លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រៃវែង បង្ខំ​ឲ្យ​ឈ្មួញ​, ក្រុមហ៊ុន​ដឹកទំនិញ​, បង់លុយ​ក្បាល​ឡាន និង​បង់​ប្រចាំខែ​

​ខេត្ត​ព្រៃវែង​៖ លោក កាំ​ង លាង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង  រង​នូវ​ការរិះគន់​ពី​មជ្ឈដ្ឋាន​អ្នករកស៊ី ក្នុងករណី​គាត់​បាន​ប្រើ​វ​ប្បធ​ម៍​ការងារ​តាម​ទម្លាប់ កៀបសង្កត់ បង្ខំ​អោយ​ឈ្មួញ​បង់ប្រាក់ គិត​ជា​ក្បាល​ឡាន គិត​ជា​ខែ គ្រប់​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវជាតិ​៨ ដោយ​គាត់​ប្រើ​មធ្យោបាយ​ដោយ​យក​អំណាច​ឥទ្ធិពល ក្នុងនាម​ខ្លួន​មាន​តួនាទី​ភារកិច្ច ទប់ស្កាត់ បង្ក្រាប​ទំនិញរត់ពន្ធ ការប្រមូល​ពន្ធ ទៅ​ឆក់​យក​សេដ្ឋកិច្ច​សម្រាប់​បុគ្គល​ខ្លួនឯង បក្ខពួក និង​រក​ប្រភព​សេដ្ឋកិច្ច​ពុករលួយ​មួយចំនួន​ធំ​ទៀត ត្រូវ​យក​ទៅ​បំពេញ​តម្រូវការ​ថ្នាក់លើ​។​

​ដូច្នេះ​ដើម្បី​បាន​លុយ​ពី​ឈ្មួញ​ក្រៅវិ​ក័យ​ប​ត្របង់​ពន្ធចូល​រដ្ឋ គឺ​លោក កាំ​ង លាង រក​គ្រប់​វិធីសាស្ត្រ ក្នុងន័យ​គម្រាម «​បើ​មិន​បង់លុយ​គឺ​ចាប់ ឬ​ឆែកឆេរ​» សំដៅ​រំខាន​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន ខណៈ​គាត់​បាន​ក្តោប​ព័ត៍មាន​ជុំ ស្គាល់​ពី​ក្រ​យ៉ៅ មុខ​ឈ្មួញ​រក​សុ​ី​គេចពន្ធ បង់ពន្ធ​មិន​គ្រប់ បង់ពន្ធ​ក្លែងភេទ​ទំនិញ ពី​ទំនិញ​នាំចូល​បង់ពន្ធ​ខ្ពស់ មក​បង់ពន្ធ​ទាប ហើយ​បង់​មិន​គ្រប់​ចំនួន​ថែមទៀត​, ទំនិញ​បង្កប់ ពិសេស​ទំនិញគេចពន្ធ​បង្កប់​តាម​ឡានក្រុង​នេះ​ជាដើម​។​

​ឈ្មួញ​បាន​រៀបរាប់​ត្រួសៗ​ថា​៖ ករណី​បង់លុយ​អោយ​លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង គឺ​បង់​អោយ​ខាង​សាខា ផង បង់​អោយ​ខាង​គយ​ចល័ត ក្រោម​ការគ្រប់គ្រង​របស់លោក កាំ​ង លាង ផង ទើប​អាច​ដំណើរការ​ដឹកជញ្ជូន​លោតឆ័ត្រ​បាន បង់ពន្ធ​ខ្លះ គេច​ពន្ធ​ខ្លះ ទំនិញ​បង្កប់​ខ្លះ ។ ក្នុងនោះ​លោក កាំ​ង លាង បែក​ចែក​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ជា​២​ប្រភេទ​៖ ទី​១-​បើ​ឈ្មួញ​មានបុណ្យ​ស័ក្តិយស មាន​សែ​ទុយោ មាន​អ្នកធំ​ផ្តាំផ្ញើ លោក កាំ​ង លាង អោយ​បង់​តែ​ក្បាល​ឡាន​ទេ ដោយ​១​ឡាន​យក​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ ឬ​ពី​២៥០​ដុល្លារ​-៣០០​ដុល្លារ​។ ទី​២-​បើ​ជា​ឈ្មួញ​, ក្រុមហ៊ុន​ដឹកជញ្ជូន​ធម្មតា គឺ​លោក កាំ​ង លាង តម្រូវអោយ​បង់​១​ឡាន យក​១៥០​ដុល្លារ ទៅ​២០០​ដុល្លារ ឬ​ពី​២៥០​ដុល្លារ​-៣០០​ដុល្លារ និង​បង់​ប្រចាំខែ​បន្ថែម ក្នុង​១​ខែ​ចាប់ពី​៥០០០​ដុល្លារ ទៅ​១០០០០​មុឺន​ដុល្លារ ។ ក្រៅពី​បង់​របៀបនេះ លោក កាំ​ង លាង ក៏​បង្ខំ​អោយ​ឈ្មួញ​បង់​បន្ថែម​មួយ​ជាន់​ទៀត​ទៅ​ខាង​គយ​ចល័ត​ក្រោម​ការគ្រប់គ្រង​របស់​គាត់​។ ដោយឡែក​ឡានក្រុង​រាប់សិប​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពី​កម្ពុជា​-​វៀតណាម គ្រប់​ក្រុមហ៊ុន​គឺ​លួច​បង្កប់​ទំនិញគេចពន្ធ​ទាំងអស់ មាន​ជា​សំលៀក​បំពាក់​(​ប្រេន​) គ្រឿង​អេឡិចត្រូនិក ម៉ា​សុឺន ប្រេង​ម៉ា​សុឺន សត្វ​ក្រួច ។​ល​។ ពួកគេ​ត្រូវ​បង់លុយ​អោយ​លោក កាំ​ង លាង ប្រចាំ​ខែ​ជា​ក្បាល​ឡាន​និមួយៗ ទៅ​តាម​ក្រុមហ៊ុន​មាន​ឡាន​តិច​ឬ​ច្រើន​។​

