​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អញ្ជើញ​អធិបតី ប្រកាស​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពត​

ខេត្ត​កំពត ៖ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា​ឆ្នាំ​២០១៨ បាន​ធ្វើ​ពិធី ប្រកាស​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពត ក្រោម​អធិបតីភាព​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​មាន​ការចូលរួម​ជា​កិត្តយសពី​សំណាក់ លោក លោកស្រី ជា​សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្ត​កំពត​។

​យោង​តាម​សេចក្ដីសម្រេច​លេខ​៦៨៦/១៨​សស​.​គក​ចុះ​ថ្ងៃទី​០៤​ខែតុលា​ឆ្នាំ​២០១៨ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ស្ដីពី​ការចាត់តាំង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពត គឺ ត្រូវ​បាន​សម្រេច​ចាត់តាំង​លោក ប៉ែន ស៊ីម៉ន អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់ កណ្ដាល ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពត ជំនួស ឯកឧត្តម នៃ ប៉េ​ណា ដែល​បាន​ទទួល មណៈ​ភាព​។​

​នៅក្នុង​អង្គពិធី​នេះ​បន្ទាប់ពី​លោក ជាវ តា​យ សមាជិក គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ខេត្ត​កំពត​បាន​ធ្វើ​របាយ​ការណ៍​ស្វាគមន៍​អំពី​វឌ្ឍនៈភាព​នៃ​សភាពការណ៍​ទូទៅ​និង​ការងារ​គណបក្ស និង លោក ប៉ែន ស៊ីម៉ន​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពត ដែល​ទើបបាន​ចាត់តាំង​ថ្មី​មាន​ចំណាប់អារម្មណ៍​ប្ដេជ្ញាចិត្ត​ខិតខំ​បន្ត​ដឹកនាំ​ជួយ​ខេត្ត​កំពត​អោយបាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​រួចមក​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិន្ត្រៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​បញ្ជាក់​ថា​៖​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ការដឹកនាំ​ប្រទេសជាតិ គឺ​តែងតែ​បាន​យកចិត្តទុកដាក់ ជម្រុញ​លើក​កម្ពស់​ផ្អែកលើ​គោលការណ៍​ច្បាប់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ​។
​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​ក៏​បន្ត​គូសបញ្ជាក់​ទៀត​ថា​៖ ការចាត់តាំង​មន្ត្រី​គណបក្ស​នីមួយៗ ពិសេស​ការចាត់តាំង​ឯកឧត្តម​ប៉ែន ស៊ីម៉ន​ឱ្យទទួល​ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​ចុះជួយ​ខេត្ត​កំពត​នាពេលនេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​របប​ការងារ​របស់​ខ្លួន​មួយ​ច្បាស់លាស់ ហើយ​ការចាត់តាំង​នេះដែរ ក៏​បាន​ផ្អែក​តាម​សំណូមពរ​ចាំបាច់​របស់​ថ្នាក់ក្រោម​ផងដែរ​។ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ក៏​បាន​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​ឯកឧត្តម ប៉ែន ស៊ីម៉ន ដែល​ទើប​ចាត់តាំង​ជា​ប្រធាន​ក្រុមការងារ​ថ្មី​ចុះជួយ​ខេត្ត​កំពត​នាពេលនេះ​គឺ​ពិតជា​បាន​បន្ត​ខិតខំ​ជម្នះ​រាល់​ការងារ​ថ្មីៗ​ទាំងអស់​បន្ថែមទៀត​ដើម្បី​សម្រេច​ការងារ ដែល​គណៈ​អចិន្ត្រៃយ៍​គណ​បក្ស​ប្រគល់ជូន​ប្រកបដោយ​ជោគជ័យ​ដោយ​មិន​អោយ​គណៈអចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​កណ្ដាល​គណបក្សអ​ស់ភាព​ជំជឿ​ទុកចិត្ត​ឡើយ​។​

​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ ដល់​សមាជិក សមាជិកា ក្រុមការងារ​ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត ថ្នាក់ស្រុក ក្រុង​និង​គណបក្ស​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​របស់​ខេត្ត​កំពត​ទាំងមូល សូម​រួម​សាមគ្គី​គ្នា​ជា​ធ្លង់​មួយ​ជុំវិញ​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ថ្មី​ដើម្បី​បន្ត​អភិវឌ្ឍន៍​ខេត្ត​កំពត​អោយបាន​កាន់តែ​មាន​ការ​រីកចម្រើន​ឆាប់រហ័ស​បន្ថែមទៀត​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​យើង​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!