ថ្ងៃ​៩ វិច្ឆិកា​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៦៥ ដែល​កម្ពុជា ដណ្តើម​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ គឺជា​ខួប​៦៥​ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល​បាន​រំដោះ​ខ្លួន​ទាំង​ស្រុង​ចេញពី​អាណានិគម​ន៍​បារាំង ក្រោម​ព្រះរាជ​បូជនីយ​កិច្ចដឹកនាំ​ដ៏​ក្លៀវខ្លា​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន កោ​ដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ​។​

​បារាំង​បាន​ដាក់​អាណានិគម​ន៍​លើ​ដែនដី​សុវណ្ណ​ភូមិ អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)​។ ការដាក់​អាណានិគម​ន៍រ​បស់​បារាំង​លើ​ដែនដី​កម្ពុជា ក៏​ដូចជា​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​មហាអំណាច​ពិភពលោក​ក្នុង​សម័យ​នោះ​មួយ​នេះ បាន​បាត់បង់​អំណាច​អាណានិគម​របស់​ខ្លួន​នៅ​អាមេរិក (​រដ្ឋ​ល្វី​ស៊ី​យ៉ាន​ត្រូវ​លក់​ទៅឲ្យ​អាមេរិក​) ឯ​រដ្ឋ​កាណាដា ត្រូវ​អង់គ្លេស​ដណ្តើមយក​។ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន បារាំង​មាន​បំណង​បាញ់​ឆ្ពោះ​ការដាក់​អាណានិគម​ទៅ​តំបន់​អាហ្វ្រិក និង​អាស៊ី​។​

​នៅ​អាស៊ី បារាំង​បាន​តម្រង់​ទិសដៅ​មក​រក​ប្រទេស​ចិន​ភាគខាងត្បូង និង​បណ្ដា​ប្រទេស​នៅ​ឥណ្ឌូចិន​មាន កម្ពុជា វៀតណាម ឡាវ សៀម​។ នៅក្នុង​ប្រទេស​ទាំងនេះ មាន​បុព្វ​ជិត​កា​តូ​លិច​ចូល​មក​ផ្សព្វផ្សាយ​សាសនា​ជា​យូរ​មក​ហើយ និង​យ៉ាង​ស្ងាត់កំបាំង​តាមរយៈ​ប្រជាជន ដែល​កាន់សាសនា​យេស៊ូ​។​

​បារាំង​សម្លឹង​ឃើញ​ផលប្រយោជន៍​យ៉ាងច្រើន បន្ទាប់ពី​បាន​ចូល​មក​នៅ​ជា​អ្នកជិតខាង​ខ្មែរលើ​ទឹកដី​កូសាំងស៊ីន (​កម្ពុជា​ក្រោម​)​។ ទី​មួយ​បារាំង​យល់ថា ទន្លេមេគង្គ​ជា​ផ្លូវទឹក​មួយ​យ៉ាង​សំខាន់​អាចឲ្យ​គេ​ជ្រៀតចូល​ទៅក្នុង​ប្រទេស​ចិន​ភាគខាងត្បូង​។ ទី​ពីរ គេ​ត្រូវ​កម្ចាត់​គ្រោះថ្នាក់​ទាំងឡាយ ដែល​គំរាមកំហែង​លើ​អាណានិគម​ថ្មី របស់​គេ​ឲ្យអស់ ពិសេស​បណ្ដា​ប្រទេស​មក​ពី​ប្រទេស​សៀម ដែល​មាន​អធិរាជ​អង់គ្លេស​នៅ​ពី​ខាងក្រោយ​។​

​ការឈាន​ជើង​របស់​បារាំង​លើ​ទឹកដី​កម្ពុជា​ពេលនោះ មិនមែន​កម្ពុជា ហៅ​មក​ដូច​រជ្ជកាល​ព្រះបាទ​អង្គឌួង ដើម្បី​ជួយ​ការពារ​ប្រទេស​ពី​ការឈ្លានពាន​របស់​សៀម​នោះឡើយ​។ បារាំង​មក​ដោយ​សំឡឹង​ឃើញ​ប្រយោជន៍ ដែល​ខ្លួន​បាន​បាត់បង់​ដែនដី​អាណានិគម​មួយចំនួន គួបផ្សំ​នឹកឃើញ​កម្ពុជា ធ្លាប់​អញ្ជើញ​គេ​មក​ធ្វើ​អាណាព្យាបាល​ផងដែរ​។​

