បទល្មើស​ឈ្នក់​និង​របាំង​រាប់រយ​ម៉ែត្រ​កំពុង​កើតមាន​ព្រោងព្រាត​ក្នុង​ទឹក​ដី​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង​ស្រុក​ស្ទោង

ខេត្ត​កំពង់ធំ ៖ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជល​ផល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា បានឲ្យដឹងថា លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បា​ង និង​លោក ហុក ម៉ន់ នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ។

​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង គឺ​លោក ហួន ផល និង​លោក ហុក ម៉ន់ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយក៏​មាន​ការបែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​។​

​តាម​ការអះអាង​របស់​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង បានឲ្យដឹងថា កន្លង​មក​ពួកគាត់​ធ្លាប់​ឃើញ​មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ជាច្រើន​លើក​ផង​ដែរ​។​ប៉ុន្តែ​ការបង្ក្រាប​នោះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ​គឺ​គ្រាន់តែ​ធ្វើ​ឡើង​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។​

​ជាក់ស្ដែង​លោក ហួន ផល និង​លោក ហុក ម៉ន់ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​អ្នកនេសាទ ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​យ៉ាង​រាលដាល គឺ​សូម្បី​តែ​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ក៏​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ​។​

​សម្រាប់ បទល្មើស​នេសាទ​ខុសច្បាប់ ឈ្នក់ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព រាល់​យប់​នៅ​បឹង​ទន្លេសាប នៅ​ចំណុច សាន​ក្រង​, បាក់​ដាវ​, ពេ​ជ​ជីក្រី​, ដូន​ស្ដើង​, ពៅ​វើយ និង បាឡ​ត ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ ក្នុង​ដែន​សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ជលផ​ល​សង្កាត់​ពាម​បា​ង ដែល​មាន​លោក​ហួន សុផល ជា នាយ​សង្កាត់ ។​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​បឹង​ទន្លេសាប ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​និយាយ​ឲ្យ ដឹងថា បទល្មើស​នេះ គឺ​មាន​រាល់​យប់ គ្រាន់តែ​តិច និង​ច្រើន តែប៉ុណ្ណោះ​។​

​ចំណែក​ការបង្ក្រាប គឺ​គ្រាន់​ល្បែង​ឆ្ពិន ភ្នែក​សាធារណៈជន​និង​សម្រាប់​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ ។​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ គឺជា​មេខ្លោង​ធំ​បំផុត​ក្នុង​ការឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​។ ដូច្នេះ លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​និង​លោក​សុខ​លូ​ក្នុងនាម​ជា​គណៈ​បញ្ជា​ឯកភាព​ខេត្ត​កំពង់ធំ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ​សព្វថ្ងៃនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ពុំ​មាន​ការថយចុះ​នោះឡើយ​៕

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 1556 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!