​លោក ជាវ តា​យ​ចុះ​ចែក​ស្រូវពូជ​ប្រពល​រដ្ឋ​ក្រោយពី​ទទួលរង​ផលប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​ចំនួន​៣​នៃ​ស្រុក ទឹកឈូ​ខេត្តកំពត​

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​០៤​ខែតុលា ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ដោយ​បាន​នាំយក​នូវ​ពូជ​ស្រូវ​និង​បន្លែ​ចែកជូន​ប្រជាពលរដ្ឋ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​នៅក្នុង​ស្រុក​ទឹកឈូ​ខេត្តកំពត​។

​លោក​ចាន់ រិទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត បានឱ្យដឹងថា​៖ ខេត្ត​កំពត​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​ខែ​កន្លងទៅ​ដែល បណ្ដាល​ធ្វើឱ្យ​មាន​ការប៉ះពាល់​និង​ខូចខាត​ទាំងស្រុង​ដល់​ស្រូវ​សន្ទូង​និង​ស្រូវពង្រោះ​មាន​ចំនួន​២​លើក​នៅក្នុង​ស្រុក​មួយចំនួន​នៃ​ខេត្ត​កំពត គឺ​ក្នុង​នោះ​មាន​ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ ស្រុក​ទឹកឈូ ស្រុក​អង្គរជ័យ និង បន្ទាយមាស​។ ដោយឡែក​សម្រាប់​ស្រុក​ទឹកឈូ ដែល​បាន​នាំយក​ពូជ​ស្រូវ​និង​ពូជ​បន្លែ​ចែក​ដល់​ដៃ​ប្រជាកសិករ​ពេលនេះ មាន​ចំនួន​៣​ឃុំ ស្មើ​១៩​ភូមិ ធ្វើអោយ​មាន​ផលប៉ះពាល់​លើ​ផ្ទៃដី​ចំនួន​៨៥០​ហិច​តា និង​ផ្ទៃ​ដី​ខូចខាត​ទាំងស្រុង​ចំនួន​ជាង​១៣៣​ហិច​តា​ស្មើនឹង​៥៦៥​គ្រួសារ​។

​រីឯ​ពូជស្រូវ​និង​ពូជ​បន្លែ​ដែល​នាំមក​ចែក​ជូន​ប្រជាកសិករ​ពេលនេះ​ជា​អំ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ចំនួន​ជាង​១៣​តោន​សម្រាប់​ផ្ទៃដី​មួយ​ហិច​តា​ប្រើ​ពូជស្រូវ​១០០​គីឡូក្រាម  និង​ពូជ​ដំណាំ​បន្លែ​ពីរ​ប្រភេទ​ទៀត​គឺ​គ្រាប់​សណ្តែកកួរ និង​គ្រាប់​ត្រសក់​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា បច្ចុប្បន្ន​ធម្មជាតិ​មាន​ការប្រែប្រួល​បង្ក​ឱ្យ​កើតឡើង​គ្រោះអាក្រក់​ជា​បន្តបន្ទាប់​។ ជាក់ស្តែង ឆ្នាំនេះ ខេត្ត​កំពត​ទទួលរង​នូវ​ការ​ធ្លាក់ភ្លៀង​ឥតឈប់ឈរ​ធ្វើឱ្យ​កសិករ​រង​ការខូចខាត​ផលដំណាំ​ដោយសារ​ជំនន់​ទឹកភ្លៀង​ម្តង​ហើយ​ម្តងទៀត​។ លោក​អភិបាលខេត្ត​បាន​បន្តថា ទោះបី​បែប​នេះ​ក្តី រដ្ឋបាល​ខេត្ត​កំពត​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ទុក្ខលំបាក​របស់​បងប្អូន​ឡើយ​។ ផ្តើមចេញ​ពី​ការគិតគូរ​នូវ​ផល​ប៉ះពាល់​ទាំងនេះ រដ្ឋបាល​ខេត្ត​បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​ក្នុង​ការស្នើ​សុំ​ពូជស្រូវ​ពី​ក្រសួង​សាមី​របស់​ខ្លួន​សម្រាប់​យកមក​ចែក​ជូន​បងប្អូន​ដើម្បី​សាបព្រោះ​បន្ត​សម្រាប់​ឆ្នាំក្រោយ​ទៀត​។

​លោក ជាវ តា​យ បាន​ក្រើនរំលឹក​ថា ជា​ការកត់សម្គាល់ ទឹកដី​នៃ​ភូមិសាស្ត្រ​ក្នុង​ស្រុក​ទឹកឈូ​ទាំងមូល​មិន​អាច​ធ្វើ​ស្រូវ​ឱ្យ បាន​ពីរ ឬ​បី​រដូវ​ដូច​នៅ​ស្រុក​ផ្សេង​ទេ​។​ដូច្នេះ គួរ​បងប្អូន​កសិករ​បង្វែ​ពី​ការធ្វើ​ស្រូវ​ចាប់យក​ការ​ដាំ​ដំណាំ​ដែល​អាច​រក​ប្រាក់ចំណូល​ច្រើន​ជាង​នេះ​ទើប​ល្អ​ប្រសើរ​សម្រាប់​ជីវភាព​គ្រួសារ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!