​ការវិល​មក​កាន់​ដែនដី​កម្ពុជា​នា​ពេល​នេះ បារាំង និង​កម្ពុជា ឈាន​ដល់​ការ​ចុះសន្ធិសញ្ញា​រួមគ្នា​មួយ​ហៅថា សន្ធិសញ្ញា​កម្ពុជា និង​បារាំង ដែល​ធ្វើឡើង​ថ្ងៃទី​១១ សីហា ១៨៦៣​។ សន្ធិសញ្ញា​នេះ​មាន​ខ្លឹមសារ​ថា​៖

– ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។ ព្រះ​ចៅ​អធិរាជ​បារាំង​បាន​សន្យាថា នឹង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​សន្តិភាព និង​របៀបរៀបរយ ការពារ​ចំពោះ​ការវាយលុក​ទាំងឡាយ​ម​ក​ពី​ខាងក្រៅ និង​ជួយ​ខ្មែរ​ក្នុងកា​រហូត​ពន្ធគយ ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​គមនាគមន៍​តាមផ្លូវ​សមុទ្រ​។​

– ជា​ថ្នូរ​វិញ ប្រទេស​កម្ពុជា​ព្រមធ្វើ​សម្បទាន​ដល់​ប្រទេស​បារាំង​នូវ​ដី​ម្ដុំ​ជ្រោយចង្វា និង​បើក​សិទ្ធិ​ឲ្យ​បារាំង កាប់​ឈើ​ក្នុងព្រៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យក​ទៅ​ស្ថាបនា​កប៉ាល់​។​

​ទោះបី​ខាង​ភាគី ខ្មែរ​ចាញ់​ប្រៀប​ខាង​ភាគី​បារាំង​ខ្លះ​ក៏ដោយ ក៏​មតិ​ខ្មែរ​ខ្លះ​យល់ថា ខ្មែរ​អាច​ទទួល​យក​សន្ធិសញ្ញា ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣​បាន ព្រោះ​បារាំង​ពុំ​បាន​ដកហូត​អំណាច​ពី​ព្រះរាជា​ខ្មែរ​នៅឡើយ​។​

​សន្ធិសញ្ញា​ថ្ងៃទី​១១ សីហា ១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​នេះ ត្រូវបាន​សៀម ដែល​ជា​គូប្រជែង​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្ត​បាត់ដំបង និង​សៀមរាប ទៅឲ្យ​សៀម ដែល​ក្រោយមក​ទាមទារ​បាន​មក​វិញ​។ នៅ​ដើមឆ្នាំ​១៨៦៤ បារាំង​បាន​គាបសង្កត់​រាជរដ្ឋាភិបាល​បាងកក​តាមផ្លូវ​ទូត និង​ផ្លូវ​យោធា ដើម្បីឲ្យ​រាជរដ្ឋាភិបាល​បាងកក​បញ្ជូន​ត្រា​ព្រះខ័ន​រាជ្យ និង​មកុដរាជ្យ សម្រាប់​ពិធី​រាជាភិសេក​ព្រះបាទ នរោត្ដម ជា​ព្រះមហាក្សត្រ​ពេញ​លក្ខណៈ​នៅ​រាជធានី​ឧដុង្គ នា​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤​។ មកដល់​ឆ្នាំ​១៨៦៧ បារាំង និង​សៀម​បាន​ស្រុះស្រួល​យល់ព្រម​ចំពោះ​ប​ញ្ហ​ខ្មែរ ដែល​ពីមុនមក​មាន​ទំនាស់​ដោយសារ​សៀម មាន​អង់គ្លេស​នៅ​ពីក្រោយ ឯ​បារាំង​ចង់​ផ្ទេរ​ការកាន់កាប់​ខ្មែរ​ពី​សៀម​។​

