​ចាប់​ឃាត់ខ្លួន ព្រះសង្ឃ​មួយ​អង្គ បន្ទាប់​ពី​ចាក់​ស្ត្រី​ម្នាក់​ចំ​ក បណ្តាលឲ្យ​រងរបួស ឈាម​ស្រោច​ពេញ​រថយន្ត

​ខេត្ត​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​ជាង​០៦​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​គួរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​ព្រះសង្ឃ​មួយអង្គ បាន​ចាក់ទៅលើ​ស្ត្រី​ម្នាក់​ចំ​ក បណ្តាលឲ្យ​រងរបួ​សឈាម​ស្រោច​ពេញ​រថយន្ត​ហាយ​ឡឺន​ឌឺ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច​អូរ​ខៃ​ដន ស្ថិត​ក្នុង​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​មាន​ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ​គង់នៅ​វត្ត​ស្វាយ​ចាស់ ស្ថិតនៅក្នុង​ភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​ចំណែក​ស្ត្រី​រងគ្រោះ​ដោយ​គេ​ដឹងថា​មាន​ឈ្មោះ ឡេង ផល្លា អាយុ​៤៦៣​ឆ្នាំ មុខរប​ជា​អាជីវករ​ប្តូរប្រាក់​និង​វេ​ប្រាក់ វី​ង ស្ថិតនៅក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​បាន​ជិះ​រថយន្តឈ្នួល មកជួប​នារី​រងគ្រោះ​នៅ​កន្លែងកើតហេតុ​ខាងលើ ក្រោយមក​ជនរងគ្រោះ​ក៏​បាន​សុំ​បែកផ្លូវ​គ្នា ខណ​:​នោះ​លោកសង្ឃ​រូប​នោះ​ក៏​បាន​យក​ដែកឆាប ពី​ក្នុង​ថង់យាម​មកចាក់​ប្រហា​ទៅលើ​ជនរងគ្រោះ​ចំ​ពីមុខ​បំពង់ក បណ្តាលឲ្យ​រងរបួស​ធ្ងន់ រួច​ជនរងគ្រោះ​បាន​រត់​ចេញពី​រថយន្ត​ដើម្បីឲ្យ​គេ​ជួយ ។ ភ្លាមនោះ ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​ទាំងនេះ ក៏​បាន​ជួយ​នាំ​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​
​សមត្ថកិច្ច​បញ្ជាក់ថា បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​អារញ្ញ ប្រទេស​ថៃ​។​

​ដោយឡែក ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​នោះ ត្រូវបាន​មន្ត្រី​ធម្មការ​សង្ឃ ធ្វើការ​ចាប់​ផ្សឹក​ហើយ​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 9952 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!