យើង​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​ជីវិត​របស់​យើង គឺ​មិនមែន​ពាក់​ព្រោះតែ​ខ្លាច​ប៉ូលិស​ផាកពិន័យ​នោះទេ​

ខេត្ត​កែប ៖ ការ​ដែល​យើង​នាំគ្នា​ពាក់មួក​សុវត្ថិភាព​គឺ​ដើម្បី​ការពារ​ជីវិត​របស់​ខ្លួនឯង ដាច់ខាត​មិន​មែន​ពាក់​ដោយសារ​ខ្លាច​ប៉ូលិស​ផាកពិន័យ​នោះទេ លុយកាក់​អាច​រក​ពេល​ណា​ក៏​បាន ប៉ុន្តែ​ជីវិត​មិន​អាច​ទិញ​ដូរ​បាន​ឡើយ​។​

​ការលើកឡើង​នេះ ជាការ​ទូន្មាន​របស់ លោក ព្រំ គន្ធិ អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​ការផ្សព្វផ្សាយ ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការបំពាក់​មួកសុវត្ថិភាព​ជូន​ដល់​អ្នកដំណើរ នា​ព្រឹក​ថ្ងៃទី​០៣​ខែតុលា ឆ្នាំ​២០១៨ នៅ​ទីប្រជុំជន​ផ្សារ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប សហការ​ជាមួយ​នគរបាល​ចរាចរណ៍​។​

​លោក ព្រំ គន្ធិ បាន​បញ្ជាក់ទៀតថា ជាទូទៅ​ការធ្វើដំណើរ​តាម​មធ្យោបាយ​នានា​នៅលើ​ដងផ្លូវ​ប្រាកដ​ណាស់​រមែង​ជួប​បញ្ហា​ដែល​យើង​មិន​នឹកស្មាន​ដល់ ដូច្នេះ​អ្នកដំណើរ​គ្រប់​រូប​ត្រូវ​តែ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ពិសេស​យានយន្ត​ប្រភេទ​ម៉ូតូ ត្រូវតែ​ប្រើ​មួកសុវត្ថិភាព ហើយ​ពេល​បើក​បរកុំ​សេព​គ្រឿង​ស្រវឹង កុំ​ប្រើ​ទូរស័ព្ទ​នៅពេល​កំពុង​បើកបរ​ម៉ូតូ​។​លោក​បាន​បញ្ជាក់​ផងដែរ អំពី​កត្តា​ជាច្រើន​ដែល​ផ្តើម​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ព្រោះតែ​ការបើកបរ​មិន​គោរព​ច្បាប់ ការបើកបរ​មិន​យោគយល់​គ្នា ការបើកបរ​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ពិសេស​ការបើកបរ​ក្នុង​ល្បឿន​ហួស​កម្រិត ពិត​ជា​ករណី​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លួនឯង​ផង​និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ផងដែរ​។​

​សូម​ជម្រាប​បន្ថែមថា បើ​តាម​មតិ​ផ្តាំផ្ញើ របស់លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​លើកឡើង​ថា ការ​បើកបរ​ដោយ​គោរព​ច្បាប់ មិន​ត្រឹមតែ​ជួយ​ជីវិត​ខ្លួនឯង​នោះ​ទេ ថែមទាំង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត​ផង ហើយ​ការ​ពាក់មួក​សុវត្ថិភាព​ក៏​ដូច្នោះ​ដែរ​គឺ​ពាក់​ដើម្បី​ការពារ​ជីវិត​របស់​យើង មិនមែន​ពាក់​គ្រាន់​តែ​ខ្លាច​សមត្ថកិច្ច​នោះទេ និយាយ​ឱ្យ​ចំ​គឺ​គ្មាន​អ្នកណា​អាច​ជួយ​យើង ដូច​យើង​ចេះ​ការពារ​ខ្លួនឯង​ឡើយ​។​ជាមួយគ្នានេះ លោក​ម៉ម ទូច ក៏​សូម​ដាស់តឿន​ដល់​បងប្អូន​អ្នកដំណើរ​ទាំង​រថយន្ត​ក្តី ឬ​ម៉ូតូ​ក្តី សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​នៅពេល​បើក​បរកុំ​ពិសារ​គ្រឿង​ស្រវឹង កុំ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សម្លេង​។​អ្នកបើកបរ​មិន​ត្រូវ​បើកបរ​ទន្ទឹម​គ្នា​នៅលើ​ទ្រូងផ្លូវ ឬ​គន្លង​ផ្លូវ​តែ​មួយ​ឡើយ ហើយ​យានយន្ត​ដែល​បើកបរ​នៅ​ក្នុង​ទីប្រជុំជន​ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ត្រឹម ៣០ ឬ​៤០ គ​.​ម​/​ម៉ោង​ប៉ុណ្ណោះ​។​

​លោក ម៉ម ទូច ក៏​បាន​ជំរុញ​ដល់​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​ចូលរួម​គោរព​នូវ​បទ​ប្បញ្ញ​តិ្ត​សំខាន់ៗ​នៃ​អនុក្រឹត្យ និង​លក្ខខណ្ឌ​សម្រាប់​បើកបរ​យានជំនិះ​នៅតាម​ផ្លូវ​ថ្នល់ ដោយ​តម្រូវឱ្យ​អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​ស្រប​ទៅតាម​ផ្លាកសញ្ញា​កំណត់​ល្បឿន អតិបរមា​នៅតាម​ដងផ្លូវ​នានា​ដែល​មាន​ស្រាប់​នៅ​ទីនោះ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!