​ម្យ៉ាងទៀត​បរិយាកាស​ធូរស្រាល​ខ្លះៗ បាន​កើតមានឡើង​រវាង​បារាំង និង​អង់គ្លេស ព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ក្លាយ​ទៅ​សម្ព័ន្ធមិត្ត​ក្នុង​ការប្រឆាំង​ចិន គឺ​ចលនា​ថៃ​ភិញ (​ឈ្មោះ​សមាគម​សម្ងាត់​នៅ​ប្រទេស​ចិន​) ងើបឡើង​ប្រឆាំងនឹង​អ្នកកាន់អំណាច​ជាតិ​ផង និង​ពួក​បរទេស​ផង​។ សន្ធិសញ្ញា ថ្ងៃទី​១៥ កក្កដា ១៨៦៧ មានន័យ​ថា បារាំង​ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ទៅឲ្យ​សៀម​។ ឯ​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​បារាំង​ក្នុង​ការដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។ ម្យ៉ាងទៀត​បារាំង​សន្យាថា មិន​បញ្ចូល​ប្រទេស​ខ្មែរ ជា​អាណានិគម​ដូច​កម្ពុជា​ក្រោម​ឡើយ​។​

​ក្នុង​ការត្រួតត្រា​ដំបូង បារាំង​ធ្វើ​វិធី​ត្រជាក់​។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជវាំង ហើយ​គំរាមកំហែង ព្រះបាទ នរោត្តម បង្ខំ​ឲ្យ​ព្រះអង្គចុះ​ព្រះហស្តលេខា​លើ​អនុសញ្ញា​មួយ ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ព្រះអង្គ​។ ដំណាក់កាល​ចុងក្រោយ​បារាំង បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយ ជា​ដែន​ដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម​ឲ្យ​បារាំង ដោយ​បញ្ចូល​កម្ពុជា​ទៅក្នុង​សហព័ន្ធ​ឥណ្ឌូចិន​បារាំង​។​

​បារាំង​បាន​ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ​មាន​តាំងពី​ពន្ធ​មនុស្ស​ពន្ធ​ដី ពន្ធ​លំនៅដ្ឋាន​ពន្ធ​សត្វពាហនៈ ពន្ធ​យានជំនិះ​ពន្ធ​របរ​អាជីវកម្ម​។​ល​។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស ឲ្យ​បារាំង កសិករ​បាន​ខិតខំ​ពង្រីក ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម ព្រមទាំង​ពង្រីក​ដំណាំ​ដទៃទៀត​មាន​ស្រូវ ពោត សណ្ដែក​។​ល​។ ប៉ុន្តែ​ទិន្នផល​ដំណាំ មិន​សូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិច​តា​បាន​ត្រឹមតែ​ពី ១​តោន ដល់​២​តោន​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ​កសិករ​ក្រី​ក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់បំណុល​ពួក​ឈ្មួញ​កណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែក​កា​ប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ​ពី ១០០​ភាគរយ ដល់​១៥០​ភាគរយ​ជួនកាល ២០០​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​ដោយសារ​ការកេងប្រវ័ញ្ច និង​ការគាបសង្កត់​ពី​ពួក​បារាំង​ខ្លាំងពេក​ប្រជារាស្ត្រ​ខ្មែរ បាន​ងើប​បះបោរ​ប្រឆាំងនឹង​បារាំង​ជា​បន្តបន្ទាប់ ដូចជា​ចលនា​តស៊ូ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦), ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ។ ទោះបី​ចលនា​តស៊ូ​ទាំងនេះ ត្រូវ​បាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​ពី​សំណាក់​កងទ័ព​បារាំង​ក៏ដោយ​តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ​រហូត​ដល់​រជ្ជ​កាល​ព្រះបាទ ស៊ីសុវត្ថិ មុនី​វង្ស (១៩២៧-១៩៤១) និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ នរោត្តម សីហនុ ក្នុង​រាជ្យ​ទី​១ (១៩៤១-១៩៥៥)​។​