​ចំពោះ​ទំនិញ​វិនិយោគ​នាំចូល ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ មាន​ជា​ម៉ា​សុឺន ម៉ា​សុឺន​ដេរ កំណាត់ សម្រាប់​យក មក​ដំណើរការ​អោយ​វិស័យ​ក្រុមហ៊ុនកាត់ដេរ ក៏​លោក កាំ​ង លាង​បង្ខំ​អោយ​បង់លុយ​១​ឡាន​២០​ដុល្លារ​ផង​ដែរ​។​

​ករណី លោក កាំ​ង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង បាន​ជាប់​ពាក់ព័ន្ធ និង​អំពើពុករលួយ​យ៉ាងជ្រៅ ខណៈ​ទឹកបាក់​ទំនប់​ស្រេកឃ្លាន និង​ផលប្រយោជន៍ លាភសក្ការៈ និង​ស្របពេល​មេ​អង្គភាព ក៏​ត្រូវការ​អោយ កូនចៅ​បន្តក់ ឬ​ឆ្ងាញ់ និង​លុយខ្មៅ​នេះ ក៏​មាន​មន្ត្រី​គយ​ខ្លះ​លើកឡើងថា​៖ លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង កំពុង​មាន​មោទនភាព និង​ការ​បាន​លុយ​ដោយ​ការងារ​ទម្លាប់ ប៉ុន្តែ​អំពើពុករលួយ នេះ​អាច​ឈាន​ដល់​វិនាស ឬ​គ្រោះថ្នាក់​ដល់​តំណែង ប៉ះពាល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ប៉ះពាល់​ដល់​ថ្នាក់លើ ក្នុងសម័យ​កំណែរ​ទម្រង់​រដ្ឋបាល​ស៊ីជម្រៅ​នៃ​ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់​នេះ​។​

​ពួក​គាត់​បន្ត​ថា​៖ បច្ចុប្បន្ន​បញ្ហា​លុយ គឺ​ថ្នាក់លើ​ចាំបាច់​ត្រូវ​ទទួលយក មិនមែន​ហោប៉ៅ​ចុះ​ក្រោម​ទេ ប៉ុន្តែ​ដល់​មានរឿង​បែក​ពាង​ប្រហុក ស្អុយ​ឈ្មោះ និង​រឿង​អំពើពុករលួយ ប្រាកដ​ណាស់​ថា មេ​ខាងលើ​មិន​ព្រម​ទទួល​យក​រឿង​ទេ បានន័យថា​៖ (​សក់​អ្នកណា ក្បាល​អ្នក​ហ្នឹង​) នេះ​ជា​ទម្លាប់​ពីមុន​ទុក​ដល់​បច្ចុប្បន្នកាល​។​

​ពាក់ព័ន្ធ​ករណី​លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង យក​លុយ​ក្បាល​ឡាន អោយ​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន​បង់លុយ​ប្រចាំខែ ផ្ទុយ​ពី​គោលការណ៍​ណែនាំ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ កម្ពុជា ។​

​សារ​ព័ត​មាន​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​លោក កាំ​ង លាង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រៃវែង​បាន​នោះទេ​?

Filed in: ខេត្តព្រៃវែង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!