រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ លោក លី ជី​ជា អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀមរាប  បានឲ្យដឹងថា នៅពេល​ខាងមុខ​នេះ រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២ គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប សម្រាប់​កិច្ចការ​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង​សៀមរាប​ផង និង  ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន ប្រកប​ដោយ​ផាសុខភាព​ខ្ពស់​ផង ។​

​លោក លី ជី​ជា បានឲ្យដឹង​ទៀតរ​ថា  សៀមរាប ជា​ខេត្ត​ដែល​មាន​សក្តានុពល​ដ៏​សំខាន់​លើ​វិស័យ​ទេសចរណ៍ សម្បូរ​ទៅ ដោយ​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ ជា​ខេត្ត​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ បាន​ក្លាយជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក  ព្រមទាំង​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទី​ភ្នាក់ ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការបញ្ជាក់​ថា ពិភពលោក​នៅ​តែ​សាទរ​ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ និង ជា​ក្រុង​ប្រវត្តិសាស្ត្រ  ដែល​បាន​ទទួល​ជ័យលាភី ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០១៨.២០២០  ។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍ថា ក្នុងនាម អាជ្ញាធរ​ខេត្ត​សៀមរាប សូម​ថ្លែង​នូវ​អំណរគុណ ចំពោះ​រដ្ឋាភិបាល​ចិន  ដែល​បាន​ខិតខំ​ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ក្រុង និង លើកកម្ពស់​ផា​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​តាមរយៈ​នៃ​ការផ្តល់​នូវ​រថយន្ត​បោសសម្អាត​តាម​ដងផ្លូវ និង លាង​សម្អាត​ផ្លូវ​ក្នុង​ក្រុង​នេះ គឺជា​ការចូលរួម​កាត់​បន្ថយ​នូវ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ព្រមទាំង​ធ្វើឲ្យ​ដងផ្លូ​វនានា​ក្នុងក្រុង គ្មាន​ធូលី​ដី​ហុយ​៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!