​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

(​ខេត្ត​កែប​)៖ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មិន​ប្រុងប្រយ័ត្ន​ធ្វើឱ្យ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដែល​បើកបរ​ស្របគ្នា​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​១១​ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ខាង​លិចមុខ​សាលាខេត្ត​កែប ក្នុងភូមិ​កែប សង្កាត់​កែប ក្រុង​-​ខេត្ត​កែប លើ​ដងផ្លូវ​ជាតិ​33A​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ក្រុងកែប​បានឱ្យដឹងថា បុរស​រងគ្រោះ​មាន​ឈ្មោះ កែម ប៊ុន​ឌី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ស្ថិតក្នុង​ភូមិ សង្កាត់​ខាង​លើ ដោយ​មុនពេល​ជួប​គ្រោះថ្នាក់​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​C100​កូរ៉េ ពាក់​ស្លាក​លេខ តាកែវ 1M-6835 នៅ​ពីក្រោយ​រថយន្ត​មិន​ស្គាល់​ភិនភាគ​មួយគ្រឿង លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​បាន​បង្កើន​ល្បឿន​ទៅ​មុខ​បាត់​ស្រមោល​ឈឹង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​ភ្លាមៗ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​បុរសរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។​

​បច្ចុប្បន្ន​សព​បុរសរ​ង​គ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​នៅឯ​លំនៅដ្ឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!