លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​ស្វាយរៀង ក្តោប​អំណាច​ពេញដៃ​តែម្នាក់ឯង​

​ខេត្ត​ស្វាយរៀង ៖ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​នាំចូល​បង់ពន្ធ និង​ក្រុម​ដឹក​ទំនិញ​វិនិយោគ​នាំចេញ​-​នាំ​ចូល​ក៏​ដូចជា ក្រុម​ឈ្មួញ​រកស៊ី​បង់ពន្ធ​នាំចូល​មិន​គ្រប់​ជាដើម​…​បាន​ខ្លាចរអា និង​ស្អប់ខ្ពើប​យ៉ាងខ្លាំង​ចំពោះ​ទង្វើ  ចង់​ក្លាយជា​បុគ្គល​ពុករលួយ ទុក​អោយ​អនុប្រធាន​សាខា​៣​រូប អត់​ការងារ​ធ្វើ មិន​អោយ​អនុវត្ត​តាម​ផែន​ដែល​ខ្លួន​បាន​បែងចែក​អោយ​ទទួលខុសត្រូវ គឺ​លោក ខៀវ សារឿ​ន យក​ការងារ​របស់​អនុសាខា​ទាំង​៣​រូប ទៅ​អោយ​មន្ត្រី​គយ​ក្មេងៗ ថ្មីៗ ជា​មនុស្ស​រក​លុយ​អោយ​គាត់​ចាត់ចែង​ធ្វើ​ទាំងអស់​។ ដោយឡែក​អនុប្រធាន​សាខា គឺ​គ្មាន​សិទ្ធ​អនុវត្តតាម​តួនាទី​ភារកិច្ច​ដែល​បាន​បែងចែក​តាម​ផែន​នោះទេ​។​

​លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​ស្វាយរៀង ត្រូវបានគេទទួលស្គាល់​ថា​៖ មុន​គាត់​ចូលនិវត្តន៍ ត្រូវ​បង្កើត​គំនិត​ពុករលួយ តាមរយះ​គៀបសង្កត់​ឈ្មួញ​បង្ខំ​ឲ្យ​បង់ប្រាក់​សម្រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ខេត្ត​គាត់​គ្រប់គ្រង ដោយ​មិន​គិតពី ទំនិញ​បង់ពន្ធ​នាំចូល​ស្របច្បាប់ បង់ពន្ធ​នាំចូល​មិន​គ្រប់ ទំនិញ​លោតឆ័ត្រ​ជាដើម ។ ក្នុង​នោះ​សូម្បី​តែ​ទំនិញ​វិនិយោគ ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​ក៏ដោយ ក៏​លោក ខៀវ សារឿ​ន តម្រូវឲ្យ​បង់​លុយ និង​ធ្វើបាប​អាជីវករ ដែល​ដឹក​ផ្លែឈើ​គ្រាន់​រក​ស៊ី រក​អង្ករ​ច្រក​ឆ្នាំង​នោះ​ជា​ដើម យ៉ាងធ្ងន់ធ្ងរ​។​

​តាមរយៈ​អំពើ​ពុករលួយ​នេះ លោក ខៀវ សារឿ​ន ហ៊ាន​ទាំង​ប្រព្រឹត្ត​បំពាន​ច្បាប់​ផ្ទុយ​ពី​ការណែនាំ របស់​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។​