​ព្រះបាទ នរោត្តម សីហនុ បាន​សោយរាជ្យ​ក្នុងអំឡុងពេល​នៃ​សង្គ្រាមលោកលើកទី​២​។ នៅ​អំឡុង​ពេល​នៃ​សង្គ្រាមលោកលើកទី​២​នោះ ជប៉ុន​មាន​ជោគជ័យ​នៅ​ចុង​បូព៌ា និង​អាស៊ី​អាគ្នេយ៍ កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ជប៉ុន​ផងដែរ ដូច្នេះ​កម្ពុជា​បាន​រស់​ក្រោម​អា​ណាគ​មន៍​ពីរ​ជាន់​គឺ​បារាំង និង​ជប៉ុន​។ ក្រោយមក​មាន​ចលនា​តស៊ូ​បាន​កើតឡើង​ជា​បន្តបន្ទាប់​។ ក្រុម​ដែល​លំអៀង​ទៅខាង​ជប៉ុន មាន​លោក សឺ​ង ង៉ុក​ថាញ់ ជា​មេដឹកនាំ​។ នៅ​ដើមឆ្នាំ​១៩៥២ លោក សឺ​ង ង៉ុក​ថាញ់ បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។ ក្រុម​មួយ​ទៀត​លំអៀង​ទៅ​កាន់កុ​ម្មុយ​នី​ស បាន​ក្លាយ​ជា​រណសិរ្ស អ្នក​ស្នេហា មាតុភូមិ​ខ្មែរ​ហៅ​កាត់​ថា​ខ្មែរឥស្សរៈ មាន​លោក ទូ សាមុត​ជា​ប្រធាន​។​

​ដើម្បី​ឯករាជ្យ​ជាតិ​នៅ​ឆ្នាំ​១៩៤៥ ជប៉ុន បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង​ចេញពី​កម្ពុជា​។ ពេល​នោះ​ជប៉ុន​បាន​លើក​លោក សឺ​ង ង៉ុក​ថាញ់ ធ្វើ​ការប្រយុទ្ធប្រឆាំង​ក​ង​ទ័ពបារាំង ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ លា​វ (​ឡាវ​) និង​វៀតណាម​។ ព្រះបាទ នរោត្តម សីហនុ តែង​រិះរក​គ្រប់​លទ្ធភាព ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​អាណានិគម​បារាំង​ជានិច្ច​។ ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​មក​កម្ពុជា​យ៉ាងច្រើន ដើម្បី​ទប់ទល់​ការបះបោរ​។ អសន្តិសុខ​កើតមាន​ទូទាំង​ផ្ទៃ​ប្រទេស ធ្វើឲ្យ​ប្រជារាស្ត្រ​រងទុក្ខវេទនា​ដោយសា​រ​សង្គ្រាម​។​

​ដោយ​យល់ថា ការ​ទាម ទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​ឲ្យ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំងពេក ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ចាប់ផ្តើម​ធ្វើ​ការតស៊ូ​តាមផ្លូវ​ទូត ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។​

​ឆ្នាំ​១៩៤៩ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩ ដដែល​ព្រះអង្គ​បាន​ឡាយព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់ នូវ​ឯករាជ្យ​របស់ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​បូជនីយ​កិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ ១០០​ភាគរយ ជូន​ជាតិ​មាតុភូមិ ។​

​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលឯករាជ្យ ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា «​ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ​»​។​

​ដើម្បី​ជា​ការចងចាំ​នូវ​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុងឧត្តម នៃ​ការទាមទារ​ឯករាជ​ពី​អាណានិគម​បារាំង​នេះ វិមានឯករាជ្យ​ត្រូវ​បាន​កសាង និង សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៥៨ ក្នុង​រាជ្យ​ព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជា​ព្រះ​វ​រាជបិតា របស់​សម្តេច​ព្រះ នរោត្តម សីហនុ​។ វិមាន​ឯករាជ្យ​នេះ ក៏​ជា​និមិត្តរូប​បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ទទួលឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​ផងដែរ​។​

​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដែល​មាន​ពិធី​ប្រទាន​ភ្លើង​ទៀនជ័យ រំឭក​គុណ​អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត ដើម្បី​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធី​បុណ្យ​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ជា​កំណត់​។ ថ្ងៃ​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​។​

