រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​អញ្ចើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ

នៅ​សណ្ឋាគារ​ភ្នំពេញ វេលា​ម៉ោង ១៨:០០​ល្ងាច ថ្ងៃ​អង្គារ ៥​រោច ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អញ្ចើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ​។ ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នា​ថ្ងៃនេះ ក៏​មាន​វត្តមាន​របស់​ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា លោក Joeng Yun Gil នាយក​អង្គការ KOICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ​ជាតិ អន្តរជាតិ និង​អតីត​និស្សិត​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​ក្នុងនាម​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការ KOICA និង​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អប្រសើរ​ក្នុង​ការរៀបចំ​ពិធី​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ដែល​សកម្មភាព​នេះ​បាន​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​បាន​តម្កល់ មនុស្ស ជា​អាទិភាព​ទី​១ នៅ​លើ​គេ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ចជាតិ និង​សង្គម​ក្នុងសម័យ​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ផ្តោត​ជា​សំខាន់​ក្នុងការ​ជម្រុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការធ្វើ​យន្តុ​ពាណិជ្ជកម្ម​កសិកម្ម ឌីជីថល​រូបនីយកម្ម​កសិកម្ម​ដែល​បាន និង​កំពុង​ក្លាយ​ជា​ទ​ទ្ប្លី​ក​រណ៍​កំណើន​ថ្មី​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ និង​បាន​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​និង​វិស័យ​ឯកជន​មាន​លទ្ធភាព​ផ្សាភ្ជាប់​ទៅនឹង​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​លើសពីនេះ​ទៀត ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​តាមរយៈ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​កសិកម្ម​ព្រែកលាប និង​កំពង់ចាម រួយ​ជាមួយ​ការជួយ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ដូចជា​សាធារណរដ្ឋ​កូរ៉េ​និង​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​បាននិងកំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ជា​មធ្យម​និស្សិត​ប្រមាណ​ជា ១ ២០០​នាក់​ត្រូវបាន​បញ្ចប់​ការសិក្សា​ជា​រៀងរាល់ឆ្នាំ​។ អ្វី​ដែល​គួរ​ជាទី​មោទនៈ​នោះ​គឺ ក្នុងនោះ​និស្សិត​ជាង ៩៥% ដែល​បាន​បញ្ចប់​ការសិក្សា​កំពុង​ចូល​បម្រើ​ការងារ​ក្នុង​គ្រប់​វិស័យ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា​នឹង​មាន​និស្សិត​ជាច្រើន​ពិនិត្យ ពិចារណា និង​មាន​ចំណាប់​អារម្មណ៍​បន្ត​ការ​សិក្សា​ជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​មួយកម្រិត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2276 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!