​ក្រុម​ឈ្មួញ​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា​៖ លោក ខៀវ សារឿ​ន តម្រូវ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ដោយ​មិន​គិត បង់ពន្ធ​នាំចូល​គ្រប់​, ឬ​មិន​គ្រប់ បង្កប់​ទំនិញ​នាំចូល​បង់ពន្ធ​ខ្ពស់​ក៏​មិន​គិត ទំនិញ​រសើប​លោតឆ័ត្រ​, មិន​បង់ពន្ធ​ទាំងអស់​ក៏​មិន​គិត​, សំខាន់​ត្រូវ​បង់​ក្បាល​រថយន្ត ក្នុង​១​រថយន្ត​ចំនួន​២៥០​ដុល្លារ​ទៅ​៣០០​ដុល្លារ និង​មិន​គិត​ពី​ការបង់ប្រាក់​ប្រចាំខែ សម្រាប់​ឈ្មួញ ឬ​ក្រុមហ៊ុន​មួយចំនួនទៀត ដែល​ដឹក​ទំនិញ​ឆ្លងកាត់​ខេត្ត​ស្វាយរៀង ។ ដោយឡែក​ចំពោះ​រថយន្ត​ដឹក​ទំនិញ​វិនិយោគ ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ ក៏​លោក ខៀវ សារឿ​ន បានកំណត់​ឲ្យ​បង់​ក្នុង​១​រថយន្ត​២​ម៉ឺន​រៀល​សម្រាប់​ថ្លៃ​បាយ ក្នុងនោះ​មាន​មួយថ្ងៃៗ​រាប់រយ​គ្រឿង ។ ក្រុម​ឈ្មួញ​បាន​បន្តថា​៖ បើ​និយាយ​អំពី​រថយន្ត​ទេសចរណ៍ រថយន្តក្រុង​ដឹក​អ្នកដំណើរ គ្រប់​ក្រុមហ៊ុន​គឺ​បង្កប់​ទំនិញគេចពន្ធ ដោយ​មិន​អាច​ប្រកែក​បាន​យ៉ាងពិត ប្រាកដ​គឺ​១០០​ភាគរយ ។ ដូច្នេះ រាល់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បង្កប់​ទំនិញ​គេច​ពន្ធ​នេះ ក៏​ត្រូវ​បង់​ក្បាល​រថយន្ត ជូន​លោក ខៀវ សារឿ​ន តាម​ការទាមទា​រដែរ ។ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា ក្នុង​១​រថយន្ត​តម្លៃ​ប៉ុន្មាន​? គ្រាន់​តែ​ក្រុមហ៊ុន​ដឹក​ទំនិញ​ខ្លះ លួច​បង្ហើប​ថា​៖​គ្រាន់តែ​រថយន្តក្រុង​១​គ្រឿង​ក៏​១​ខែ ត្រូវ​បង់ប្រាក់​សម្រាប់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​សរុប​ជាង​១​ម៉ឺន​ដុល្លារ ។ ខ​ណះ​រថយន្តក្រុ​ងទាំង​របស់​ខ្មែរ និង​រថយន្តក្រុង​របស់​វៀតណាម សុទ្ធតែ​បាន​លួច​បង្កប់​ដឹក​ទំនិញ​គេច​ពន្ធ និង​ជា​ប្រភេទ​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់​។ នេះ​មិន​ទាន់​គិត​ពី​ទំនិញ​អេឡិចត្រូនិច ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់ តែ​បង់ពន្ធ​ជា​ទំនិញ​ផ្សេង និង​មិន​គ្រប់​ចំនួន​ជា​ដើម​ផង​។​

