​ម៉ូតូ​ទំនើប​ម៉ាក​សេ​១២៥​ឆ្នាំ​២០១៨​ពីរ​គ្រឿង​ត្រូវ​ក្រុមចោរ​កាច់​សោរ​ជិះ​យក​ទៅ​បាត់​ទាំង​ព្រឹក ខណៈ​ម្ចាស់​ម៉ូតូ​ជាប់រវល់​ចូល​កាន់បិណ្ឌ​នៅ​វត្ត​ព្រៃ​តា​កុយ​

(​ខេត្ត​កែប​)៖ នេះ​ជា​ករណី​ចោរកម្ម​ដែល​ធ្វើឱ្យ​សមត្ថកិច្ច​ឈឺក្បាល​វិលមុខ ខណៈ​ម៉ូតូ​របស់​ពលរដ្ឋ​ចំនួន​ពីរ​គ្រឿង​ដែល​ចត​ទុក​ក្នុង​បរិវេណ​វត្ត ត្រូវ​ក្រុមចោរ​ចូល​ទៅ​បន្លំ​កាច់​សោរ ក ជិះ​យក​ទៅ​បាត់​ទាំង​ព្រឹក ដោយ​គ្មាន​រំខាន​ដល់​ប៉ូលិស​បន្តិច​ឡើយ​។​

​ហេតុការណ៍​ឆោឡោ​រឿង​បាត់​ម៉ូតូ​ម៉ាក​ទំនើប​ពីរ​គ្រឿង​ខាងលើ បាន​កើតឡើង​នៅក្នុង​វត្ត​ព្រៃ​តា​កុយ ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​។​

​តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា មុនពេល​មាន​ករណី​ចោរ​កម្មនេះ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវបាន​ម្ចាស់​ជិះ​ចូល​មក​ឈប់​ចត​ក្នុង​បរិវេណ​វត្ត​ព្រៃ​តា​កុយ ដើម្បី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៨​។​លុះ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​រួចហើយ ស្រាប់តែ​ម៉ូតូ​ត្រូវ​ចោរ​កាច់​សោរ​យក​ទៅ​បាត់​ទាំង​ពីរ​គ្រឿង​តែ​ម្តង​។​ប្រភព​បាន​បន្តថា មុន​នេះ​បន្តិច​គេ​ឃើញ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ចូល​ទៅ​ក្បែរ​កន្លែង​ចត​ម៉ូតូ​នោះដែរ ប៉ុន្តែ​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ទេ លុះ​បាត់​ម៉ូតូ​ទើប​នាំគ្នា​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ទាក់ទិន​នឹង​ករណី​បាត់​ម៉ូតូ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ម៉ូតូ​ទាំង​ពីរ​គ្រឿង​សុទ្ធតែ​សេរី​ទំនើប ម៉ាក​ហុងដា​ផលិត​ក្នុង​ឆ្នាំ​២០១៨​ដូចគ្នា​។​ម៉ូតូ​ទី​១​ម៉ាក​C125 សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កែប 1B-5593 ម្ចាស់​ឈ្មោះ ម៉ៅ គី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ម៉ូតូ​ទី​២ ម៉ាក​C125 ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កែប 1B-2138 ម្ចាស់​ម៉ូតូ​ឈ្មោះ សឹង មុន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ  ខេត្ត​កែប​។​

​ក្រោយពី​មាន​ករណី​បាត់​ម៉ូតូ​ពីរ​គ្រឿង​ទាំង​ព្រឹក​នៅ​ក្នុង​បរិវេណ​វត្ត​ព្រៃ​តា​កុយ ភ្លាម​នោះ​គេ​ឃើញ​សមត្ថកិច្ច​បាន​និង​កំពុង​ដុតដៃ​ដុតជើង តាម​ប្រមាញ់​គ្រប់​ច្រកល្ហក​ដើម្បី​វែកមុខ​ក្រុមចោរ​លួច​នេះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ប្បាប់​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!