​លោក កែ​ន សត្ថា​៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រុម​អ្នក​ទេសចរណ៍​ចូល​មក​លម្ហែ កម្សាន្ត​នៅ​ខេត្ត​កែប ប្រមាណ ៨ ម៉ឺន​នាក់​

ខេត្ត​កែប ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃនេះ ភ្ញៀវទេសចរ ជាតិ​-​អន្តរជាតិ បាន​សម្រុក​មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ខេត្ត​កែប​របស់​យើង​មាន​កំណើន​លើស​ឆ្នាំមុន​គឺ​ប្រមាណ​៨​ម៉ឺន​នាក់​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​ឆ្លង​រូបភាព​រថយន្ត​ក្បួន​ដង្ហែ​ព្យុហយាត្រា ខួប​លើក​ទី​៤០​នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា នា​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កែប ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទូទាំង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​អាជ្ញាធរ​ក្រុង​-​ស្រុក ផងដែរ​។​

​លោក​កែន សត្ថា អភិបាលខេត្ត ក៏បាន​លើកឡើង​បន្ថែម ដោយ​ជំរុញ​ដល់​មន្ទីរ​សាមី​ទាំងអស់​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ទៅលើ​ផ្នែក រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​នៅតាម​ភូមិសាស្ត្រ​នានា​ក្នង​តំបន់​ទេសចរណ៍​ឆ្នេរ​កែប នា​ឱកាស​បុណ្យ​ជាតិ​ផ្សេងៗ ដូចជា​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​ឆ្លង​ឆ្នាំ​សកល បុណ្យជាតិ​៧​មករា និង​ពិធី​ចូលឆ្នាំ ប្រពៃណី​ជាតិ​ខ្មែរ​ជា​ដើម ធ្វើ​បែប​នេះ​គឺ​ដើម្បី​ធានា​សុត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ដែល​បាន​ចូល​មក​ទស្សនា សម្រាក ល​ម្ហែ កម្សាន្ត​នៅ​ខេត្ត​ទេសចរណ៍​របស់​យើង​។​លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​ដល់​ម​ហា​ជន ព្រម​ទាំង​ភ្ញៀវទេសចរ មន្ទីរ​អង្គភាព​ជំនាញ​ទាំងអស់​ត្រូវ​សហការ​រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ រាល់​បញ្ហា​ប្រឈម​ទាំងឡាយណា​ដែល​យើង​ត្រូវ​ដោះស្រាយ ដូច​ជា​កន្លែង​លក់ដូរ​របស់​ក្រុម​អាជីវករ​ត្រូវ​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​សម្រាប់​ទទួល​បដិ​សណ្ឋារ​កិច្ច​ជូន​ភ្ញៀវ​។​

​ជាមួយនឹង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃនេះ លោក​អភិបាលខេត្ត​បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ការកើនឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់ គឺ​មាន​ភ្ញៀវ​មក​ទស្សនា ល​ម្ហែ កម្សាន្ត​រហូតដល់​ទៅ ៧៨.៣០៧​នាក់​ឯណោះ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!