត​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ​ហើយ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​តាម​ការបញ្ជាក់​ពី​ក្រុមយុវជន ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ បានឲ្យ​ដឹង​នៅរ​សៀលថ្ងៃនេះ​ថា ក្រុមយុវជន​ទាំងអស់​បាន​ធ្វើដំណើ​រវិ​មាន​អនុស្សាវរីយ៍​ទាំងអស់គ្នា ប្រកបដោយ​សុវត្ថិភាព​ហើយ បើ​ទោះ​មាន​អ្នកខ្លះ​ជួបប្រទះ​នូវ​បញ្ហា​ឈឺ​ជើង ឬរ​មូល​ក្រពើ បន្ដិចបន្ដួច​ក៏​ពិតមែន ដោយសារ​តែ​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ​។​

​យ៉ាងណាមិញ ចំពោះ​បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់​វិញ ត្រូវបាន​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា សម្រាប់​ទីតាំង​ដែល​ត្រូវ​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ត្រូវបាន​រៀបចំ​រួចរាល់​ហើយ យ៉ាង​មាន​លក្ខណៈ​ល្អប្រសើរ ដោយ​រង់ចាំ​តែ​ថ្ងៃ​ប្រារព្ធ​មកដល់​ប៉ុណ្ណោះ​។​

​សូម​រំលឹក​ថា ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» មាន​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​ចេះ​រួបរួម​គ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់​ខ្លួន ក៏ដូចជា​កម្រិត​នៃ​ការតស៊ូ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង រួម​ជាមួយ​ការស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​រួមគ្នា​នៅ​លើ​គន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​។ ដោយឡែក ២​ធ្នូ ឆ្នាំនេះ គឺជា​ខួប​៤០​ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែល​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​កម្លាំង​យុវជន​រង​ការ​ធ្វើ​ទុក្ខ ម្នេញ និង​ជិះជាន់​យ៉ាង​វេទនា ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ ប៉ុល ពត ខៀវ សំផន និង អៀង សារី បាន​រួបរួម​ពូន​កម្លាំង​គ្នា ជា​ធ្លុង ដើម្បី​ផ្តួល​នូវ​ដ៏​យង់ឃ្នង និង​សម្លាប់​រង្គាល​មួយ​នេះ ហើយក៏​ជា​ជំហាន​ស្រោចស្រង់​កម្ពុជា​ចេញ​ពី​គំនរ​ផេះផង់​មករក​ភាព​រីកចម្រើន នាពេល​បច្ចុប្បន្ន​ផង​ដែរ​។​

​ពិធី​ដ៏​អធឹកអធម​ខាងលើនេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស​រាប់​ម៉ឺន​នាក់​ផងដែរ ៕

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2378 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!