​ឧត្តមសេនីយ៍​ផ្កាយ​២ លោក ទេព ចិ​ត្រា និង​លោក​ឧត្តមសេនីយ៍​ផ្កាយ​២ ពេជ្យ សុផាន់ ជា​មេបញ្ជាការ រង​កងពល​តូច​ង​៧០ បាន​បង្កើត និង តម្លើង​រថយន្ត​ខុស​បច្ចេកទេស ជា​ប្រភេទ​រថយន្ត កាត់ត​….!

​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ទេព ចិ​ត្រា និង​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ សុផាន់ មាន​តួនាទី​ជា​មេបញ្ជាការរង កងពលតូច​លេខ​ង​៧០ បាន​បង្កើត​ទីតាំង​តំលើង​រថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​ជា​ប្រភេទ​រថយន្ត​(​កាត់ត​)​ទំនើបៗ នៅ​ក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ ផ្នែក​ខាងក្រោយ​ប៉ែក​ខាងឆ្វេង​បន្ទាយ និង​មាន​បុគ្គលិក កម្មករ មេជាង ជាច្រើន​នាក់​ធ្វើ​សកម្មភាព​លួច​តម្លើង​ជា​យូរ​ឆ្នាំ​មកហើយ​។​

​នេះ​បើ​តាម​ការ​លួច​ទម្លាយ​ពី​ក្រុម​ជាង​នៅ​ទីនោះ ដោយ​បញ្ជាក់​ថា​៖ ជា​ប្រភេទ​រថយន្ត​ទំនើប កាត់​មួយ​កំណាត់ៗ ដូចជា​រថយន្ត កាមរី​ហៃ​ព្រីត ស៊េរី​ឆ្នាំ​២០០៧,​កាមរី​ស៊េរី​២០១៧ ,​ឡង់​គ្រឺស័​រ ឡិច​ស៊ិស ចាប់ពី​ស៊េរី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៨ ,​រថយន្ត​ហាយ​ឡែន​ឌឺ​រ​ចាប់ពី​ស៊េរី​ឆ្នាំ​២០០២​ឡើងទៅ​។​

​គេ​លួច​បាន​រាយការណ៍​មក​ថា ៖ កន្លែង​តំលើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​ក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ បាន​ដំណើរ​ជា​យូរ​ឆ្នាំ​មកហើយ​។ ក្នុងនោះ​គ្រប់គ្រង​ដោយ​មនុស្ស​២​នាក់ គឺ​លោក​ឧត្តមសេនីយ៍ទោ ទេព ចិ​ត្រា និង​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ សុផាន់ មាន​តួនាទី​ជា​មេបញ្ជាការរង កងពលតូច​លេខ​ង​៧០ នេះ​តែម្តង​។​

​លោក​ឧត្តមសេនីយ៍ទោ ទេព ចិ​ត្រា មាន​ភារកិច្ច​ជា​អ្នក​នាំ​រថយន្ត​ចូល ជា​ប្រភេទ​រថយន្ត​(​កាត់​១​កំណាត់​) ដោយ​គេ​ឃុបឃិត​គ្នា​ជាមួយ​គយ​ខេត្ត​ព្រះសីហនុ បង់ពន្ធ​ជា​ប្រភេទ​គ្រឿងបន្លាស់​រថយន្ត ប៉ុន្តែ​ជា​ប្រភេទ​រថយន្ត​ថ្មីៗ ទំនើបៗ គ្រាន់តែ​គេ​ប្រើ​វិធី​កាត់​ជា​២​កំណាត់ រួច​យកមក​ផ្សារ​ត​តម្លើង តោន បាញ់​ថ្នាំប៉ូលា អោយទៅ​ជា​រថយន្ត​ស្រប​តាម​បច្ចេកទេស​នាំចូល​បង់ពន្ធ ដើម្បី​លក់​លើ​ទីផ្សារ​ក្នុងស្រុក មួយចំនួនទៀត​លួច​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង ដូចជា​ឆ្លងទៅ​វៀតណាម និង​ឆ្លងទៅ​ប្រទេស​ឡាវ តាម​ច្រក​ដុំ​ក្រឡ​។​

