​ស្ពានឈើ​ដែលជា​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន នៅ​ឃុំ​ស្ទឹង​កែវ ត្រូវ​ធ្វើ​ពិធី​សម្ពោធ​ឱ្យ​ដំណើរការ​នៅ​ព្រឹក​នេះ​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៤​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពានឈើ​ស្ទឹង​កែវ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតក្នុង​ភូមិ​អន្លង់​ម៉ាក់​ប្រាង្គ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព​ជំនាញ​នានា មន្ត្រីរាជការ​សាលាខេត្ត ស្រុក ឃុំ​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ សរុប​ប្រមាណ​១៥០០​នាក់ ។

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​វិសេសវិសាល​នេះ លោក​ប្រធាន បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​ទឹកឈូ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​នូវ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ កាលៈទេសៈ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​ណាមួយ​ឡើយ​។​

​ជាមួយនឹង​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ក្នុង​រយៈពេល​កន្លងមក​នេះ​ពិតជា​មិន​អាច​កាត់ផ្តាច់​ចេញ​ពី​កត្តា​សុខ​សន្តិភាព​បាន​ឡើយ ព្រោះ​ប្រសិនបើ​ប្រទេសជាតិ​មាន​សង្គ្រាម យើង​មិន​អាច​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​រីកចម្រើន​ដូច​បច្ចុប្បន្ន​នេះ​បានទេ ពិសេស​ក៏​មិន​អាច​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ស្ពាន​នេះ​បានដែរ​។ សន្តិភាព​ដែល​យើង​កំពុង​មាន​នាពេលនេះ គឺ​បានមកពី​ការលះបង់​អាយុជីវិត​របស់​អ្នកស្នេហាជាតិ ពិសេស សម្តេច​តេជោ ហ៊ុន សែន គឺជា​ស្ថាបនិក​សន្តិភាព ដូច្នេះ​សូម​បងប្អូន​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​មួយ​នេះ ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​។​

​សូមជម្រាបថា ស្ពានឈើ​ប្រវែង​៨០​ម៉ែត្រ​គុណ​៣​ម៉ែត្រ​គឺ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ផ្តល់​ថវិកា​តាមរយៈ​រដ្ឋ​បាល​ខេត្ត​កំពត​ចំនួន ៦៥​លាន​រៀល សម្រាប់​ដំណើរការ​សាងសង់​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!