​បើទោះបី​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង បាន​យាង​ចូល​ទិវង្គត​អស់​រយៈពេល ៤​ឆ្នាំ​ទៅ​ហើយ​ក្តី តែ​ព្រះ​ស្នា​ព្រះ​ហ​ស្ថ ដ៏​ជាញជ័យ​ក្នុង​ការនាំមក​នូវ​សិទ្ធិសេរីភាព​ពី​ប្រទេស​បារាំង បានធ្វើ ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​នៅតែ​ចងចាំ​ក្នុង​ក្រអៅបេះដូង​មិនអាច​បំភ្លេច​បាន​ឡើយ​នូវ​ព្រះរាជ​ព្រះ​បូជនីយកិច្ច​ដ៏​ឧត្តុងឧត្តម​របស់​ព្រះអង្គ​។​

​ខាងក្រោម​នេះ គឺជា​ប្រវត្តិ​ព្រះរាជ​បូជនីយកិច្ច​មួយចំនួន​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ​ក្នុង​ការទាមទារ​ឯករាជ្យ​ពី​អាណានិគម​ន៍​លើ​កម្ពុជា​អស់ រយៈពេល ៩០​ឆ្នាំ​៖

១៖ តាម​សិទ្ធិសញ្ញា​ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បាន​ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​នៅ​កម្ពុជា​។​

២៖ ជា​គោលការណ៍​តាម​ផ្លូវច្បាប់​ឯករាជ្យ​នេះ កម្ពុជា​ទទួល​បាន​មែន ប៉ុន្តែ​ចំពោះ​ការអនុវត្តន៍​ជាក់ស្ដែង​ឯករាជ្យ​នេះ នៅ​ខ្វះ​វិស័យ​ជាច្រើន​ទៀត ដូចជា​អធិបតេយ្យ​ខាង​យុត្តិធម៌ នគរបាល អំណាច​បញ្ជាការ​យោធា ការទូត ការប្ដូរ និង​ការចាយ​ធន​ប័ត្រ ដើម្បី​ឱ្យ​មាន​ឯករាជ្យ​ទាំងស្រុង​។​

៣៖ តាម​សេចក្ដីប្រកាស​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​សន្យា​ជា​ឱឡារិក ចំពោះ​ប្រជា​រា​សស្ត្រ​របស់​ព្រះអង្គ​ថា ព្រះអង្គ​នឹង​ដណ្ដើម​យក​ឯករាជ្យ​ទាំងស្រុង​នេះ ដើម្បី​មាតុភូមិ​ក្នុង​រយៈពេល ០៣​ឆ្នាំ​យ៉ាងយូរបំផុត​។​

៤៖ នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​យាង​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះ​ទៅកាន់​ប្រទេស​បារាំង ដើម្បី​ទាមទា​ឯករាជ្យ​របស់​កម្ពុជា ជាមួយ​ប្រមុខរដ្ឋ​បារាំង​។​

៥៖ នៅ​ណា​ពូ​ល ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៣ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ផ្ញើ​ព្រះ​រាជ្យ​សារលិខិត​មួយ​ច្បាប់ ជូន​ចំពោះ​លោក វ៉ាំង​សង់ អូ​រី​យ៉ូល ប្រធានាធិបតី នៃ​សាធារណៈរដ្ឋ​បារាំង បញ្ជាក់​ពី​ភាពចាំបាច់​សំដៅ​ធ្វើឱ្យ​បារាំង​ពង្រីក​ក្របខ័ណ្ឌ​ឯករាជ្យ​ខ្មែរ​។​

​ភ្ជាប់​នឹង​ព្រះរាជ​សារលិខិត​នេះ មាន​ការ​សិក្សា​គ្រប់គ្រាន់ ដោយ​ទឡ្ហីករណ៍​សម្អាង​បញ្ជាក់​ពី​ការទាមទារ​របស់​សម្ដេច និង ការផ្ដល់​យោបល់​ពី​បែបបទ​ផ្ទេរអំណាច​ជាយថាហេតុ ។​

​នៅ​ណា​ពូ​ល ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៥៣ បន្ទាប់មក​នៅ ហ្វុង​តែ​នណា​ប្លូ ថ្ងៃទី​០៣ ខេ​មេសា ឆ្នាំ​១៩៥៣ ព្រះករុណា សម្ដេចព្រះ ន​រោ ត្ត​ម សីហនុ បាន​សរសេរ​ព្រះរាជសារ​លិខិត​ចំនួន​២​ច្បាប់​បន្តទៀត ផ្ញើជូន​លោក វ៉ាំង​សង់ អូ​រី​យ៉ូល និង​រដ្ឋាភិបាល​បារាំង ដើម្បី​បំពេញ​បន្ថែម​លើ​ទស្សនៈ​របស់​ព្រះអង្គ ទាក់ទង​ទៅនឹង​ឯករាជ្យ​ខ្មែរ និង​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​បារាំង ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ​។​

