​ខេត្ដ​ព្រះសីហនុ ប្រារព្ធ​ខួប​អនុ​ស្សា វ​រីយ៍​លើកទី​៦៥ នៃ​ទិវា​បុណ្យ​ឯក រាជ្យ​ជាតិ ០៩​វិច្ឆិកា

ខេត្ត​ព្រះសីហនុ ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេ​មរ ភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៨ ក្រោម​អធិបតី ភាព​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ក្នុងឱកាស​នោះ​ដែរ ក៏ មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​លោក ង្វៀន ថេ​គឿង ប្រធាន​កុងស៊ុល នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម​ប្រចាំ​ខេត្ត​ព្រះ សីហនុ និង​ព្រះសង្ឃ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា​ថា ជា​ទិវា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ សេរីភាព អធិបតេយ្យភាព​ពេញ លេញ​ពី​អាណានិគម និយម​បារាំង​សេស ក្រោម​ស្នា​ព្រះហស្ត និង​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុងឧត្តម​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហា​វីរ ក្សត្រ ព្រះ​បី​តា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដ៏​អង់អាច​ក្លាហាន និង​មហា​បុរស​រដ្ឋ​ដ៏​ឆ្នើម ដែល​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ សេរី ភាព អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា ពី​អាណានិគមនិយម​បារាំង​សេស ដែល​បាន​ត្រួតត្រា​កម្ពុជា​អស់​រយៈពេល​ជិត ១​សតវត្ស ។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ បានបង្ហាញ​ជំហ​រថា​៖ ក្នុងនាម រដ្ឋ បាល​ខេត្ត​ព្រះសីហនុ នឹង​បន្ត​ខិតខំ​ជម្រុញ​មន្ត្រី​អោយ​យកចិត្តទុកដាក់​បម្រើ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ក្រុង ស្រុក ឃុំ សង្កាត់ ទូ​ទាំង​ខេត្ដ​ឱ្យមាន​គុណភាព តម្លាភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​បាន​ទាន់ពេលវេលា​និង​មាន​ទំនុកចិត្ត ៕

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 9348 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!