​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ក្រោម​សន្តិភាព​និង​ការអភិវឌ្ឍ កងទ័ព​ជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការការពារ​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី​

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ស្ថិតក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន កងយោធពល​ខេមរភូមិន្ទ គឺជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី ការថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ក្រៅពី​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន​បាន​ប្រគល់​ឱ្យ​។ ឧត្តមសេនីយ៍ឯក​បាន​ថ្លែង​ដូច​នេះ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​អញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ ឆត្រយោង​ជំនាន់​ទី​២៥, បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អាវុធ B40-B41 អាវុធ​ការពារ​អាកាស​ជំនាន់​ទី​២ និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សំណង់​បច្ចេកទេស​ហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រយោង​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ក្រើនរំលឹក​ឱ្យ​កងទ័ព​ទាំងអស់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត លើ​ការងារ​ហ្វឹកហ្វឺន​យុទ្ធវិធី​បច្ចេកទេស ការអប់រំ​ចិត្តសាស្ត្រ ពង្រឹង​វិន័យ អត្តចរិត សីលធម៌ និង​គោរព​ច្បាប់​រដ្ឋ​ដើម្បី​ឱ្យ​មាន​សមត្ថភាព​ជំនាញ​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយតប​ឱ្យបាន​ទាន់​ពេល​វេលា​ចំពោះ​បញ្ហា និង​ស្ថានភាព​នានា​ដែល​កើតមានឡើង ក៏​ដូចជា​ការកសាង​សំណង់​បច្ចេកទេស​នានា ដែល​បម្រើ​ឱ្យ​ការហ្វឹកហ្វឺន ដោយ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការហ្វឹកហ្វឺន​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​ទៀងទាត់​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​គុណភាព និង​បរិមាណ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការខ្វះខាត​ធនធានមនុស្ស ដែល​ជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ពុះពារ​ជំនះ​ដោះស្រាយ សំដៅ​កសាង​ឱ្យបាន​ធនធាន មនុស្ស​ពិត និង​គ្រប់គ្រាន់​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​លើកកម្ពស់​ឆន្ទៈ​ប្រយុទ្ធ ត្រៀម​ប្រយុទ្ធ ក្នុង​ភារកិច្ច​ថែរក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ និង​ការពារ​បូរណភាព​ទឹកដី ព្រមទាំង​ចូលរួម​បំពេញ​បេសកកម្ម​ក្នុង​តំបន់ និង​ពិភពលោក​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ការហ្វឹកហ្វឺន និង​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ពិតជា​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ សំដៅ​កសាង និង​ពង្រឹង​ភាពរឹងមាំ​លើ​វិស័យ​ការពារ​ជាតិ និង​ការធ្វើ​សមាហរណកម្ម​ក​ង​ទ័ព​ចូលក្នុង​សហគមន៍​អន្តរជាតិ តាមរយៈ​ការកសាង​កងទ័ព​កម្ពុ​ជា​ឲ្យក្លាយ​ជាកង​ទ័ព​មាន​សមត្ថ​ភាព​ក្នុង​វិជ្ជាជីវៈ ដើម្បី​ចូលរួម​បំពេញ​បេសកកម្ម​ក្នុង​តំបន់ ពិភពលោក ការពារ​បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ ប្រទេសជាតិ​។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់​ការហ្វឹកហ្វឺន គឺ​សំខាន់​ណាស់​ក្នុង​ការធានា​នូវ​និរន្តរភាព និង​ប្រសិទ្ធិភាព​នៃ​កងកម្លាំង​គ្រប់​ជំនាន់ ក្នុង​ការបំពេញ​ភារកិច្ច ការពារជាតិ ការពារ​បូរណភាព​ទឹកដី​និង​សន្តិសុខ​។ ក្នុងដំណាក់កាល​នេះ ត្រៀម​លក្ខណៈ​នឹង​យក​ឱកាស​មាស​នេះ ហ្វឹកហ្វឺន​ដើម្បី​បន្តវេន​គ្រប់​ជំនាន់ ហើយ​ទ័ព​ពិសេស​នៅក្នុង​សម័យកាល​នេះ ត្រូវតែ​ពង្រីក​កសាង​លក្ខណៈពិសេស និង​ប្រវត្តិ​រាប់រយ​ឆ្នាំ​ទៅ​មុខ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 9165 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!