៦៖ នៅ​ចំពោះមុខ ការលាក់លៀម​របស់​រដ្ឋភិបាល​បារាំ​ង ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​យាង​ចាកចេញ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​១៩៥៣ ឆ្ពោះ​ទៅកាន់​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ ព្រះអង្គ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា ដើម្បី​ឯករាជ្យ​របស់​ប្រទេស​ព្រះអង្គ​។ សេចក្ដីថ្លែងការណ៍​របស់ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត​ដ៏​ធំ «​ញី​វ​យ៉​ក​ថែម​» នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩៥៣ លាន់​ឮ​ខ្ទរខ្ទារ​ពេញ​ពិភពលោក​ទាំងមូល ហើយ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បារាំង​ទទួល​យល់ ព្រម​ធ្វើការ​ចរចា​ជាមួយ​តំណាង​របស់​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ តំណាង​នេះ​គឺ​លោក ប៉ែន នុត​។​

៧៖ ការចរចា​នៅ​ប៉ារីស បាន​ឈាន​ដល់​សំណើ​មួយ ដែល​ធ្វើឡើង​ដោយ​មាន​ប្រទេស​បារាំង យល់ព្រម​ផ្ដល់​សម្បទាន​ដ៏​សំខាន់​ខ្លះ​ដល់​កម្ពុជា​។ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៥៣ លោក ប៉ែន នុត បាន​អញ្ជើញ​វិលត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ អំពី​លទ្ធផល​ដែល​ទទួលបាន​នៅ​ប៉ារីស​។ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ វ័រ្មន បាន​យាង​មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ ដើម្បី​ជួប​ជាមួយ​សហសេវិក និង​នាយក​រដ្ឋមន្ត្រី​របស់​ព្រះអង្គ​។​

៨៖ ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​បាន​ថ្វាយ​ព្រះ​កិត្តិយស​ចំពោះ​ព្រះអង្គ​ជា​អ្នកទទួល​ជ័យជម្នះ និង​ជា​វីរបុរស​នោះ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​បាន​សន្យា​យ៉ាង​ឱឡារិក នៅ​ក្នុង​ព្រះ​សុន្ទរកថា មួយ​ដែល​ទ្រង់​បាន​ថ្លែង​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៥៣ ពី​ព្រះទីនាំង​ចន្ទ​ឆាយា​ថា «​ព្រះអង្គ​នឹង​បូជា​ជីវិត ដើម្បី​ដណ្ដើម​យក​ឯករាជ្យ​ឱ្យបាន ១០០​ភាគរយ​»​។​

៩៖ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​១៩៥៣ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​បាន​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ថៃ ក្រោយពី​មាន​សេចក្ដីប្រកាស​មួយ ដែល​ទាក់ទាញ​ពិភពលោក ស្ដីពី​ការ​មិន​ពេញចិត្ត និង​បំណងប្រាថ្នា​ស្របច្បាប់​របស់​ប្រជាជាតិ​ខ្មែរ​។ ការ​មិន​ពេញចិត្ត​នេះ​អាច​នាំមក​នូវ​ផលវិបាក​ធ្ងន់ធ្ង​រទាំង​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​។​

១០៖ ក្រោពី​បានដឹងថា គ្រប់​ប្រជាជាតិ​មាន​ការយោគយល់ ចំពោះ​ការទាមទា​ឯករាជ្យ និង​ចំពោះ​ព្រឹត្តិការណ៍​នៅ​កម្ពុជា ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​យាង​ត្រឡប់មក​មាតុភូមិ​របស់​ព្រះអង្គ​វិញ ហើយ​បាន​យាង​ទៅ​គង់​នៅ​តំបន់​ស្វយ័ត ដែល​រួមមាន​ខេត្ត សៀមរាប បាត់ដំបង និង​កំពង់ធំ​។​