​លោក ខៀវ សារឿ​ន ក្រៅពី​ធ្វើ​កិច្ចការ​ក្នុង​តួនាទី ភារកិច្ច គៀបសង្កត់​ឈ្មួញ គាត់​ក៏ មាន​ចេតនា​ទុច្ចរិត បំបាត់​ពន្ធ​រដ្ឋ ដើម្បី​បំពេញ​តម្រូវការ​ផលប្រយោជន៍​ឆ្នាំងបាយ​បុគ្គល​ខ្លួនឯង និង​បក្ខពួក ក៏ដូចជា​រក​ចំណូល​ក្រោម​តុ ដោយ​អំពើ​គៀបសង្កត់​ឈ្មួញ​សម្រាប់ តម្រូវការ​ថ្នាក់លើ​ផងដែរ ។ ក្នុងនោះ​គេ​ទទួលស្គាល់​ថា ក្នុង​១​ខែៗ លោក ខៀវ សារឿ​ន រក​ចំណូល​ដោយ​អំពើ​ពុករលួយ​របៀប​ប្រើ​ទម្លាប់​ខុសពី​ច្បាប់​គយ​បាន​រាប់ម៉ឺន រាប់សែន​ដុល្លារ ។ អ្វី​ដែល​ឈ្មួញ​តូចតាច​កំពុង​ធុញ ទ្រាន់​និង ស្អប់​បំផុត​នោះ ត្រង់​ថា លោក ខៀវ សារឿ​ន បាន​ពង្រាយ​មនុស្ស​ឲ្យ​ចាំ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​បន្តិច បន្តួច សម្រាប់​ដោះស្រាយ​ជីវភាព​ផ្ទាល់ខ្លួន តាម​ច្រក​ទ្វេភាគី ច្រករបៀង ដោយ​គាត់​ខ្វះ​មន្ត្រី​គយ លោក ខៀវ សារឿ​ន បាន​ឲ្យ​កូន​អ្នកស្រុក ដែល​ពួកខ្លួន​ទុកចិត្ត​បន្លំ​ស្លៀក​ឯកសណ្ឋាន​ជា​គយ តាម​ច្រករបៀង ដើម្បី​យក​លុយ​ពី ប្រជាពលរដ្ឋ​ដឹក​ឥ​វ៉ាន់ ។ កន្លង​ទៅ​ត្រូវបាន​គេ​រាយការណ៍​មក​ថា លោក ខៀវ សារឿ​ន បាន​ឲ្យ​ជន​ស៊ីវិល​ស្លៀក​ឯកសណ្ឋាន​គយ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដឹកទំនិញ មាន​ដូចជា​នៅ​ច្រករបៀង ខ្សែ​ដែក , ច្រក​ដូង , ច្រកថ្នា​ធ្នង់ , ច្រក​តាំងយូ , ច្រក​តា​អី និង​ច្រក​ជាង​១០​កន្លែង​ទៀត​។ ក្នុងនោះ​ជាក់ស្តែង​នៅ​ច្រក​ទ្វេរ​ភាគី​បុស​មន គឺ​តា​លីន មេ​គយ​ច្រក​បុស​មន បាន​ប្រើ​ឈ្មោះ​ផល ជា​ជន​សុីវិល ត្រូវជា​កូនខ្មោច​តា​ម៉ៅ រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង អោយ​ស្លៀក​ឯកសណ្ឋាន​គយ របៀប​ជា​ខោ​គយ ហើយ​យក​អាវធំ​ពណ៍​ខ្មៅ​ពាក់​ពីលើ​អាវ​គយ​បន្លំៗ ជា​មន្ត្រី​គយ​ចាំ​យក​លុយ​ពី​ច្រករបៀង​តា​អី​,​ច្រកថ្នា​ធ្នង់ ,​ច្រក​បុស​តូច ,​ច្រក​បុស​មន ,​ច្រក​ដូង ហើយ​នៅ​ច្រក​បុស​មន ក៏​មាន​ជន​សុីវិល​២​នាក់​ផ្សេង​ទៀត​ធ្វើការ​របៀប​នេះ​ឋិត​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​តា​លីន ចាំ​យក​លុយ​ពី​ឈ្មួញ ប្រជាជន​ដឹកទំនិញ​។ មានន័យ​ថា បើ​មន្ត្រី​គយ​របស់លោក ខៀវ សារឿ​ន បី​ទៅ​បួន​នាក់ គឺ​គាត់​បាន​ពង្រាយ​យក​ជន​ស៊ីវិល ទៅ​បន្លំ​ឲ្យ​ស្លៀក​ឯកសណ្ឋាន​គយ ចាំ​យក​លុយ​បាន​ជាង​១០ ច្រករបៀង ។ ឈ្មួញ​បាន​លើកឡើង​ថា លោក ខៀវ សារឿ​ន ខួរក្បាល​ពោ​ពេញ​ទៅដោយ​គំនិត​សេដ្ឋកិច្ច ប៉ុន្តែ​ជា​ចេនា​ទុច្ចរិត​បំបាត់​ពន្ធរ​ដ្ឋ ដែល​ថ្នាក់លើ​គួរ​ដាក់​ភាព​សង្ស័យ​ឲ្យបាន​ច្រើន ជាង​ការទទួល​សំណូក​ពី​បុគ្គល​រូបនេះ ហើយ​ធ្វើឲ្យ​ទិដ្ឋភាព​អនុវត្ត​ច្បាប់​របស់​មេ​គយ​រូបនេះ ប៉ះពាល់​ដល់​សង្គម​ប្រជាធិបតេយ្យ នៃ​ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់ ។​

​គេ​បាន​រំឭកថា បើ​រថយន្តក្រុង​ដឹក​ទំនិញ​គេច​ពន្ធ​ភាគច្រើន​ជា​ប្រភេទ​គ្រឿង​អេឡិចត្រូនិច គ្រឿង​ម៉ាស៊ីន ប្រេង​ម៉ាស៊ីន ភេសជ្ជៈ ស្រា​បៀរ​ដែល​មាន​តម្លៃ​បង់ពន្ធ​នាំចូល​ខ្ពស់​។​ល​។ ត្រូវបាន​បង់​ប្រចាំ​ខែ​ឲ្យ​លោក ខៀវ សារឿ​ន មេ​គយ​រូបនេះ ក្នុង​១​ខែៗ​រាប់​ម៉ឺន​ដុល្លារ គ្រប់​ក្រុមហ៊ុន ។ ផ្ទុយទៅវិញ បើ​មិន​បាន​ផ្តល់​ដំណឹង ឬ​មិន​មក​ពឹងពាក់ អាស្រ័យ​ចរចារ​មុន​ទេ កុំថាឡើយ​ទំនិញ​អត់​ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ទាំង​ទំនិញ​វិនិយោគ ទាំង​ទំនិញ​នាំចូល​ស្របច្បាប់​គឺ លោក ខៀវ សារឿ​ន ប្រើប្រាស់​មន្ត្រី​របស់​ខ្លួន​ឲ្យទៅ​អុកឡុក​រំខាន ក្នុង​គោលបំណង​គោះ​ទឹក​បង្អើរ​ត្រី ដើម្បី​រត់​មក ជួបចរចា​បង់លុយ​ប្រចាំ​ក្បាល​រថយន្ត និង​ប្រចាំខែ ។​