​ករណី​ខ្លះ​ទៀត​តម្លើង​រួចរាល់ គេ​ត្រូវ​ពាក់​ស្លាក​លេខ (​ខម​) ស្លាក​លេខ​រដ្ឋ លក់​ប្រើប្រាស់​ក្នុងស្រុក មាន​តំលៃ​ទាប​ជាង​រថយន្ត​នាំចូល​បង់ពន្ធ​ពាក់កណ្តាល​។ ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ សុផាន់ មាន​តួនាទី​ជា​មេបញ្ជាការរង កងពលតូច​លេខ​៧០ គាត់​ជា​អ្នកមើលការខុសត្រូវ​សម្រាប់​ទីតាំង​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​ក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ នេះ គ្រប់គ្រង​ជាង កម្មករ ពិនិត្យ​ឡាន​ពេល​តម្លើង ត ផ្សារ តោន ប៉ូ​លា បាញ់ថ្នាំ និង​បញ្ចេញ​លក់ ជាដើម​។​

​ទីតាំង​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​នេះ​គេ​ធ្វើ​រោង​ដំបូល​ស័ង្កសី ពណ៍​ឈាមជ្រូក របង​បិទ​ជិត ទ្វារ​ដែក​បិទ​ស័ង្កសី​ពណ៍​ខៀវ ដោយ​យក​រថយន្ត​(​ខម​) និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អង្គភាព​មក​ចត​បាំង​ពីមុខ ជៀសវាង​ភ្ញៀវ​ពី​ខាងក្រៅ​ចូល​ទៅ​ដឹង​ពី​សកម្មភាព​នេះ​។
​យ៉ាងហោចណាស់​ក៏​ក្នុង​១​ខែ​តម្លើង​បាន​១០០​គ្រឿង ក្នុងនោះ​តម្លើង​រួច​១​គ្រឿងៗ ត្រូវ​បង់លុយ​អោយ​អ្នក​គ្រប់គ្រង​នៅ​ក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​ង​៧០ ចំនួន​៦០០​ដុល្លារ​។ ក្រៅពី​ករណី​តម្លើងរថយន្ត​កាត់ត នៅ​ទីនោះ​ក៏​ជា​កន្លែង​ទទួល​រក្សា​ទុក​រថយន្ត​ទំនើបៗ​អត់​ពន្ធ​នាំចូល ឬ​អោយ​អ្នកលក់ អ្នកទិញ​ទៅ​មើល​ច​ចារ​តថ្លៃ​គ្នា បញ្ចៀស​ការបង្ក្រាប​ណាមួយ​ពី​សមត្ថកិច្ច​គយ​។ ប៉ុន្តែ​គិត​ឈ្នួល​ថ្លៃ​ក្បាល​ឡាន​ស៊េរី​ទាប​ឬ​ខ្ពស់​ក្នុង​សេវា​ជាក់ស្តែង និង​មាន​ប្រភេទ​ឡាន​បា​ឡែន ឡិច​ស៊ី​ល កាមរី​ហា​យព្រីត ហាយ​ឡែន​ឌ័​រ អត់​ពន្ធ​នាំចូល បញ្ឈរ​ដាក់​លក់​នៅ​ទីនោះ​ដ៏​ច្រើន​បន្ថែមទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ ទេព ចិ​ត្រា ក្រៅពី​មាន​ភារកិច្ច​ជា​អ្នក​នាំ​រថយន្ត​ចូល ជា​ប្រភេទ​រថយន្ត​(​កាត់​១​កំណាត់​) គាត់​ក៏​មាន​ការយកចិត្តទុកដាក់​ប្រើ​កម្លាំង​ដើម្បី​ការពារ​រថយន្ត​កុងតឺន័រ រថយន្តស្ទួ​ចដឹករថយន្ត​កាត់ត ចូល​ក្នុង​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ កន្លែង​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស​នេះ​ផងដែរ និង​មាន​ទីតាំង​របស់​គាត់​មួយទៀត​នៅ​ផ្ទះ​២​ល្វែង ទល់មុខ បញ្ជាការដ្ឋាន កងពលតូច​លេខ​ង​៧០ ក្នុងភូមិ​ចុះ​ពី​ផ្លូវជាតិ​លេខ​៣​ជិត​៥០០​ម៉ែត្រ ជា​កន្លែង​លាក់​ទុក​រថយន្ត​ទំនើបៗ​គ្មាន​ពន្ធ​នាំចូល​,​រថយន្ត​កាត់ត ទំនើបៗ សម្រាប់​ទុក​យកទៅ​តម្លើង និង​លក់​ចេញ​។​