​ស្វយ័តភាព​ផ្នែក​យោធា នៃ​ខេត្ត​ទាំងនេះ ត្រូវបាន​ប្រគល់​ឱ្យ​កម្ពុជា ដោយ​មាន​ការទាមទារ​មួយ​របស់​ព្រះរាជា ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ​១៩៤៩ សម្រាប់​ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ និង​នៅ​ឆ្នាំ​១៩៥២ សម្រាប់​ខេត្ត​បាត់ដំបង ។​

​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​បាន​ប្រកាសថា ព្រះអង្គ​នឹង​ចូល​រាជធានី​វិញ នៅពេល​ណា​បារាំង ព្រម​ផ្ទេរ​មក​ឱ្យ​ប្រទេស​កម្ពុជា​វិញ នូវ​កេតន​ភ័ណ្ឌ​ចុងក្រោយ នៃ​ឯករាជ្យ​។​

​ដើម្បី​គាំពារ​នូវ​ព្រះរាជ​បូជនីយកិច្ច​នេះ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​បាន​បង្កើត​កងកម្លាំង​ជីវ​ពល និង នារី​ក្លាហាន ដែល​ក្រោយមក​មាន​តួនាទី​យ៉ាង​ធំធេង​។​
​លោក ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួល​បន្ទុក​រ៉ាប់រង​ការពារ​តំបន់​ស្វយ័ត​របស់​ព្រះរាជា​។​

១១៖ ការចរចារ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ការណែនាំ​ពី​ព្រះរាជា និង​ក្រោម​ការដឹកនាំ​របស់​លោក ប៉ែន នុត បាន​សម្រេច​ជោគជ័យ​ទាំងស្រុង​។​

​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​១៩៥៣ មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​អំណាច​តុលាការ​។ ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​១៩៥៣ មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​សមត្ថកិច្ច​របស់​ន​គ​របាល នៅ​ចុងបញ្ចប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ មា​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​អធិបតេយ្យ​ខាង​យោធា​របស់​ប្រជារាស្ត្រ​ខ្មែរ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នានេះ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្ដូរ​លិខិត​រវាង​រដ្ឋាភិបាល​បារាំង និង​រាជរដ្ឋាភិបាល (​ចម្លើយ​របស់​រដ្ឋាភិបាល​បារាំង ចំពោះ​កំណត់​មួយ​របស់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​១៩៥៣) ដែល​ប្រគល់​ដោយ​អគ្គស្នងការ​របស់​សាធារណរដ្ឋ​បារាំង​លេខ ៣៩៣​អ៊ែ ចុះ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​១៩៥៣ លិខិត​ទទួល និង​ភាពត្រឹមត្រូវ​លើ​ការអនុវត្តន៍​កិច្ចព្រមព្រៀង ដូច​មានចែង​នៅក្នុង​កំណត់​មួយ​សម្រាប់​រាជរដ្ឋាភិបាល​ដែល​ប្រគល់​ជូន​អគ្គស្នងការ​នៃ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៥៣ ក្រោម​លេខ ៦៧ ប៉េ​.​សេ​.​អឹម​.​អេស​.​អឹម​។​

១២៖ នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ស្ដេច​បាន​យាង​ចូលមក​ក្នុង​រាជធានី​ភ្នំពេញ​វិញ​។ លើ​ចម្ងាយ​ផ្លូវ ៣០០​គ​.​ម ដែល​ព្រះអង្គ​ធ្វើដំណើរ​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ក្ដី​រំជួលចិត្ត បាន​ធ្វើឱ្យ​ព្រះអង្គ​ទទួល​នូវ​ជោគជ័យ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។

​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន សន្និសីទ​ក្រុង ហ្សឺ​ណែវ មាន​ធ្វើ​ពិធី​មួយ​នៅ​មុខ​ព្រះបរមរាជវាំង ដែល​ឧទ្ទិស​ចំពោះ​ការដកថយ នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ ឡង់​ក្លាត បានប្រគល់​យ៉ាង​មហោឡារិក​នូវ​អំណាច​បញ្ជាការ​របស់​ខ្លួន​ថ្វាយ​ព្រះរាជា​។​

