ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវ​ឱ្យ​មន្ត្រីនគរបាល និង​យោធា​សូម​កុំ​នៅ​ពីក្រោយ​បទល្មើស​គេច​ពន្ធ​ចូល​រាជធានី​ភ្នំពេញ​

នា​រសៀល​ថ្ងៃ​អាទិត្យ ១១​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា​នឹង​លុបបំបាត់​គ្រប់​រូបភាព​នៃ​បទល្មើស​សេដ្ឋកិច្ច​ដែល​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​មន្ត្រីនគរបាល និង​យោធា​នៅ​ពីក្រោយ ហើយ​ក៏​សុំឱ្យ​អាជីវករ​គ្រប់​ប្រភេទ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការគោរព​ច្បាប់​ចរាច​រណ៍ មិន​ដឹក​លើស​ទម្ងន់ ព្រមទាំង​បង់ពន្ធ​ត្រឹមត្រូវ​ចូល​រដ្ឋ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បាន​លើកឡើង​ថា ” ខ្ញុំ​សុំឱ្យ​មន្ត្រីនគរបាល ឬក៏​យោធា មេត្តា​កុំ​នៅ​ពីក្រោយ​ខ្នង ឬក៏​កាង​បទល្មើស​សេដ្ឋកិច្ច​ឡើយ​។ ដោយ​មាន​ការតាមដាន​ព័ត៌មាន ខ្ញុំ​បាន​ដឹងថា ក្នុង​មួយ​ថ្ងៃៗ​មាន​ការដឹក​ទំនិញគេចពន្ធ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​រាប់រយ​គ្រឿង​ដោយ​ឈ្មួញ​ផ្សេងៗ​គ្នា​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​នគរបាល និង​យោធា ដើម្បី​បិទបាំង​ទង្វើ​គេចពន្ធ​ទាំងនោះ​”​។

​ឯកឧត្តម ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមទៀតថា “​ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​នឹង​សហប្រតិបត្តិការ​ជាមួយ​សាខាគយ​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​គយ​ចល័ត ព្រមទាំង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បង្ក្រាប​រាល់​បទល្មើស​សេដ្ឋកិច្ច​ដែល​គេចពន្ធ ហើយ​សកម្មភាព​នេះ​នឹង​ជួយ​បង្កើន​ចំណូល​ពន្ធ​ចូល​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​កើនឡើង​ដែល​ជា​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ទាំងមូល​”​។​

​ឧត្តមសេនីយ៍ឯក ស ថេត បាន​បន្ថែមទៀតថា ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ក៏​នឹង​ចាត់វិធានការ​ផងដែរ ដូច្នេះ​ឈ្មួល​ធំៗ​ទាំងឡាយ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ត្រឹមត្រូវ​។​

​ឯកឧត្តម ស ថេត ក៏​នឹង​អនុវត្ត​អភិក្រម ៥​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមានៈ ១-​ឆ្លុះ​កញ្ចក់​, ២-​ងូតទឹក​, ៣-​ដុស​ក្អែល​, ៤-​ព្យាបាល និង ៥-​វះកាត់ ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!