​អាជីវករ​ដឹក​ផ្លែឈើ​បាន​លើកឡើង​ថា ទាំង​លោក ខៀវ សារឿ​ន ទាំង​មន្ត្រី​គយ​ចល័ត​របស់គាត់ បាន​គៀបសង្កត់ និង​ធ្វើបាប​ពួកគាត់ ណាស់ ជួន​យក​តម្លៃ​ទាប ជួន​យក​តម្លៃ​ខ្ពស់ ឬ​កាក់​ឡាន​ទុក​សិន ធ្វើឲ្យ​ពួក​គាត់​ភ័យខ្លាច​ផ្លែ​ឈើ​ទុក​យូរ​ខូចគុណភាព ម្ល៉ោះហើយ​បង្ខំចិត្ត​អោយ​លុយ​ខ្ពស់​លើស​ពី​ធម្មតា ដើម្បី​មានឱកាស​យក​រថយន្ត​ដឹក​ផ្លែឈើ​ចេញ​ពី​ទីតាំង​គយ​ចល័ត​លើ​ផ្លូវជាតិ​លេខ​១ របស់លោក ខៀវ សារឿ​ន​។​

​ផ្ទៃក្នុង​បាន​ទម្លាយ​ថា​៖ លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ស្វាយរៀង បាន​ប្រើ​អំណាច​ផ្តាច់ការ ប្រមូល​លុយ​ដោយ​សម្រុក​ពី​ឈ្មួញ មុន​ខ្លួន​ត្រូវ​ចូល​និវត្តន៍ ក្នុងនោះ​ការងារ​ដែល​បែង​តាម​ផែន​អោយ​អនុប្រធាន​សាខា​៣​រូប ទទួលបន្ទុក​ធ្វើការ បែរជា​មាន​តែ​តួនាទី ភារកិច្ច លើ​ក្រដាស ផ្ទុយ​ទៅ​វិញ​ការងារ​ជាក់ស្តែង​គឺ​លោក ខៀវ សារឿ​ន អោយ​ក្មេងៗ​មន្ត្រី​គយ​ថ្មី​ធ្វើ​ទាំងអស់ ងាយស្រួល​បង្វិល លាក់លៀម​នៃ​អំពើពុករលួយ​។​

​គេ​បញ្ជាក់ថា​៖ របៀប​រក​លុយ​នៅ​សាខា គឺ​លោក ខៀវ សារឿ​ន ប្រើ​មន្ត្រី​គយ​ក្មេងៗ ទើប​មក​ធ្វើការ​ថ្មី​ជា​អ្នកចាត់ចែង ដើរ​តាម​បន្ទាត់​គាត់​ណែនាំ ។ ដោយឡែក​រក​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ​លើ​ផ្លូវជាតិ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​លោតឆ័ត្រ គឺ​លោក ខៀវ សារឿ​ន ប្រើ​មន្ត្រី​គយ​ក្មេងៗ​ដែរ តែ​ជា​មន្ត្រី​គយ​មក​ធ្វើការ​មុន មន្ត្រី​គយ​ក្មេងៗ​នៅ​សាខា ក្នុង​នោះ​ដូចជា​ក្រុម​គយ​ចល័ត​ជាដើម​។​

​បញ្ហា​ទាំងនេះ គេ​មាន​ជំនឿ​ថា​៖ ថ្នាក់លើ សំដៅទៅ លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា អាច​ទទួល​ប្រយោជន៍​ដែរ ទើប​លោក ខៀវ សារឿ​ន ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ហ៊ាន​ដឹកនាំ​ការងារ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ថ្នាក់លើ ដូច​ជា​ទទួល​សំណូក​ពី​ទំនិញ​ក្លែង​ភេទ ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ជាមួយ​ក្រុមហ៊ុន អោយ​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់ មក​បង់ពន្ធ​ទាប​ជា​ប្រភេទ​ទំនិញ​ខុសពី​ប្រតិវេទន៍​គយ ហើយ​បង់ពន្ធ​មិន​គ្រប់​ចំនួន​ទៀត​។​

​ពាក់ព័ន្ធ​ករណី​រិះគន់​ខាងលើនេះ អង្គភាព​យើងខ្ញុំ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​ពី លោក ខៀវ សារឿ​ន ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​ស្វាយរៀង នៅ​រសៀល​ថ្ងៃ ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 1340 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!