​បច្ចុប្បន្ន​សំរាម​និង​កាកសំណល់​គឺជា​បញ្ហា​ប្រឈម​មួយ ដែល​អាជ្ញាធរ​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​បំផុត​

ខេត្ត​កែប ៖ សំរាម​និង​កាកសំណល់​គ្រប់​ប្រភេទ បច្ចុប្បន្ន​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក ខណៈ​ដែល​មហាជន​បាន​ចាត់ទុក​ជា​បញ្ហា​ប្រឈម​មួយ​គួរតែ​អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ អាជីវករ និង​ភ្ញៀវទេសចរ ដែល​មក​លម្ហែ​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍​របស់​យើង​។​

ផ្តើមចេញ​ពី​ភាព​អសកម្ម​ជាច្រើន​ទាក់ទង​នឹង​ករណី​ការ​បោះចោល​សំរាម​និង​កាក​សំណល់​នៅតាម​ទីសាធារណៈ ឬ​មាត់​ឆ្នេរ​សម្រាប់​លម្ហែ កម្សាន្ត កន្លងមក បើ​ទោះជា​អាជ្ញាធរ​ក្នុង​តំបន់ បាន​និង​កំពុង​ជំរុញ​ដល់​មហាជន​គ្រប់​ស្រទាប់ ទាំង​ភ្ញៀវទេសចរ ព្រមទាំង​អាជីវករ​ឲ្យ​យល់​ជ្រួ​ប​ជ្រាប​ពី​កត្តា​អនាម័យ​បែបណា​ក្តី ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់ឃើញ​អ្នក​ដែល​រស់នៅ​តាម​តំបន់​ខាងលើ ហាក់​យល់ដឹង​មាន​កម្រិត​នៅឡើយ​។​ម្លោះ​ហើយ​ការ​យក​សំរាម ឬ​កាកសំណល់​ផ្សេងៗ​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ទីសាធារណៈ​ក៏​ដូច​ជា​ការ​បោះចោល​ក្នុង​ទឹកសមុទ្រ និង​តាម​ចិញ្ចើម​ផ្លូវ​បាននិងកំពុង​កើតមាន​ជា​ហូរហែរ​មិន​ថា​នៅ​តាម​ទីប្រជំុ​ជន​ឬ​ទីជនបទ​ឡើយ​។​ម្យ៉ាងទៀត បើ​តាម​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​ថា ការ​យក​សំរាម និង​កាក​សំណល់​បោះចោល​ក្នុង​ទឹកសមុទ្រ​បែបនេះ ជួនកាល​អាចជា​ក្រុមអាជីវករ ដោយ​ករណី​នេះ​គឺ​ច្រើន​កើតមាន​នៅពេល​យប់​ស្ងាត់ ខណៈ​អ្នកគ្រប់គ្រង ឬ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​បាន​ព​និត្យ​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​។​

​យ៉ាងណាមិញ​សំណល់​សំរាម​ដែល​អណ្តែត​កកកុញ​ពាសពេញ​នៅ​ចំណុច​មាត់​ឆ្នេរ ផ្សារ​ក្តាម​នាពេលនេះ បើ​តាម​ការលើកឡើង​ពី​ក្រុម​អនាម័យ និង​មន្ត្រី​សាលាក្រុង​កែប ដែល​កំពុង​នាំ​គ្នា​សម្អាត ធ្វើ​អនាម័យ កាលពី​ថ្ងៃ​ទី​០៣​ខែតុលា ឆ្នាំ​២០១៨​បាន​ផ្តោត​ទៅលើ​ក្រុមអាជីវករ និង​សំរាម​មួយ​ផ្នែក​ទៀត​បាន​រសាត់​តាម​រលក​មកពី​លម្ហ​សមុទ្រ​។​ទោះជា​បែបណា​សំរាម និង​កាក​សំណល់​ភាគច្រើន​ជា​ស្នោរ​និង​ប្លា​ស្ទិក​ទាំងនោះ ត្រូវបាន​ក្រុមការងារ​របស់​សាលាក្រុង​កែប សស្រាក់សស្រាំ​នាំគ្នា​ចុះទៅ​ប្រមូល​រួចរាល់​ហើយ​។​

​ជាមួយនឹង​គំនរ​សំរាម​និង​កាក​សំណល់ ដែល​កើតមាន​នៅ​តាម​មាត់​ឆ្នេរ​ផ្សារ​ក្តាម​ដូចខាងលើ ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​សំដែង​ការរិះគន់​មក​លើ​អាជ្ញាធរ​ក្រុង​កែប ថា​ហាក់​ពុំ​បាន​ទប់ស្កាត់​ឱ្យមាន​ភាព​សី​ុ​ជម្រៅ ពោល​គឺ​មាន​ការធ្វេសប្រហែស​។​

​ទន្ទឹម​នឹង​ករណី​សំរាម និង​កាក​សំណល់​បន្សល់​នៅ​តាម​មាត់​ឆ្នេរ​ផ្សារ​ក្តាម​នៃ​តំបន់​លម្ហែ​ក្រុងកែប​នេះ​ដែរ អាជ្ញាធរ​ក្រុង ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ អាជីវករ អ្នកទេសចរ​ទាំងឡាយ សូម​ចូលរួម​សហការ​រក្សា​អនាម័យ សម្អាត​បរិស្ថាន​ទាំងអស់គ្នា ដើម្បី​ទីក្រុង​ស្អាត​របស់​យើង​គ្មាន​ប្លា​ស្ទិក គ្មាន​សំរាម ហើយ​កត្តា​បែបនេះ​គឺ​ផ្តើម​ដោយ​យើង​ទាំងអស់គ្នា​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!