​កងទ័ព និង​អគ្គសេនាធិការ​របស់​ប្រទេស​បារាំង​បាន​ដកថយ​ពី​ព្រះរាជា​ជាន​ចក្រ​កម្ពុជា​។ ឯករាជ្យ​របស់​ខ្មែរ​បាន​ក្លាយជា​ឯករាជ្យ​អចិន្ត្រៃយ៍ និង​ទាំងស្រុង​។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវបាន​បញ្ចប់​។​

​ពពក​ខ្មៅ​ចុងក្រោយ​ដែល​បិតបាំ​មិត្តភាព​កម្ពុជា​-​បារាំង បាន​រលាយ​សាបសូន្យ​ទាំងស្រុង បន្ទាប់​ពី​ការទទួលស្គាល់​ទាំងស្រុង​ពី​បារាំង នៅ​ខែ​ធ្នូ ឆ្នាំ​១៩៥៤ លើ​អធិបតេយ្យ​តាំង​មូល​របស់​ប្រទេស​កម្ពុជា លើ​វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​

​គណៈប្រតិភូ​ខ្មែរ ដែល​បញ្ជូន​ទៅ​ក្រុងប៉ារីស ដោយ​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ដើម្បី​ស្នើ​ឱ្យ​បារាំង​ទទួលស្គាល់​ជា​ផ្លូវការ គឺ​ដឹកនាំ​ដោយ​លោក ចាន់ ណាក បន្ទាប់​ពី​លោក​បាន​ទទួលមរណៈភាព​នៅ​ទីក្រុង​ប៉ារីស​នោះ គណៈប្រតិភូ​ខ្មែរ​ត្រូវបាន​ដឹកនាំ​ដោយ​លោក ញឹក ជូ​ឡុង និង​ចុងក្រោយបង្អស់ ដឹកនាំ​ដោយ​លោក អូ ឈីន ដែល​នៅ​ពេល​នោះ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ចូលរួម​អមដោយ​លោក សឺ​ន សាន ។​

១៣៖ នៅ​ខែ​កក្កដា ឆ្នាំ​១៩៥៤ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ ហ្សឺ​ណែវ ប្រព្រឹត្តិ​ទៅ​ដោយ​រួមបញ្ចូល​គូបដិបក្ស ដែល​មាន​វិវាទ​នៅ​ឥណ្ឌូចិន​។​

​នៅ​សន្និសីទ​ក្រុង​ហ្សឺ​ណែ​វ ព្រះមហាក្សត្រ​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ទេព ផន នៅពេលនោះ​ជា​រដ្ឋមន្ត្រី​ការបរទេស និង​លោក ញឹក ជូ​ឡុង លោក នង គី​មនី លោក សឺ​ន សាន ដែល​ក្រោម​ការណែនាំ​ពី​ព្រះមហាក្សត្រ​បានដឹងថា សន្និសីទ​ប្រកាស​ដក​ទ័ព​របស់​ប្រទេសជិតខាង​មួយ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រទេស​កម្ពុជា​ចេញ​ពី​សន្និសីទ ហ្សឺ​ណែវ នេះ «​កក្កដា​-១៩៥៤» ដោយ​គ្មាន​អ្វី​ខូតខាត​ទាំង​អស់​។ ផ្ទុយ​ពី​ប្រទេស​ឡាវ និង​វៀតណាម ព្រះរាជា​ចក្រ​កម្ពុជា អាច​ជៀសវាង​ការបែងចែក​ទឹកដី​។​

១៤៖ ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ យ៉ាងតិច​៣​ឆ្នាំ ទើប​អាចបំពេញ​នូវ​កិច្ចសន្យា​របស់​ព្រះអង្គ​ចំពោះ ប្រជារាស្ត្រ​។ ប្រជារាស្ត្រ​ខ្មែរ បាន​ថ្វាយ​ព្រះ​ឋានៈ​ចំពោះ​ព្រះអង្គ​ថា «​ជា​ព្រះបិតា​ឯករាជ្យ​ជាតិ​» ហើ​សំណូមព​ររបស់ តំណាងរាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​ជាតិ រាជរដ្ឋាភិបាល​បាន​លើ​ព្រះអង្គ​ជា «​វីរៈបុរស​ជាតិ​» ស្រប​តាម​ព្រះ​មហា កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!