រដ្ឋបាល​ខេត្ត​ព្រះសីហនុ ៖ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រានចោល​ជាផ្លូវ​ការ ចំពោះ​រូបភាព​នារីងូតទឹក​សមុទ្រ​អាក្រាត​កាយ គឺ​មិនមែន​នៅកម្ពុជា​នោះឡើយ..!

(ព្រះសីហនុ) នៅព្រឹកថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្តព្រះ​សីហនុ បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន​​ជាផ្លូវ​ការ ជូន​ដល់ សាធារណ​ជន និង​អ្នកសារព័ត៌មាន ដោយ​ច្រានចោល​ទាំងស្រុង​ចំពោះការ​បង្ហោះ​រូបភាពនារី​អាក្រាត​កាយដើរឆ្នេរ និង​ងូតទឹកសមុទ្រ លេងកម្សាន្ដ មិនមែនជាករណីកើតឡើង នៅឆ្នេរក្នុងខេត្តព្រះសីហនុនោះឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះមាន​បណ្ដាញសង្គមហ្វេសប៊ុក​បានបង្ហោះរូបភាពនារីអាក្រាតកាយដើរលើ ឆ្នេរ និងងូតទឹកសមុទ្រលេងកម្សាន្ដ ដោយមហាជនច្រើនកុះករ នៅទីនោះ លើកឡើងថា ស្ថិតនៅឆ្នេរក្នុងខេត្ដព្រះសីហនុ ដូច្នេះបញ្ហានេះ រដ្ឋបាលខេត្តបានចាត់ការស្រាវជ្រាវ ជាលទ្ធផល ពិនិត្យឃើញថារូបភាពនេះ មិនស្ថិតនៅឆ្នេរក្នុងខេត្តព្រះសីហនុនោះឡើយ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះរូបភាពនារីងូតទឹក​សមុទ្រ​អាក្រាតកាយ ដែលត្រូវ​បានបង្ហោះ និងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកនោះ គឺមិនមែននៅកម្ពុជាឡើយ ដូច្នេះ​សូមសាធារណជនទាំងអស់កុំមានការភ័ន្តច្រឡំតទៅទៀត។

ឯកឧត្តម យន្ត​ មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា​ ករណីខាងលើនេះ បានធ្វើឡើងដោយសារតែរូបភាពនារីងូតទឹកសមុទ្រ អាក្រាតកាយ នៅតែបន្តបង្ហោះ និងចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក​រហូតមកដល់ពេលនេះ និងក៏នៅតែមានអ្នកខ្លះបន្តយល់ ច្រឡំជាករណីកើតឡើង នៅខេត្តព្រះសីហនុ ដូច្នេះឯកឧត្តម យន្ត​ មីន សូមប្រកាសជាផ្លូវការថា ក្រោយការស្រាវជ្រាវ និងសួរនាំគ្រប់ជ្រុង ជ្រោយ មកនោះ គឺរូបភាពទាំងនេះមិនមែនកើតឡើង ក្នុងទឹកសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជានោះទេ។

សូមបញ្ជាក់ថា ពេល​ថ្មីៗនេះ មានការចែកចាយតៗគ្នា​ជាច្រើន នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងរូបថតប៉ុន្មានសន្លឹក បង្ហាញពីនារីអាក្រាតកាយលេងទឹកសមុទ្រ ដែលគេថា នៅប្រទេសវៀតណាម និងជានារីជនជាតិចិន បានបង្កឲ្យមានការរិះគន់ និងយល់ច្រឡំជាខ្លាំង ដោយថាកើតឡើងនៅខេត្តព្រះសីហនុ។

ក្រោយទទួលបានព័ត៌មានច្បាស់ការ និងមានរូបភាពជាច្រើនទៀតបញ្ជាក់ថា រូបភាពនេះ មិនមែនកើតឡើងនៅខេត្តព្រះសីហនុរួចមក ឯកឧត្តម យន្ត មីន បានក៏បង្ហាញនូវភាពហួសចិត្ត ​ក៏ដូចជា ការអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ​បញ្ចប់ការចែកចាយ និងសរសេថា កើតឡើងនៅខេត្តព្រះសីហនុតទៅទៀត។

ឯកឧត្តម យន្ត​ មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ព័តមានថា​ ការបង្ហោះតាម Facebook ផ្លូវការររបស់ ឯកឧត្តម យ៉ាងដូចច្នេះថា «បងប្អូន​ដែលព្យាយាមបង្ហោះរឿងអាក្រក់ៗ របស់ខេត្តព្រះសីហនុ ថ្ងៃនេះ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសុំបងប្អូនមេត្តាគិតពីប្រយោជន៍ រួមជាធំ។ រឿងអាក្រក់នេះកើតនៅគេសោះ បងប្អូនខ្លះបែរជាថា នៅខេត្តព្រះសីហនុវិញ និងមានរឿងបែបនេះច្រើនទៀត។ អ្នកដទៃ ឈ្នានីសយើង វាជារឿងធម្មតា តែបងប្អូនមេត្តាកុំឈ្នានីសជាតិឯង កុំឈ្នានីសខេត្តយើង សង្គមយើងអី ត្បិតខេត្តនេះ​ សង្គមនេះ ក៏ជាចំណែករបស់បងប្អូនដែរ។ គួរពុំគួរសូមបងប្អូនមេត្តាអភ័យទោស»។

ឆ្លើយតបទៅនឹងបញ្ហាទាំង លោកបានស្នើសុំប្រជាពលរដ្ឋផ្ទាល់គួរមានទំនុកចិត្ត ចំពោះអាជ្ញាធរ​ដោយទុកឱកាសឲ្យអាជ្ញាធរដោះស្រាយ លើបញ្ហាដោយក្នុងនោះ លោកបានបញ្ជាក់ថា រាល់ការ​សម្រេចនានា គឺអាជ្ញាធរមានទំនួលខុសត្រូវ ដោយមានការថ្លឹងថ្លែងយ៉ាងប្រុង ប្រយ័ត្នបំផុត ដើម្បីជាប្រយោជន៍រួម សម្រាប់សង្គមជាតិទាំងមូល ៕​

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!