​ន្ល​ង​ទៅ​ទីតាំង​តម្លើង​រថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស ត្រូវបាន​សមត្ថកិច្ច​និង​ជំនាញ​ចុះ​បង្ក្រាប​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ជាមួយ​និង​ការកសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​សាលាដំបូង ខ​ណះ​បទល្មើស​នេះ​វា​មាន​ហានិភ័យ​ខ្ពស់​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម ធ្វើអោយ​អ្នក​យក​ទៅ​ប្រើប្រាស់ ងាយ​នឺង​រងគ្រោះ ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុងនោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​កត្តា​៣ ទី​១-​កត្តា​មនុស្ស ទី​២-​កត្តា​ផ្លូវថ្នល់ និង​ទី​៣-​កត្តា​មធ្យោបាយ​យានយន្ត ជាពិសេស​ប្រភេទ​រថយន្ត​កាត់ត តម្លើង​ខុស​បទដ្ឋាន​បច្ចេកទេស មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​នេះ​តែម្តង​។​

​អ្នកជំនាញ​លើកឡើងថា​៖ ការនាំ​ចូល​រថយន្ត​កាត់ត ហើយ​ប្តូរ​ទៅ​ជា​រូបភាព​បង់ពន្ធ​នាំចូល តាមរបៀប​គ្រឿងបន្លាស់ គឺ​មាន​ចេតនា​ទុច្ចរិត កេង​បំបាត់​ថវិកាជាតិ តាមរយះ​ឈ្មួញ​ឃុតឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​គយ​។​
​ពាក់ព័ន្ធ​ករណី​នេះ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​មេបញ្ជាការ កងពលតូច​លេខ​ង​៧០ អង្គភាព​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ទូរស័ព្ទ​នៅ​ក្រៅ​ប្រព័ន្ធ​សេវា​។ ដោយឡែក​លោក កើត សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​ទំនិញ​គេច​ពន្ធ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ទូរស័ព្ទ ក៏​នៅ​ក្រៅ​ប្រព័ន្ធ​សេវា​។​

​លោក​ឧត្តមសេនីយ៍ទោ ទេព ចិ​ត្រា មេបញ្ជាការរង កងពល​តូច​លេង​ខ​៧០ បាន​អោយ​អង្គភាព ដឹង​តាម​ទូរស័ព្ទ​ថា​៖ ករណី​នេះ​មិនមែន​ជា​កន្លែង​ទីតាំង​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​អត់​ដឹង​ទៀត ចឹងធា​នាថា​ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​។​

​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ សុផាន់ មាន​តួនាទី​ជា​មេបញ្ជាការរង កងពលតូច​លេខ​ង​៧០ បានអោយ​ដឹង​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា​៖ និយាយ​អោយ​ត្រង់​ទៅ ជា​កន្លែង​ក្មេងៗ កូនចៅ​ទេ ហើយក៏​បាន​ឈប់​ដំណើរការ​៣​ខែ​ទៅ​។ លោក​បន្តថា​៖ រាល់​ថ្ងៃ​បើ​គេ​នៅ​ដំណើរការ​ទៀត នោះ​ជា​ការងារ​ក្មេងៗ​ទេ​។​

​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរង នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​អោយដឹងថា​៖ បើ​មាន​មែន ទីតាំង​កន្លែង​នោះ​គឺ​គ្មាន​អំណោយផល​ចុះបង្ក្រាប​ទេ ព្រោះ​ជា​ទីតាំង​យោធា មិន​ងាយ​ធ្វើការ​ទេ​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អង្គភាព​យើងខ្ញុំ​មិន​អាច​ធ្វើ​ការទំនាក់ទំនង​បាន នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!